Monday, January 31, 2011

ក្រុម​ស្នូល​អាវ​លឿង​ជួប​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត

ភ្នំពេញ ៖ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ ក្រុម​ស្នូល​អាវ​លឿង រួម​ជាមួយ​នឹង​សមាគម​អ្នក​កាសែត​ថៃ​១​ក្រុម និង​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ផង​នោះ បាន​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ជា​សំណើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ ត្រូវ​បាន​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយ​ថា សំណុំ​រឿង នេះ​វា​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ដែល​កំពុង​ដំណើរ​ការ​ក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ។
នៅ​ក្នុង​ជំនួប​នេះ​ដែរ ឥស្សរជន​សំខាន់​ៗ​របស់​ក្រុម​អាវ​លឿង រួម​នឹង​អ្នក​ច្បាប់ និង​អ្នក​អង្គ ម្ចាស់​ផង​នោះ បាន​សុំ​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រប​សម្រួល​ឲ្យ​ វីរៈ ស៊ុមខ្វាមឃីត បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ឆើ្លយ​តប​ទៅ​វិញ​ថា នេះ ជា​ផ្លូវ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​របស់​តុលាការ​បាន​ទេ។

ក្រោយ​ពី​មាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ អ្នក​អង្គ​ម្ចាស់​បាន​លើក​ឡើង​ទៀត​ថា រឿង​ព្រំ​ដែន​ជា​រឿង​យូរ​អង្វែង​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ប្រាប់​ទៅ​ក្រុម​ស្នូល​អាវ​លឿង​ទាំង​នោះ​ថា សូម​កុំ​ឲ្យ​វីរៈ​​ស៊ុមខ្វាមឃីត យក​តុលាការ​កម្ពុជា​ជា​ឈ្នាន់​នយោបាយ​សម្រាប់​ពួក​គេ។
ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជួន​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​លើក​យក​សំណុំ​រឿង​វីរៈ ស៊ុមខ្វាមឃីត មក​បើក​សវនាការ​ជំនុំ​ជម្រះ ក្ដី ពាក់​ព័ន្ធ​នឹង​ករណី​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ប្រមូល​ព័ត៌មាន​ជា​ទម្រង់​ចារ​កម្ម​យោធា៕
ឫទ្ធី

No comments:

Post a Comment