ឧត្តរមានជ័យ ៖ ពួកទាហានសៀមចំនួន២នាក់ចូលមកទឹកដីកម្ពុជាជួញដូរថ្នាំញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជាំចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងខណៈពេលដែលកំពុងធ្វើការចែកចាយ។
ហេតុការណ៍ដែលសមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងនិងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជាំចាប់ឃាត់ខ្លួនទាហានថៃ២នាក់ជួញដូរគ្រឿងញៀនបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១១នៅចំណុចច្រកជាំក្នុងទឹកដីកម្ពុជាស្ថិតនៅក្នុង ភូមិលើភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ុយ សេង អធិការនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាករណីក្នុងការចាប់ខ្លួនទាហានជនជាតិថៃទាំង២នាក់នេះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជាថ្នាំញៀនគ្រាប់យ៉ាម៉ាពណ៌ផ្កាឈូកចំនួន២៧គ្រាប់និងប្រាក់ចំនួន១១៧២បាត ទូរស័ព្ទដៃម៉ាកណូគារចំនួន២គ្រឿងបារីចំនួន៥សុងទៀតផង។
ទាហានជនជាតិថៃនោះទី១ឈ្មោះ ថាលើនសាក់ខែនតាប់ ភេទប្រុសអាយុ២១ឆ្នាំរស់នៅ ភូមិស្រែប្រី ឃុំផៃផាត់ថះណា ស្រុកភូសិង ខេត្តស៊ីសះកេតប្រទេសថៃមុខរបរជាទាហានកាតព្វកិច្ចកងកម្លាំងសុរះណារី(ប៉ារ៉ា)ប្រចាំនៅស្រែប្រី ទី២ឈ្មោះ ភីនិតប៊ុនមី ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិឃុំស្រុកខេត្តខាងលើមុខរបរជាទាហានដូចគ្នា។
លោកបន្តថាករណីនេះអធិការនគរបាលស្រុកអន្លង់វែងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនជនជាតិថៃទាំង២នាក់និងវត្ថុតាងខាងលើទៅតុលាការដំបូងខេត្តសៀមរាបដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ចាន់ ធី
No comments:
Post a Comment