១១ ក្រុមស្នូលអាវលឿង រួមជាមួយនឹងសមាគមអ្នកកាសែតថៃ១ក្រុម និងអ្នកអង្គម្ចាស់មួយអង្គផងនោះ បានជួបលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីលើកជាសំណើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែ ត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយថា សំណុំរឿង នេះវាស្ថិតនៅក្នុងដៃតុលាការ។ រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងស្ថាប័នឯករាជ្យមួយនេះ ដែលកំពុងដំណើរការក្ដីមិនទាន់ចប់នៅឡើយ។
នៅក្នុងជំនួបនេះដែរ ឥស្សរជនសំខាន់ៗរបស់ក្រុមអាវលឿង រួមនឹងអ្នកច្បាប់ និងអ្នកអង្គ ម្ចាស់ផងនោះ បានសុំលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្របសម្រួលឲ្យ វីរៈ ស៊ុមខ្វាមឃីត បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប៉ុន្តែលោករដ្ឋមន្ត្រីឆើ្លយតបទៅវិញថា នេះ ជាផ្លូវច្បាប់រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងសំណុំរឿងរបស់តុលាការបានទេ។
ក្រោយពីមានការធានាឲ្យនៅក្រៅឃុំ អ្នកអង្គម្ចាស់បានលើកឡើងទៀតថា រឿងព្រំដែនជារឿងយូរអង្វែងសុំកុំឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនពួកគាត់ពាក់ព័ន្ធនឹងបញ្ហានយោបាយ។ លោករដ្ឋមន្រ្តីបញ្ជាក់ប្រាប់ទៅក្រុមស្នូលអាវលឿងទាំងនោះថា សូមកុំឲ្យវីរៈស៊ុមខ្វាមឃីត យកតុលាការកម្ពុជាជាឈ្នាន់នយោបាយសម្រាប់ពួកគេ។
ការស្នើសុំឲ្យដោះលែង វីរៈ ស៊ុមខ្វាមឃីត ឲ្យបាននៅក្រៅឃុំនេះ គឺជួនពេលដែលសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងលើកយកសំណុំរឿងវីរៈ ស៊ុមខ្វាមឃីត មកបើកសវនាការជំនុំជម្រះ ក្ដី ពាក់ព័ន្ធនឹងករណីចូលក្នុងតំបន់យោធាកម្ពុជាដោយគ្មានការអនុញ្ញាត អន្តោប្រវេសន៍ខុសច្បាប់ និងប្រមូលព័ត៌មានជាទម្រង់ចារកម្មយោធា៕
ឫទ្ធី
No comments:
Post a Comment