Monday, January 31, 2011

សម្តេចតេជោទទួល​ជួប​ជាមួយ​ក្រុមហ៊ុន​ជីលីនគ្រុប​របស់​ប្រទេស​ចិន

ភ្នំពេញ ៖ យោង​តាម​ជំនួយ​ការ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ថា នៅ​ពេល​អនុញ្ញត​ឱ្យ​ក្រុម​ហ៊ុន​ជីលីនគ្រុប​របស់​ប្រទេស​ចិន​ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​ភូមិ​គ្រឹះ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៩ មករា សម្តេច​តេជោ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គោល​បំណង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​សម្រាប់​ការ​សិក្សា​ផ្នែក​កសិកម្ម នៅ​កម្ពុជា ដោយ​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​របស់​កម្ពុជា​​។
លោក អ៊ាង សុផល្លែត ឱ្យ​ដឹង​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម ជាវិ​ស័យ​មួយ​ដែល បាន​​ជួយ​កម្ពុជា​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​ជួយ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​ពិភព​លោក នា​ពេល​កន្លង​មក​ហើយ​ថែម​ទាំង​បាន​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​ជាង ១% ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ។ សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន សភាព​ទន់​ខ្សោយ​ដែល​នេះ​ជា​សក្ដានុពល​សម្រាប់​អ្នក​វិនិយោគ ហើយ​ភាព​ទន់​ខ្សោយ​នេះ​គឺ​ជា​កង្វះ​ខាត​លើ​វិស័យ​ធារាសាស្ត្រ ដែល​ជា​កត្តា​សម្រាប់​ជម្រុញ​ការ​ដាំ​ដុះ​បង្កើន​ទិន្នផល​ស្រូវ​ ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ជីលីនគ្រុប​ពិចារណា​លើ​ការ​បណ្តាក់​ទុន​លើ​វិស័យ​កសិកម្ម​នេះ និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្នុង​ជំហាន​ដំបូង​វិនិយោគ​ទៅ​លើ​ការ​ប្រមូល​ទិញ និង កែឆ្នៃ​ស្រូវ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ ដែល​​នេះ​ជា​ការ​ចាំ​បាច់​នៅ​ពេល​បច្ចុប្បន្ន​ ។
លោក អ៊ាង សុផល្លែត ថ្លែង​ថា លោកYANG QING CAI អតីត​អភិបាល​ខេត្ត​ជីលីន ជា​ប្រធាន​ការិយាល័យ សម្របសម្រួល​អភិវឌ្ឍន៍​​កសិកម្ម​ខេត្ត​ជីលីន និង ជា​ប្រធាន​សមាគម​កសិកម្ម-ឧស្សាហកម្ម​ខេត្ត​បាន​ជំរាប​ជូន​សម្តេច​តេជោ​អំពី ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​សហការ​ជាមួយ​ភាគី​កម្ពុជា ជា​ពិសេស​លើ​បញ្ហា​ស្រូវ​តែម្តង ។ លោកYANG QING CAI ថ្លែង​ថា ក្រុមហ៊ុនជីលីនគ្រុប​ជា​ក្រុមហ៊ុន ដែល​មាន​ជំនាញ​ខាង​ទិញ ស្រូវ​សម្រាប់​កែច្នៃ​នាំ​ចេញ និង​មាន​បទ​ពិសោធន៍​ខាង​​វិស័យ​កសិកម្ម និង ផ្នែក​ធារា​សាស្ត្រផង​ដែរ ។
នៅ​ក្នុង​ជំនួប​នោះ លោកYANG QING CAI បាន​អះអាង​ថា​ក្រុមហ៊ុន​របស់​លោក​មាន​បំណង​ចង់​នាំ​មក​នូវ​បទ​ពិសោធន៍​ដែល​ប្រទេស​ចិន​បាន​ទទួល​រយៈពេល ៣០ ឆ្នាំ​កន្លង​មក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​លើ​វិស័យ​នេះ ។ នៅ​ក្នុង​ជំនួប​នោះ​លោកYANG QING CAI ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​អគារ​សិក្សា​លើ​វិស័យ​កសិកម្ម​នេះ​ផង​ដែរ៕
ស្នាយពល

No comments:

Post a Comment