ភ្នំពេញ: មន្ត្រីប៉ូលិសប៉ុស្ដិ៍សំរោងក្រោមម្នាក់ត្រូវមេបញ្ឈរជើង បន្ទាប់ពីមានពាក្យបណ្ដឹងពីមេភូមិប្ដឹងចោទប្រកាន់ថា យកកាំភ្លើងបាញ់គំរាមនៅមុខផ្ទះគាត់។ ប៉ុន្តែប្រជាជនដែលស្រឡាញ់មន្ត្រីប៉ូលិសអះអាងថា ការចោទប្រកាន់នេះផ្ទុយពីការពិត ហើយក៏នាំគ្នាជាង៥០នាក់ មកតវ៉ាកាលពីព្រឹកថ្ងៃទី៣១ មករានេះ សុំឲ្យលោកអធិការអនុញ្ញាតឲ្យលោក អាំ សំអាត បានចូលបម្រើការវិញ។
ក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី២៨ មករា ២០១១ ជូនលោកអធិការប៉ូលិសខណ្ឌដង្កោ ប្រជាជនក្នុងភូមិសុំឲ្យលោកអធិការបញ្ជូនលោក អាំ សំអាត ជាមន្ត្រី ប៉ូលិសប៉ុស្ដិ៍សំរោងក្រោម បានចូលបម្រើការងារនៅមូលដ្ឋានវិញ។ ប្រជាជនទាំងនោះបន្តថា លោកមេភូមិចំការស្បែង បានប្ដឹងចោទប្រកាន់លោក អាំ សំអាត ដោយបំផ្លើសខុសពីការពិត ហើយតាមពិតលោកមេភូមិពុំដែលបានជួយប្រជាជនដូចលោក អាំ សំអាត ឡើយ។ ពួកគាត់ត្រូវការលោក អាំ សំអាត មកបម្រើការងារនៅប៉ុស្ដិ៍សំរោងក្រោមវិញ ដើម្បីរក្សាការពារសន្តិសុខជូនពួកគាត់។
ជុំវិញករណីនេះ គេពុំទាន់ដឹងថា លោក ប៊ន សំអាត អធិការប៉ូលិសខណ្ឌដង្កោ សម្រេចចិត្តបែបណាចំពោះលោក អាំ សំអាត នោះ៕
ដោយ : សុពិសិដ្ឋ
No comments:
Post a Comment