Monday, January 31, 2011

សហព្រះរាជអាជ្ញា​​ជាតិ​-​អន្តរជាតិ​ជំទាស់​នឹង​ការដោះលែង​​អតីតមេ​ខ្មែរក្រហម​​ឱ្យ​ស្ថិត​នៅ​​​ក្រៅឃុំ


រាជធានីភ្នំពេញ ៖ សហព្រះរាជអាជ្ញា​​​​ជាតិ និង​អន្តរជាតិ ​បានស្នើ​​ទៅកាន់​​អង្គ​​សវនាការ​​សុំ​ឱ្យ​​រក្សាទុក​​​​ការឃុំ​ខ្លួន​​មេដឹកនាំ​​កំពូល​​ខ្មែរ​ក្រហម លោក​នួន ជា, ខៀវ សំផន និង​​អៀង ធីរិទ្ធ ឱ្យ​នៅ​​​ដដែល​ ​ហាមដោះ​​លែង​​ឱ្យស្ថិត​នៅក្រៅឃុំ​​ដាច់​ខាត ព្រោះ​វា​នឹងបង្ក​​ឱ្យ​មាន​​ហានិភ័យ​​សំរាប់​​​សវុត្ថិភាព​​ជន​ជាប់​ចោទទាំង​៣​​ក្នុង​ដំណើរការ​​​​សវនាការ​​​​មុនអង្គ​​សេចក្តី​របស់​សាលាក្តីខ្មែរ​ក្រហម​​​ កាលពី​វេលាម៉ោង​​១​និង​​៣០នាទី​​​រសៀល​ ថ្ងៃទី​​​៣១ មករា ២០១១ ដើម្បីជំនុំ​ជម្រះ​​ជា​សាធា​រណៈ​​លើ​​សំណុំ​រឿង​​០០២ ​​​​សុំ​នៅ​​ក្រៅ​របស់​​​មេដឹកនាំ​​កំពូល​ខ្មែរ​ក្រហម ។​
​លោកអេនឌ្រូ ខេលៃ សហព្រះ​រាជអាជ្ញា​​អន្តរជាតិ​​នៃសាលា​ក្តី​​ខ្មែរ​ក្រហម​​បានច្រាន​ចោល​​​​ការ​ស្នើសុំ​​របស់​សហ​មេធាវី​​ការពារ​ក្តីលោក​នួន ជា ​ដោយលើកឡើង​ថា ការបន្តឃុំ​ខ្លួន​លោក​នួន ជា ​គឺ​សហព្រះរាជអាជ្ញា​​យល់​ថា មិនប៉ះ​ពាល់​​​ដល់​សិទ្ធិ​​ជន​ជាប់ចោទ​​ឡើយ នេះបើ​​តាមយុត្តិ​សាស្ត្រ​​របស់​​តុលាការ​អន្តរជាតិ ។ ចំណែក​លោកស្រី​​ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ​​នៃ​សាលាក្តី​​ខ្មែរ​ក្រហម បានមាន​​ប្រសាសន៍​ថា ​​ការ​សំរេច​ឃុំ​​ខ្លួនអតីត​មេ​ខ្មែរក្រហម​​​ក្នុង​សំណុំ​រឿង​​​០០២ ចុះថ្ងៃទី​​១៣ មករា ​២០១១ របស់តុលា​ការ​​​នេះត្រូវ​​មានសុពលភាព​​រយៈ​ពេល​​​៤ខែ ​ដូច្នេះ​ការ​​បន្តឃុំខ្លួន​​លើ​មេ​ដឹកនាំ​​ខ្មែរ​ក្រហម​​នួន ជា, ខៀវ សំផន ​និង​អៀង ធីរិទ្ធ ​មិន​ខុស​នីតិ​វិធី​​ច្បាប់ទេ ។ ​
លោកស្រី​​​សហ​ព្រះរាជ​អាជ្ញា​​ពន្យល់​ថា ​បទ​ពិសោធន៍​​​ក្នុងតុលាការ​​អន្តរជាតិ​នានា​ក៏​​អនុវត្ត​​អញ្ចឹង​ដែរ ​បើទោះ​ជាមានការឃុំ​​ខ្លួនជន​​ជាប់​ចោទ​​ខុស​នីតិវិធី​​ក៏ដោយ ក៏​​ការ​ដោះស្រាយ​​សម​ស្រប​នោះគឺមិន​មែនដោះលែង​​ជនជាប់ចោទ​ទេ​ តែ​បើឃុំ​ខ្លួនពួកគេមិន​ត្រូវតាមច្បាប់​​នោះ​គឺនៅ​​ពេល​តុលាការរ​​សំរេចទោស​យ៉ាង​ណា​នោះ ​​​យើង​​​អាច​កាត់​កង​បន្ថយ​ទោស​ពួក​គេ​តាម​នោះ​បាន​វិញ ហើយ​ប្រសិន​បើ​តុលា​​ការសំរេច​ឱ្យ​​ពួក​គេ​រួច​​ទោស ឬ​​រួច​​ផុត​ពី​ការ​ចោទ​ប្រកាន់​វិញ​នោះ គេ​អាច​សង​សំណង​ហិរញ្ញ​​វត្ថុ​ជំនួស​ជា​ជាង​ទុក​ឱ្យ​ជន​ជាប់​ចោទ​ដ៏​សំខាន់​​​ស្ថិត​​នៅ​ក្រៅ​​ឃុំ​​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​​ពួក​គេ ។

​មន្ត្រីសាលា​ក្តី​​បាន​ឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ជាង​​៥០០​នាក់ ត្រូវ​​​បាន​​សាលា​ក្តី​​ ​អនុញ្ញាត​​ឱ្យ​ចូលរួម​ស្តាប់​​សវនាការ​​មុន​អង្គ​សេចក្តី​​ជាសាធារណៈលើ​ពាក្យ​​ស្នើសុំ​​បន្ទាន់​ឱ្យ​ដោះ​លែង​នួន ជា អាយុ​​៨៥​ឆ្នាំ អតីត​​ប្រធាន​សភា​តំណាង​​​ប្រជា​ជន និង​លោក​ខៀវ​ សំផន ​អាយុ​​៧៨ឆ្នាំ អតីត​ប្រធាន​​គណៈ​​ប្រធានរដ្ឋ​​ និង​អៀង ធីរិទ្ធ អាយុ​៧៦​ឆ្នាំ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​​របបកម្ពុជា​​ប្រជាធិប​តេយ្យ​​ស្ថិតនៅ​​ក្រៅឃុំ ​​ដែល​ត្រូវ​ចាប់​ផ្តើម​​​​នៅ​​វេលា​ម៉ោង​​​​៩​និង​​៣០នាទី​​ព្រឹក​​ថ្ងៃទី​៣១ មករា ​២០១១ នេះ ។
លោកឌឹម ​សុវណ្ណារុំ​ មន្ត្រី​​អ្នក​នាំពាក្យ​នៃ​​សាលាក្តី​ខ្មែរក្រហម​​បានថ្លែង​​ថា ​មានប្រជា​ពល​រដ្ឋ​មកពីខេត្ត​​កណ្តាល ​កំពង់ស្ពឺ ​កំពង់ចាម កំពត ដែល​រួម​មាន​​ក្រុម​និស្សិត, អ្នកស្រាវជ្រាវ​​ជាតិ និង​អន្តរជាតិ ​ត្រូវ​បាន​​អនុញ្ញាត​​​ឱ្យចូល​រួមស្តាប់​សវនាការ​​មុន​អង្គ​​សេចក្តី​​របស់​​មេដឹកនាំ​​កំពូល​ខ្មែរ​ក្រហម​នេះ​ផងដែរ​ ។ ក្នុង​​​​ពេលសវនាការ​​នឹង​មានការ​ផ្សាយ​​​បន្តផ្ទាល់​​តាម​រយៈ​ទូរទស្សន៍​​​ CTN ទៀត​ផង​ ។ ​មន្ត្រី​សាលាក្តី​​​ខ្មែ​រ​ក្រហម​​​ឱ្យដឹង​ទៀត​ថា ​អង្គជំនុំ​ជម្រះ​​​របស់​សាលា​ដំបូង​នៃតុលាការ​​​ខ្មែរក្រហម​លើកនេះ​​​គឺ​សាកសួរ​ផ្ទាល់​មាត់​​​រួចហើយ​​ធ្វើ​ការ​សន្និដ្ឋាន​​​សំរេច​​តែម្តង ។ សូម​បញ្ជាក់​​ថា តាម​គំរោង​​​បើកសវនាការ​នេះ​​ ត្រូវ​ធ្វើឡើង​​តែ​ចំពោះ​​ជនជាប់ចោទ​​២នាក់​ប៉ុណ្ណោះ​​ទេ គឺ​នួន ជា និង​ខៀវ​ សំផន ​ប៉ុន្តែ​​ពេល​ចាប់​ផ្តើម​​សនវាការនា​ព្រឹក​នោះ ស្រាប់តែ​​មាន​​អៀង ធីរិទ្ធ ​ម្នាក់ទៀត​​​ចូល​រួម ធ្វើ​​ឱ្យមាន​ការ​​ចាប់អារម្មណ៍​​​ពីមជ្ឈ​ដ្ឋាន​​អ្នក​តាម​​ដាន​យ៉ា​ងខ្លាំង​ ។
​សវនាការ​​ដំណើរការ​​បានតែ​រយៈ​ពេល​កន្លះ​ម៉ោង​​ប៉ុណ្ណោះ ​ស្រាប់តែ​​​អៀង ធីរិទ្ធ ​ឈឺ​ក្បាល​​​ត្រូវ​​គ្រូពេទ្យ​​នាំទៅកាន់​ពន្ធនាគារ​​​វិញ ហើយ​​ក្រោយ​មក​​​នួន ជា ​ក៏​មានអាការ​មិនស្រួល​​ត្រូវ​គ្រូ​ពេទ្យ​​​ប្រចាំ​សាលាក្តី​​កំពុង​​ពិនិត្យ​សុខភាព​​ផង​ដែរ ។​ ​លោក​ឌឹម សុវណ្ណារុំ ​អ្នកនាំពាក្យ​​សាលាក្តី​​បាន​ឱ្យ​​ដឹង​ថា ​សវនាការ​​មុនអង្គ​សេចក្តី​​ទៅលើ​​​​អតីត​មេ​ខ្មែរ​ក្រហម​​​ លោកនួន ជា ​និង​លោក​ខៀវ​ សំផន​​ អំពី​ការ​​សុំ​ឱ្យ​​ស្ថិតនៅ​​ក្រៅឃុំ​នេះ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​​ក្រុមមេធាវី​​​ការពារ​​ជន​ជាប់​ចោទ​​​​ដាក់​ពាក្យ​​ស្នើសុំ​​ទៅសាលាក្តី​ និង​យល់​ថា ការ​បន្ត​ឃុំ​ខ្លួនអតីតមេ​ខ្មែរក្រហម​​​ថ្នាក់ខ្ពស់​​បំផុត​​ទាំង​​ពីរ​នាក់នេះ​ហួស​រយៈ​ពេល​កំណត់​ហើយ ៕​
ដោយ ៖ កោះឯករាជ្យ
រូបថត ស.សុខុម

No comments:

Post a Comment