រាជធានីភ្នំពេញ ៖ សាលាក្តីខ្មែរក្រហមបានដំណើរការសវនាការរបស់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ មករា ២០១១ ដើម្បីជំនុំជម្រះមុនអង្គសេចក្តីជាសាធារណៈលើសំណុំរឿង០០២ ករណីដាក់ពាក្យសុំនៅក្រៅរបស់នួន ជា អាយុ៨៥ឆ្នាំ និងខៀវ សំផន អាយុ៧៨ឆ្នាំ និងអៀង ធីរិទ្ធ អាយុ៧៦ឆ្នាំ ក្នុងចំណោមជនជាប់ចោទចំនួន៤នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងសាលាក្តីខ្មែរក្រហមបច្ចុប្បន្ន ។
មន្ត្រីសាលាក្តីបានឱ្យដឹងថា មានពលរដ្ឋជាង៥០០នាក់ ត្រូវបានសាលាក្តី អនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីជាសាធារណៈលើពាក្យស្នើសុំបន្ទាន់ឱ្យដោះលែងនួន ជា អាយុ៨៥ឆ្នាំ អតីតប្រធានសភាតំណាងប្រជាជន និងលោកខៀវ សំផន អាយុ៧៨ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យស្ថិតនៅក្រៅឃុំ ដែលត្រូវចាប់ផ្តើមនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ មករា ២០១១ នេះ ។
លោកឌឹម សុវណ្ណារុំ មន្ត្រីអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា មានប្រជាពលរដ្ឋមកពីខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម កំពត ដែលរួមមានក្រុមនិស្សិត, អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យចូលរួមស្តាប់សវនាការមុនអង្គសេចក្តីរបស់មេដឹកនាំកំពូលខ្មែរក្រហមនេះផងដែរ។ ក្នុងពេលសវនាការនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ CTN ទៀតផង ។ មន្ត្រីសាលាក្តីខ្មែរក្រហមឱ្យដឹងទៀតថា អង្គជំនុំជម្រះរបស់សាលាដំបូងនៃតុលាការខ្មែរក្រហមលើកនេះគឺសាកសួរផ្ទាល់មាត់រួចហើយធ្វើការសន្និដ្ឋានសំរេចតែម្តង។ សូមបញ្ជាក់ថា តាមគំរោងបើកសវនាការនេះ ត្រូវធ្វើឡើងតែចំពោះជនជាប់ចោទ២នាក់ប៉ុណ្ណោះទេ គឺនួន ជា និងខៀវ សំផន ប៉ុន្តែពេលចាប់ផ្តើមសនវាការនាព្រឹកនោះ ស្រាប់តែមានអៀង ធីរិទ្ធ ម្នាក់ទៀតចូលរួម ធ្វើឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកតាមដានយ៉ាងខ្លាំង ។ សវនាការដំណើរការបានតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែអៀង ធីរិទ្ធ ឈឺក្បាលត្រូវគ្រូពេទ្យនាំទៅកាន់ពន្ធនាគារវិញ ហើយក្រោយមកនួន ជា ក៏មានអាការមិនស្រួលត្រូវគ្រូពេទ្យប្រចាំសាលាក្តីកំពុងពិនិត្យសុខភាពផងដែរ។
លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីបានឱ្យដឹងថា សវនាការមុនអង្គសេចក្តីទៅលើអតីតមេខ្មែរក្រហម លោកនួន ជា និងលោកខៀវ សំផន អំពីការសុំឱ្យស្ថិតនៅក្រៅឃុំនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារជនជាប់ចោទដាក់ពាក្យស្នើសុំទៅសាលាក្តី និងយល់ថា ការបន្តឃុំខ្លួនអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់បំផុតទាំងពីរនាក់នេះហួសរយៈពេលកំណត់ហើយ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment