Tuesday, February 01, 2011
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ក្តីជនជាតិថៃ២នាក់
ភ្នំពេញ: ជនជាតិថៃ២នាក់គឺ វរៈ ស៊ុមខ្វាមឃីត( Veera Somkwamkit) និងឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ( Ratree Paiputanapaiboon) ដែលតុលាការចោទបន្ថែមពីបទប៉ុនប៉ងប្រមូលព័ត៌មានដែលអាចនាំឱ្យអន្តរាយដល់ការការពារជាតិនោះត្រូវបានគេនាំមកដល់តុលាការរាជធានីភ្នំពេញនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១ខែកុម្ភៈនេះដើម្បីបើកសវនាការជុំនុំជម្រះទោស។
អ្នកទាំងពីរនេះជាជនជាតិថៃចុងក្រោយក្នុងចំណោម៧នាក់ដែលតុលាការកម្ពុជាត្រូវជំនុំជម្រះទោស។ ជនជាតិថៃ ៥ នាក់ផ្សេងទៀតដែលមានឈ្មោះផានិច វីគីតសេត (Panic Vikitseth) ជាសមាជិកសភា ឈ្មោះណារឿម មុលជិតវ៉ារ៉ាតាណា ( Maruemol Chitwaratana) ឈ្មោះគុជ ពុនថនជូសាណាសេរី (Kochpontorn Chusana Seree) ឈ្មោះ សែម ឌីនឡឺតប៊ូឆា (Samdin Lersbusya) និងឈ្មោះតាយ ណែមួងម៉ាកចន (Taynae Moonmachon) ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយកាលពីថ្ងៃទី២១មករាឆ្នាំ២០១១នេះ។
ជនជាតិថៃទាំង៧នាក់នេះត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០ខណៈ ដែលពួកគេដើរចូលក្នុងដីខ្មែរដោយខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចគីឡូម៉ែតលេខ២៦ ក្នុង ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ ឆ្លងដែលខុសច្បាប់ និងចូលក្នុងតំបន់យោធាក្នុងបំណងទុច្ចរិត។ ប៉ុន្តែ ជនជាតិថៃ២នាក់ ចុងក្រោយនេះត្រូវបានតុលាការចោទបន្ថែម ពីបទប៉ុនប៉ងប្រមូលព័ត៌មានដែលអាចធ្វើឱ្យ អន្តរាយដល់ការការពារជាតិ។
កាលពីថ្ងៃទី៣១មករាម្សិលមិញ ជនជាតិថៃមួយក្រុមដែលក្នុងនោះមានអ្នកកាសែត អតីតសមាជិកព្រឹទ្ធសភាលោក ការ៉ុម សៃង៉ាម និងសែរាជវង្សមួយអង្គផងគឺអ្នកអង្គម្ចាស់ វ៉ាន់នីផាន់ បានចូលជួបលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល។ ពួកគេបានស្នើឱ្យលោកខៀវ កាញារីទ្ធជួយអន្តរាគមន៍ទៅតុលាការដើម្បីដោះលែងជនជាតិថៃទាំង២នាក់នេះ។
ប៉ុន្តែ លោករដ្ឋមន្ត្រីបានអះអាងថាលោកមិនអាចជួយអន្តរាគមន៍បានទេក្នុងរឿងនេះពីព្រោះជាសមត្ថកិច្ចរបស់តុលាការ។ លោកខៀវ កាញារីទ្ធបានប្រាប់ទៅក្រុមជនជាតិថៃទាំងនោះថាគេត្រូវរង់ចាំតុលាការចាត់ការតាមនីតិវិធីចប់សព្វគ្រប់សិនទើបនិយាយគ្នាបាន៕
ដោយ : រតនា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment