Monday, January 10, 2011

បទ​វិចារណកថា ៖ មេ​ដឹក​នាំ​សមាគម​ទំ​នើង​នៅ​កម្ពុជា


            នៅ​ក្នុង​ចំ​ណោម​​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជាង​៣ពាន់ ដែល​បាន​និង​កំ​ពុង​ធ្វើ​សកម្ម​ភាព​ក្នុង​ការ​ជួយ​ពង្រឹង​ការ​គោរព​ច្បាប់ ​កសាង​ និង​ការ​អភិ​វឌ្ឍ​ប្រទេសនៅ​កម្ពុជា​​ ក៏​នៅ​មាន​អង្គ​ការ​ សមាគម​មួយ​ក្រុម​តូច​បាន​បង្ក​នូវ​ភាព​រំ​ខាន​អាចនិង​នាំឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះ​ពាល់ដល់​​សន្តិ​សុ​ខ​​សណ្តាប់​ធ្នាប់​​ និង​រាំង​ស្ទះ​ដល់​ដំ​ណើរការអនុវត្ត​​ច្បាប់​របស់​រាជរដ្ខាភិបាល​ក្នុងការងារ​បោះ​បង្គោល​ព្រំ​ដែន​​ ដោយ​សារក្រុម​អង្គការ​ សមាគមទាំងនោះធ្វើការ​ងារ​​ខុសជំ​នាញ និងដើរ​ធ្វើ​យុទ្ធ​នាការ​ញុះ​ញង់​ បង្កើត​ព័ត៌មានមិន​ពិតឥត​ឈប់​ឈរ ​ក្នុង​បំ​ណង​ទុច្ចរិត​ ដើម្បី​ទម្លាក់​កំ​ហុសមក​លើរាជ​រដ្ឋាភិបាល។
            សកម្ម​ភាព​របស់​អង្គការ​សមាគម​ឡប់​ឡែ​ទាំង​នោះ​ ត្រូវ​បាន​គេកត់​សម្គាល់​ឃើញ​ថា​ ជាញឹក​ញាប់​តែង​ដាក់​ផែន​ការ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​កម្ពុជា​‑វៀតណាម​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ ដូចជា​តាកែវ ស្វាយ​រៀង​ និង​ចុង​ក្រោយ​នេះ​ ពួក​គេចុះ​ទៅខេត្ត​ព្រៃវែង​និង​ កំ​ពង់​ចាម។ ក្រុម​ល្ងើទាំង​នោះ​ ត្រូវ​បានគេ​ដឹង​ថា​ ដឹកនាំ​ដោយ​​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ ប្រធាន​សហជីព​កម្ម​ករ និង​ជា​ប្រធាន​ក្រុម​​ប្រឹក្សាឃ្លាំមើល​កម្ពុជាផង​ បាន​ប្រកូកប្រកាស​ហៅ​អ្នក​កាសែត​ឲ្យ​ទៅ​យក​ព័ត៌មាន​ពី​សកម្ម​ភាព​របស់​ពួក​គេដែល​មាន​សមាជិក​មួយ​ដំ​បរស្វាទៅ​ជាមួយ​នៅ​ចំ​នុចបង្គោល​ព្រំ​ដែន​លេខ  ១៣១​​(១​) ​​, ​១៣២(២)​ នៅ​ស្រុក​កំ​ចាយ​មា ខេត្ត​ព្រៃវែង​ និង​នៅ​បង្គោល​លេខ​១២៥ក្នុង​ស្រុក​ពញាក្រែក​ខេត្ត​កំ​ពង់​ចាម​។
                មហាជន​ទូទៅ​គេបាន​ដឹង​ថា រាល់​ការ​ដឹក​នាំ​ធ្វើ​កូដកម្ម​ បាតុកម្ម​ តវ៉ា របស់​លោក​រ៉ុង​ ឈុន នាពេល​កន្លង​មក​​ គឺ​មិន​បាន​​ផ្អែក​ទៅ​តាម​គោលការណ៏​ច្បាប់​ និងលក្ខណៈវិនិច្ឆ័យ​ក្នុង​ភាពត្រឹម​ត្រូវ​​ដើម្បី​បំ​រើផល​ប្រយោជន៍​ជូន​ប្រជាពល​រដ្ឋខ្មែរ​ដោយ​សុទ្ធ​ចិត្ត​នៅ​ទេ​ គឺ​ច្រើន​តែ​ញុះញង់​ឲ្យ​​គ្រូបង្រៀន​  សិស្ស និស្សិត​ កម្ម​ករ និង​សកម្ម​ជន​របស់​ខ្លួន​ប្រព្រឹត្ត​នូវ​ទង្វើ​រំ​លោភច្បាប់​ តវ៉ា​ ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ដោយ​មិន​សម​ហេតុ​ផល​ រហូត​ត្រូវ​បាន​មជ្ឈដ្ឋាន​នានាគេប្រសិទ្ធ​នាម​ឲ្យ​ថា​ លោក រ៉ុង​ ឈុន គឺជា ​« ​មេក្រុម​សមាគម​ទំ​នើង​ ឬក៍ជាក្រុម​អង្គការ​ជ្រុល​និយម​ប្រកប​ដោយ​គ្រោះ​ថ្នាក់»។​​​ គ្រោះ​ថ្នាក់​ត្រង់​ថា​ ក្រុម​នេះ​គ្មានចេះ​​ជំ​នាញអ្វី​មួយ​ច្បាស់​លាស់​ ចេះ​តែ​របៀប​ប៉្រូ របៀប​បង្ក​ចលាចល​ ​ដើរ​បំ​ផុស​ដុត​បញ្ឆេះ​កំ​ហឹង​ប្រជា​ពល​រដ្ឋឲ្យ​ក្រោក​ឡើង​តវ៉ា​ប្រឆាំង​ជាមួយ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ ........។ល។ល។
                ក្នុង​ក្រសែភ្នែក​របស់​ក្រុម​លោក​រ៉ុង​ ឈុន គឺ​ហាក់​បី​ដូច​ជា​គ្មាន​ខុសប្លែក​អ្វី​ពី​ក្រុម​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​​នោះ​ឡើយ គឺ​ពួក​គេ​នាំ​គ្នាដឹក​នាំ​ធ្វើ​ចលនា​បះ​បោ​រ បង្កជម្លោះ​ ដោយ​លើក​យក​បញ្ហា​​ព្រំ​ដែន​​ខាង​កើត​ មក​​ចោទប្រកាន់​ថា​ ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​‑វៀត​ណាម​ បាន​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​ និង​ភូមិខ្មែរ​អស់​ជា​ច្រើន​ទៅ​វៀត​ណាម​។ ប៉ុន្តែ ទិដ្ឋភាព​​ជាក់​ស្តែង​ ពួក​គេតែង​តែមួល​បំ​ភ្លៃ​ខុសពី​ការ​ពិត​​ ធ្វើ​សកម្ម​ភាព​បំ​ពាន​ច្បាប់​​ រំ​លោភ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែន​ដី​ ក៏​ដូច​ជា​ការងារ​របស់​រាជ​រដ្ឋាភិបាល​ ដែល​ក្នុង​នោះ​មាន​លោក សម រង្ស៊ី​ ជា​ឧទាហរណ៍គំ​រូ​អាក្រក់​ស្រាប់។ ក្រៅ​ពី​នេះ​ ពួក​គេមាន​តែ​ការ​ប្រមាថ​រាជ​រដ្ឋាភិបាល​ រដ្ឋសភា និង​ប្រព័ន្ធ​តុលាការ​ខ្មែរ​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ចាត់​វិធាន​ការ​ណ៍​តាម​យុត្តាធិការនៃ​ផ្លូវ​ច្បាប់​។ជាទម្លាប់​ក្រុម​ប្រឆាំង​តែង​តែ​​ធ្វើ​ការ​តវ៉ា​ថា ពួក​គេខ្វះ​សិទ្ធិ​ ឬ​ត្រូវ​ទទួល​រង​ការ​គាប​សង្កត់​​គំ​រាម​កំ​ហែង​នានា ក្នុង​ខណៈ​ពេល​គេនាំ​គ្នា​បង្កើត​នូវ​កំ​ហុសជាបន្ត​បន្ទាប់​ដោយ​គ្មាន​ការ​កែ​ប្រែឥរិយាបថនោះ​។ បើ​និយាយ​ពី​ប្រវត្តិអតី​ត​កាល​ក្នុង​ផ្នែក​ខ្លះ​នៃ​អំ​ពើល្មើសច្បាប់​របស់​ក្រុម​ប្រឆាំង​ គឺ​ លោក ​រ៉ុង​ឈុន​ ធ្លាប់​​ជាប់​ពន្ធ​នាគារ​ព្រៃ​សក្នុង​ករណី​បំ​ផ្លាញ​​ការងារ​បោះ​បង្គោល​ព្រំ​ដែន​របស់​រាជ​រដ្ឋាភិបាល​នាពេល​កន្លង​មក​ ។​ចំ​ណែក​ឯ លោក សម រង្ស៊ី​  គឺ​ជា​ជន​ល្មើសមួយរូប​កំ​ពុង​មាន​ពិ​រុទ្ធ​ ដោយ​ត្រូវ​បាន​តុលាការកាត់ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១២ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ ដោយ​អំ​ពើ​បំ​ផ្លិច​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង​ និង​បទ​ក្លែង​ឯកសា ផែន​ទី​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។
                ដូច្នេះ​ ក្រុម​បក្សប្រឆាំង​ ក៍​ដូច​ជា​ក្រុម​របស់​លោក រ៉ុង​ ឈុន គឺ​ជា​ក្រុម​ដែន​មាន​និស្ស័យ​ជាមួយ​ពន្ធ​នាគារ​ ហើយ​បើ​តាម​ព័ត៌មាន​ច្បាស់​ការ​ដែល​គេទទួល​បាន​ គឺ​លោក​ រ៉ុង ឈុន ធ្លាប់​បាន​ប្រកាសឲ្យ​ដឹង​ថា​ ពេល​ដឹក​នាំ​ធ្វើ​កូដកម្ម​ បាតុកម្ម​ម្តង​ៗ គឺ​លោករ៉ុង ឈុន មិន​បាន​ប្រកាន់​យកនូ​វ​​ការ​គោរព​ច្បាប់​​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​​តែង​តែ​ស្រែក​ជេរប្រមាថ​ ត្មេះ​ដៀល​ថ្នាក់​ដឹក​នាំ​ប្រទេស​ មន្ត្រី​ជាន់​ខ្ពស់​ អាជ្ញាធរពាក់​ព័ន្ធ​ និង​ថៅ​កែ​រោង​ចក្រ សហ​គ្រាស​ដោយ​សម្តី​អសុរោះ​ជា​ទី​បំ​ផុត​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​អំ​ពើ​ហឹង្សាកើត​ឡើង​ ឬ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​និង​រុញ​ច្រាន​ឲ្យ​ប្រជា​ពល​រដ្ឋ កម្ម​ករមាន​ទោស​ដោយ​ការ​ដឹក​នាំ​របស់ខ្លួន​ ទើប​ការប្រមូល​ផ្តុំ​របស់​លោកកំ​ណត់​ថា មាន​ន័យ​ និងបាន​​​ល្បីឈ្មោះ​​។ ទង្វើដ៏លាមក​​របស់​គណបក្ស និង​អង្គការ​ប្រឆាំង​ទាំង​នេះ​មិន​ខុសអ្វី​ពី​ការ​កេណ្ឌ​ប្រជាពល​រដ្ឋដើម្បី​បំ​រើ​ឧបាយ​កល​អាក្រក់​របស់​ខ្លួន​ ក្នុងការ​​ធ្វើ​ប្រជា​ភិ​ថុត​ កល​ល្បិច​បោក​ប្រាស់​រាស្ត្រ ដើម្បី​ចង់​បាន​ប្រជាប្រិយ៍​ភាព​ អំ​ណាច​និង​ផល​ប្រយោជន៍​នយោបាយសួន​តួតែ​ប៉ុណ្ណោះ​។
បើ​និយាយ អំពី​ការ​ងារ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​ ‑ វៀត​ណាម​ ជា​ពិ​សេសនៅ​ស្រុក​កំ​ចាយ​មា ខេត្ត​ព្រៃវែង​ គឺ​ជាក់​ស្តែង​នៅ​ចំ​នុចទី​តាំង​បង្គោល​នោះ លោក រ៉ុង ឈុន មិន​បាន​ទទួល​នូវ​ការ​បញ្ជាក់​ណាមួយ​​ពី​ប្រជា​ពល​រដ្ឋនិង​អាជ្ញាធរ​ថា មាន​ការ​បាត់​បង់​ទឹក​ដី​ ដូច​ព័ត៌មាន​ដែល​លោកទទួល​បាន​ពី​ដំ​បូង​នោះ​ឡើយ​​ ។ ជា​សកម្មភាព​បន្ត​​ ក្រោយ​​ពី​បរាជ័យ​ក្នុង​ការ​ខក​ខាន​មិន​បាន​រិះ​គន់​រដ្ឋាភិបាល​ លោក រ៉ុង​ ឈុន បាន​បង្វែរទិស​ដៅ​ទៅ​ពិ​និត្យ​បង្គោល​ព្រំ​ដែន​លេខ ១២៥​ នៅ​ឯស្រុក​ពញាក្រែក​ខេត្ត​កំ​ពង់​ចាម​វិញ​ ក៏​ប៉ុន្តែ​ បង្គោលព្រំ​ដែន​នោះ​ គឺ​កាលពី​ពេល​ថ្មី​ៗ​ត្រូវ​បាន​​សម្តេច​​ ហេង សំរឹន​ ប្រធាន​រដ្ឋសភាបំ​ភ្លឺជូន​ក្រុម​តំ​ណាង​រាស្ត្រគណបក្ស​ប្រឆាំង​រួច​ហើយ​ ថា​មិន​មាន​ការ​បាត់​បង់​ទឹក​ដី​នោះឡើយ គឺ​រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ផែន​ទី​ និង​មាន​ការ​ចូល​រួម​ ​និង​​ដឹង​ឮពីអាជ្ញាធរក៏​ដូច​​​ប្រជា​ពល​រដ្ឋនៅ​ទី​នោះ​ទៀត​ផង​។ ដូច្នេះ​ ការ​ធ្វើ​សកម្ម​ភាព​បំ​ពុល​បរិយា​កាស​ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន និង​គូកន​ គឺ​ពុំ​មាន​តម្លៃ​សម្រាប់​ការ​ចូល​រួម​ចំ​ណែក​ពង្រឹង​លទ្ធិ​ប្រជា​ធិ​បតេយ្យ​ និង​ការ​គោរព​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ពួក​គេពុំ​ដឹង​ពី​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ក្នុង​ឋានៈ ជាអង្គការ​សមាគមក្រៅ​រដ្ឋាភិបាល​ឡើយ​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពួក​គេថែម​ទាំង​បាន​​ប្រើ​វិធី​ស្មោគ​គ្រោកក្នុង​ការ​បំ​ភ័យ​បរទេស​ឲ្យ​ស្អប់​ខ្ពើម​ស្រុក​ខ្មែរ​​  និងរិះ​គន់​ដើម្បី​យក​ជំនួយសម្រាប់​ជេររដ្ឋាភិបាល​ ដែល​ចរិត​របស់ក្រុម​លោក រ៉ុង ឈុន ត្រូវ​បាន​គេហៅ​ថា ជា​មេដឹក​នាំ​សមាគម​ទំ​នើងឥត​ព្រំ​ដែន​ និង​គ្មាន​ច្បាប់​ទម្លាប់​​ ឬ​ក៏​ជា​ក្រុម​អាណាធិបតេយ្យនិយម​​ដែល​គួរតែ​ត្រូវ​បាន​ទប់​ស្កាត់៕
ពូន សំ រេច​
​               

No comments: