(រូបថត វន្ថា)
ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៩ មករា នៅលើខ្នងភ្នំដងរែកចំណុច៥មករា ក្បែរជើងភ្នំទ្រព្យជាប់ប្រាសាទព្រះវិហារភាគខាងលិចចំងាយប្រមាណ៤០០ម៉ែតបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការសន្តិភាពដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។ ពិធីនោះក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីព្រះសង្ឃ គណៈមេបញ្ជាការឯកភាពសមរភូមិទិសទីមួយប្រាសាទព្រះវិហារ លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បណ្តានាយទាហានជាន់ខ្ពស់មកពី ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តានាយទាហាន និងពលទាហានជាច្រើនរយនាក់ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ និងគ្រួសារទ័ព។
លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ជាតារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាគណៈមេបញ្ជាការឯកភាពសមរភូមិជួរមុខទិសយោធភូមិភាគទី៤បានលើកឡើងពីវីរភាពរបស់នាយ ពលទាហានទាំងអស់ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅតំបន់ប្រាសាទព្រះវិហារដែលមានភាពក្លាហានហ៊ានប្តូរជីវិតក្នុងការប្រយុទ្ធទប់ទល់ជាមួយទ័ពសៀមឈ្លានពាន។ លោកឱ្យដឹងថា គ្រប់ពេលវេលាសម្តេចតេជោនិងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី តែងតែជួយឧបត្ថម្ភសំភារបរិក្ខារសឹក ស្បៀងអាហារ ថ្នាំពេទ្យ ជំរំជំរកស្នាក់នៅ អគារការិយាល័យធ្វើការ។ សមិទ្ធផលជាច្រើននេះធ្វើឱ្យនាយ ពលទាហានទាំងអស់មានឆន្ទៈ និងគ្រួសារកងទ័ពទាំងអស់មានលំនឹង។ លោកនាយឧត្តមសេនីយ៍ថ្លែងថា នៅថ្ងៃទី៩ មករា ឆ្នាំ២០១១ គឺជាថ្ងៃប្រវត្តិសាស្ត្រសំរាប់ព្រំដែនប្រាសាទព្រះវិហាររបស់ខ្មែរដែលមានអគារទីបញ្ជាការសន្តិភាពមួយដែលជាអំណោយរបស់សម្តេចហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ក្នុងលក្ខណៈជាយុទ្ធសាស្ត្របំផុតសំរាប់បណ្តានាយទាហានទាំងអស់ធ្វើការងារ។ លោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះមានប្រសាសន៍ថា ការស្ថាបនាអគារទីបញ្ជាការសន្តិភាពទិសប្រាសាទព្រះវិហារនេះឡើង គឺសំរាប់ឱ្យបណ្តានាយទាហានកម្ពុជាទាំងអស់ងាយស្រួលក្នុងការបំពេញបេសកកម្ម។
លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី បានរំលឹកដល់ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា៣២ឆ្នាំមកហើយ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះប្រជាជន និងប្រទេសកម្ពុជាបានប្រែមុខមាត់យ៉ាងស្រស់បំព្រងពីមហាសោកនាដកម្មនៃការកាប់សំលាប់ដោយរបបប្រល័យពូជសាសន៍ប៉ុល ពត មក។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានលើកកំពស់តំលៃសិទ្ធិមនុស្ស និងបានផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋក្នុងការប្រកាន់យកជំនឿសាសនា ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបើកទូលាយក្នុងការបញ្ចេញមតិសិទ្ធិខាងនយោបាយ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំសាកល និងបុណ្យជាតិ៧មករា ឆ្នាំ២០១១ នេះ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតបានផ្តល់ចំណងដៃជូនដល់កងកំលាំងដែលកំពុងឈរជើងប្រចាំទិសប្រាសាទព្រះវិហារគឺអគារដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះដែលជាការរួមសហការគ្នាជាមួយក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ អគារមួយនេះបានចាប់ដំណើរការសាងសង់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១០ និងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ មានរយៈពេល៧ខែ និង២២ថ្ងៃ។ អគារនេះកសាងឡើងតាមរចនាបថខ្មែរ មានបន្ទប់សំរាកចំនួន២ បន្ទប់អនាម័យចំនួន៣ និងបន្ទប់ដាក់សំភារ។ អគារ១ខ្នងនេះមានបណ្តោយ២៥,៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ សាងសង់ដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមសេនីយ៍ឯកខ្វាន់ ស៊ាម មានបំពាក់សំភារផ្សេងៗ ក្នុងនោះមានកៅអី១០០ ទូរទស្សន៍៤០អ៊ីញមួយគ្រឿង មានភ្ជាប់ប្រព័ន្ធវីដេអូខន់ហ្វើរេន មានក្បាលចាក់ស៊ីឌី១គ្រឿង មានថាសផ្កាយរណបឌីធីវី១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា អគារទីបញ្ជាការសន្តិភាពទិសប្រាសាទព្រះវិហារ១ខ្នងនេះគិតទាំងសំភារប្រើប្រាស់ដែលបំពាក់ ក្នុងនោះផងអស់ចំនួន១៣១.៨៨៥ដុល្លារអាមេរិក។ ក្នុងឱកាសនោះក៏មានបំពាក់មេដាយការងារជូនដល់មន្ត្រីសាធារណការ និងដឹកជញ្ជូនទូទាំងប្រទេសផងដែរ។ លើសពីនេះបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងចែកកំណាត់ស សារុង និងក្រមាដែលជាអំណោយដ៏ថ្លៃរបស់សម្តេចហ៊ុន សែន និងលោកជំទាវដល់ដូនជី តាជីយាយជី និងគ្រួសារកងទ័ពផងដែរ ៕
No comments:
New comments are not allowed.