លោកស្រីចៅក្រម ចាំង ស៊ីណាត បានថ្លែងថា លោកស្រីបានទទួលនូវសំណើរបស់មេធាវីទាំងនោះហើយ។ លោកស្រី កំពុងតែពិនិត្យ និងពិចារណាលើសំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្ននោះ។ ពោលគឺ លោកស្រីចៅក្រម មិនទាន់សម្រេចយ៉ាងណាទេ។ ប៉ុន្តែបើតាមច្បាប់ លោកស្រីមានពេលយ៉ាងយូររយៈពេល ៥ ថ្ងៃ ត្រូវឆ្លើយតបទៅកាន់មេធាវីការពារជនជាប់ចោទ ថាតើយល់ព្រមឲ្យជនជាតិថៃទាំង ៧ នាក់ នោះ ស្ថិតនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន ឬមិនយល់ព្រម។
ការលើកឡើងរបស់លោកស្រីចៅក្រមខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីក្រុមមេធាវី បានដាក់ពាក្យសុំធានាជនជាប់ចោទថៃទាំង ៧ នាក់ ឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយមានបង់ប្រាក់ធានា។ ពាក្យសុំធានា ដែលចុះហត្ថលេខារួមគ្នា ដោយលោក ប៉ិច វិច្ឆិកា និងលោក រស់ អូន មេធាវីការពារជនជាតិថៃទាំង ៧ នាក់ ត្រូវបានដាក់ទៅកាន់ផ្នែករដ្ឋបាលរបស់តុលាការ កាលពីរសៀលថ្ងៃទី១០មករានេះ។
លោក ប៉ិច វិច្ឆិកា មេធាវីការពារជនជាតិថៃ ៤ នាក់ ក្នុងចំណោមជនជាតិថៃទាំង ៧ នាក់ បានថ្លែងថា ពាក្យស្នើសុំធានាកូនក្តីរបស់លោក ឲ្យស្ថិតនៅក្រៅមន្ទីរឃុំឃាំង ជាបណ្តោះអាសន្ន ត្រូវបានដាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅរសៀលថ្ងៃទី១០មករា។ ក្នុងពាក្យសុំធានានោះ គឺម្នាក់ៗ បានភ្ជាប់លុយធានាចំនួន ១ លានរៀល។
លោកមេធាវី បានបន្ថែមថា តាមការជជែកគ្នា ខាងស្ថានទូតថៃ គេក៏ធ្វើលិខិតសុំធានាជនជាតិថៃទាំងនោះ ដោយមិនឲ្យរត់គេចទៅណា ហើយសន្យាថា បើតុលាការត្រូវការ យើងនឹងនាំគាត់ទៅតុលាការ។ យើងស្នើសុំឲ្យគាត់នៅក្រៅឃុំនេះ អមដោយលិខិតធានារបស់ស្ថានទូត។ នោះគឺជនជាតិថៃទាំង៧នាក់ នឹងត្រូវធានាឲ្យស្នាក់នៅក្នុងស្ថានទូតថៃ ប្រចាំក្រុងភ្នំពេញ។
ជនជាតិថៃទាំង ៧ នាក់ ដែលរួមមានអ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យម្នាក់ និងមេបាតុករអាវលឿងម្នាក់ផងនោះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងចូលក្នុងតំបន់យោធា ក្នុងបំណងទុច្ចរិត។ ការចោទប្រកាន់លើជនជាតិថៃទាំងនោះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមជ្រុលនិយមថៃទាំង ៧ នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០។ តាមច្បាប់ ជនជាតិទាំង ៧ នាក់នោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន ១៨ ខែ។ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបិទបញ្ចប់ការស៊ើបអង្កេតលើជនជាតិថៃទាំង ៧ នាក់ កាលពីព្រហស្បតិ៍ ទី៦មករា ឆ្នាំ២០១១៕
ដោយ : លីហូវ
No comments:
Post a Comment