យោងតាមកាសែតឌឹណេស្សិនចេញផ្សាយថ្ងៃទី១០ មករា ថា មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អ៊ូចា បានអំពាវនាវឱ្យមានយន្តការថ្មីមួយ ដើម្បីដោះស្រាយជំលោះព្រំដែនជាមួយកម្ពុជា ដោយលោកថ្លែងថា ការកំណត់ព្រំដែនលើកមុនដែលធ្វើឡើងកាលពី៣០ឆ្នាំកន្លងទៅគឺប្រើបច្ចេកទេសមិនទំនើប ។ កាសែតថៃដដែលបានដកស្រង់សំដីលោកប្រាយុទ្ធ ថ្លែងថា នៅពេលកំណត់ព្រំដែនកាលនោះ គេប្រើប្រាស់ដំរីមិនមែនប្រើប្រាស់យន្តហោះទេ ។ កងទ័ពថៃនឹងមិនបណ្តោយឱ្យប្រទេសបាត់បង់ទឹកដីឡើយ ហើយពេលនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពជាតិ ប៉ុន្តែទាក់ទិនទៅនឹងករណីពលរដ្ឋថៃ៧នាក់ដែលត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ចូលទឹកដីកម្ពុជាដោយខុសច្បាប់នោះ កងទ័ពត្រូវតែរង់ចាំទទួលលទ្ធផលតាមរយៈការដោះស្រាយដោយតុលាការ ។
ឧត្តមសេនីយ៍មេបញ្ជាការកងទ័ពថៃរូបនេះអះអាងថា ប្រសិនបើការកំណត់ព្រំដែនគោកមានលក្ខណៈច្បាស់លាស់ ហើយភាគីម្ខាងរំលោភបំពានទឹកដីរបស់យើងវានឹងមានការបាញ់តបតគ្នា ដើម្បីការពារអធិបតេយ្យភាព ។ ដើម្បីទប់ស្កាត់ប្រទេសទាំងពីរកុំឱ្យធ្វើសង្គ្រាមជាមួយគ្នាដោយសារការអះអាងពីការទន្ទ្រានទឹកដី ប្រទេសទាំងពីរ (កម្ពុជា និងថៃ) ត្រូវតែចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដើម្បីឈានដល់ការសំរេចបានកិច្ចព្រមព្រៀងមួយ ហើយលោកចង់ឱ្យព្រំដែនរវាងប្រទេសថៃ និងកម្ពុជាត្រូវកំណត់ និងវាស់ឡើងវិញដោយប្រើប្រាស់បច្ចេកទេសទំនើប ។
គួរបញ្ជាក់ថា ខ្សែបន្ទាត់ព្រំដែនត្រូវបានធ្វើការវាស់វែងរួចរាល់ជាស្ថាពរហើយ ដោយមានផែនទីច្បាស់លាស់ទទួលស្គាល់ពីតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ...ជាមួយនេះមានបង្គោលសីមាច្បាស់លាស់ ប៉ុន្តែយើងទទួលស្គាល់ផងដែរថា តំបន់ខ្លះបង្គោលសីមាខ្លះ វារលុបបាក់បែក ដោយសារការបំផ្លិចបំផ្លាញនៃសង្គ្រាមជិត៣ទសវត្សរបស់កម្ពុជា ធ្វើឱ្យពិបាកកំណត់ ដូច្នេះត្រូវការពិនិត្យឡើងវិញ ប៉ុន្តែភាគីសៀមទៅវិញទេ ដែលកំសាកក្នុងការបោះបង្គោលសីមានៅកន្លែងដែលគ្មានបង្គោល ។
គួររំលឹកថា ថ្មីៗនេះលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានជំរុញលោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃ ខណៈអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជាថា សូមជួយធ្វើយ៉ាងណាជំរុញឱ្យសភាថៃអនុម័ត៣ចំណុច ដែលថៃព្រមព្រៀងជាមួយកម្ពុជាកន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន បញ្ហាយោធា និងជាបញ្ហាច្រើនទៀត...រហូតមកដល់ពេលនេះសភាថៃមិនទាន់អនុម័តនៅឡើយទេ...មិនដឹងថា ថៃមានចេតនាធ្វើឱ្យយឺត? ឬមិនចង់?
អ្នកតាមដានសភាពការណ៍រវាងកម្ពុជា-ថៃ បានលើកឡើងថា បញ្ហាព្រំដែននេះ ចង់វាស់តាមលក្ខណៈទំនើប ឬបោះបង្គោលតាមលក្ខណៈទំនើបយ៉ាងណាក៏ដោយ ឬជិះយន្តហោះយ៉ាងណាក៏ដោយ គឺកម្ពុជារង់ចាំដោយរីករាយដែរ ព្រោះយើងមានផែនទីអន្តរជាតិទាំងអស់គ្នា...កុំយកអាផែនទីឯកតោភាគីមកឱ្យសោះ (ផែនទីគូរខ្លួនឯង) ប៉ុន្តែថៃមិនព្រមធ្វើ ហើយនៅតែចិញ្ចឹមមហិច្ឆតាឈ្លានពានមកលើកម្ពុជាដដែលជាដដែល ៕
អ្នកតាមដានសភាពការណ៍រវាងកម្ពុជា-ថៃ បានលើកឡើងថា បញ្ហាព្រំដែននេះ ចង់វាស់តាមលក្ខណៈទំនើប ឬបោះបង្គោលតាមលក្ខណៈទំនើបយ៉ាងណាក៏ដោយ ឬជិះយន្តហោះយ៉ាងណាក៏ដោយ គឺកម្ពុជារង់ចាំដោយរីករាយដែរ ព្រោះយើងមានផែនទីអន្តរជាតិទាំងអស់គ្នា...កុំយកអាផែនទីឯកតោភាគីមកឱ្យសោះ (ផែនទីគូរខ្លួនឯង) ប៉ុន្តែថៃមិនព្រមធ្វើ ហើយនៅតែចិញ្ចឹមមហិច្ឆតាឈ្លានពានមកលើកម្ពុជាដដែលជាដដែល ៕
ដោយ ៖ កោះឯករាជ្យ
No comments:
New comments are not allowed.