ប្រភពព៌ត័មានគួរទុកចិត្តឲ្យដឹងថាៈរឿងទាហានឈុតខ្មៅសៀមបាញ់ពលរដ្ឋខ្មែរកាលពីម៉ោងជាង៣ល្ងាចថ្ងៃទី៦មករា២០១១គឺជារឿងស៊ើបនិងក្ដៅខ្លាំង ណាស់។ ក្រោយកើតហេតុ កងរាជរាជ អាវុធហត្ថនិងនគរបាលនៅខេត្តបន្ទាយមានជ័យបានចាប់យករឿងនេះមកស្រាវជ្រាវប្រុងកសាងសំនុំរឿង ប៉ុន្តែបន្ទាប់មកខាងយោធ ភូមិភាគ៥( នៅបាត់ដំបង )បានបង្គាប់អោយមន្ត្រីខ្លួនធ្វើផ្ទាល់ វិញព្រោះពាក់ព័ន្ធមន្ត្រីនិងពលយោធា។
គួររំលឹកថា ក្នុងហេតុការណ៍អំពើឃោរឃៅនិងរំលោភសិទ្ធិមនុស្សពីសំណាក់ទាហានឈុតខ្មៅសៀមនោះ គឺពលរដ្ឋខ្មែរម្នាក់ឈ្មោះ លាង សម្បត្តិ ភេទប្រុសមុន ស្លាប់អាយុ៣៥ឆ្នាំស្នាក់នៅ ភូមិបឹងតាស្រី ( មហោស្រប ) ឃុំគោករមៀត ស្រុកថ្មពួកត្រូវទាហានឈុតខ្មៅថៃបាញ់សម្លាប់ ហើយបាត់សពពីថ្ងៃទី៦មករា២០១១មកទល់ពេលនេះ។
រីឯម្នាក់ទៀតមានរបួសត្រង់ស្នងជើងឆ្វេងមានឈ្មោះ លី ប៊ុនសឿត ភេទប្រុសអាយុ៤៩ឆ្នាំ ជា ពលទាហាននៅគ២វរសេនាតូចលេខ៥០៥យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
ក្នុងហេតុការណ៍នោះគឺមានជនកម្ពុជា១០នាក់បានឡើងចូលទៅកាប់ឈើក្រញូងក្នុងព្រៃនៃជួរខ្នង ភ្នំដងរែក។ ពលរដ្ឋចំនួន៦នាក់និងមន្ត្រីយោធាចំនួន៣នាក់ដែលទៅនោះដោយសារយោធា ជាមេខ្យល់និងមានឈ្មួញទុច្ចរិតរកស៊ីឈើគ្រញូងផ្សេងទៀតជំរុញ។
លោកស័ក្ដិ៣ម្នាក់នៅវរសេនាតូចលេខ៥០៥ទំនងជាពាក់ព័ន្ធរឿងនេះដែរ ត្រូវគេនាំទៅយោធភូមិភាគ៥ហើយដើម្បីស៊ើបអង្កេត។ ឯពលយោធាម្នាក់ទៀតមាន ឈ្មោះ សឺប ឬ សឿប បានគេចខ្លួនហើយ។
ប្រភពព័ត៌មានអោយដឹងបន្តថា ឥឡូវនេះពលទាហានរងរបួសឈ្មោះ លី ប៊ុនសឿត កំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យ II ជាពេទ្យយោធភូមិភាគ៥ខេត្តបាត់ដំបងនិងស្ថិតក្រោម ការយាមការយ៉ាងតឹងតែងដោយពុំអនុញ្ញាតអោយអ្នកយកព័ត៌មានណាក៏ដោយចូលយកព័ត៌មានពីរឿងនេះទេ។
មន្ត្រីយោធាខ្លះប្រកែកពុំព្រមបំភ្លឺប្រាប់អ្នកកាសែតឡើយដោយគ្រាន់តែបង្ហើបថា ប្អូនប្រុសនិង មេយោធាខេត្តបន្ទាយមានជ័យត្រូវបានយោធាភូមិភាគ៥កោះហៅនិងកំពុងស្ថិតនៅភូមិភាគរួចហើយ។
មានការសង្ស័យថាកម្លាំងនៅទីនោះបានដឹកនាំកម្មករខ្មែរនិងពលទាហានអោយឡើងទៅកាប់ឈើ គ្រញូងជាឈើប្រណិតដ៏មានតម្លៃនៅព្រៃជួរភ្នំដងរែក ព្រំដែនកម្ពុជាថៃ៕
ដោយ : សុផុន
No comments:
Post a Comment