ភ្នំពេញ ៖ ដោយឆ្លើយតបទៅនឹងការលើកឡើងពាក់ព័ន្ធទៅដល់ប្រជាពលរដ្ឋថៃទាំង៧ នាក់ដែលបានចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីចុងឆ្នាំ ហើយត្រូវបានចាប់ខ្លួន និងកំពុងរង់ចាំការកាត់ទោសជាផ្លូវការដោយតុលាការរាជធានីភ្នំពេញនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាសមត្ថកិច្ចរបស់តុលាការដែលមិនអាចមានអ្នកណាម្នាក់អាចលូកដៃធ្វើអន្តរាគមន៍បាននោះឡើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យវ៉ាន់ដាគណនេយ្យ កាលពីថ្ងៃទី១០ មករាថា នេះជាសមត្ថកិច្ចតុលាការគ្មានអ្នកណាមួយជួយបានទេ មិនថារដ្ឋាភិបាលឬជនបរទេស មិនថារាជរដ្ឋាភិបាល ឬក៏ជនកម្ពុជា... នេះជាដំណើរ ការច្បាប់ មិនត្រូវធ្វើសេចក្តីថ្លែងការណ៍ណាមួយ ដែលនាំទៅដល់ផលប៉ះពាល់នៃការកាត់ក្តី ដែលឯករាជ្យរបស់តុលាការនោះទេ ត្រូវគោរពឯករាជ្យរបស់តុលាការ ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា តុលាការកាត់ក្តីយ៉ាងណាទុកឱ្យតុលាការ ដោយរាប់ទាំងសាលាឧទ្ធរណ៍ និង តុលាការកំពូល... បន្ទាប់ពីនោះចាំនិយាយគ្នាទៀត ។
សេចក្តីថ្លែងការណ៍លើកទី២ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍លើកទី១ ស្តីពីបញ្ហាប្រជាពលរដ្ឋថៃទាំង៧នាក់នេះត្រូវបានចាប់ខ្លួន ដែលនៅក្នុងចន្លោះពេលនេះមានសេចក្តីថ្លែងការណ៍ជាច្រើនត្រូវបានធ្វើឡើង ដោយមេដឹកនាំរដ្ឋាភិបាលថៃ ដោយមានទាំងលោក អាប់ភីស៊ីត វាចាជីវ៉ា នាយករដ្ឋមន្ត្រីថៃផង បានលើកឡើងថា «ឱ្យមានការដោះលែងជនជាតិថៃទាំងនោះជាបន្ទាន់ដោយឥតលក្ខខណ្ឌ» ហើយទន្ទឹមនោះក៏មានពាក្យចរចា អារាមថា គណបក្សភឿថៃ និង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងលូកដៃធ្វើអន្តរាគមន៍ឱ្យមានការដោះលែងពលរដ្ឋថៃទាំងនោះផងដែរ ។
សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំគ្រាន់តែផ្តាំ រឿងនេះទាក់ទងនឹងប្រព័ន្ធច្បាប់ គ្មានអ្នកណាមួយអាចមកធ្វើអន្តរាគមន៍បានទេ ច្បាប់គឺច្បាប់តុលាការគឺតុលាការ មិនអាចរដ្ឋាភិបាលទៅបង្គាប់បញ្ជាទៅសម្រួលជានយោបាយ ដើម្បីបង្គាប់តុលាការបានទេ ខ្ញុំសូមប្រាប់ទៅទោះជាមកពីក្រុមណាមកពីអង្គការសហប្រជាជាតិក៏អត់បានដែរ ព្រោះនេះជារឿងតុលាការ ។ សម្តេចតេជោថ្លែងថា សូមកុំធ្វើសេចក្តីថ្លែងការណ៍ច្រើនពេក ស្ងាត់ល្អជាងនិយាយ «ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទទេរ» ។
នៅក្នុងសង្កថាសម្តេចតេជោបានបង្ហើបឱ្យដឹងថា លេខទូរស័ព្ទផ្ទាល់របស់លោកត្រូវបានដាក់ភ្ជាប់ជាមួយកំណត់ហេតុ ផ្ញើរចេញពីពន្ធនាគារព្រៃស ដែលត្រូវបានប៉ូលិសចាប់បាន ។ សម្តេចមានប្រសាសន៍ថា រឿងនេះមានន័យថា ជនជាតិថៃ ទាំងនោះមុនពេលចេញមក «គេបានផ្តល់លេខទូរស័ព្ទរបស់ខ្ញុំបាត់ទៅហើយៗដែលខ្ញុំទើបតែដឹងកាលពីថ្ងៃទី៨ មករា គេរសសេរជាភាសាថៃហើយដាក់ «HS» ។
សម្តេចតេជោថ្លែងថា លោកមិនដាក់ទម្ងន់បញ្ហានេះទៅជាអាថ៌កំបាំងនយោបាយនោះទេ តែលេខទូរស័ព្ទជារបស់រូបលោក ដែលសរសេរដោយពិរុទ្ធជនម្នាក់នៅក្នុងគុកព្រៃស ហើយបានសរសេរផ្ញើចេញក្រៅ ដែលអាចបញ្ជាក់ថា ការចូលមករបស់ប្រជាជលរដ្ឋថៃទាំង៧ រូបនោះ មានការរៀបចំដ៏ច្បាស់ឱ្យទាំងលេខទូរស័ព្ទរបស់ ហ៊ុន សែន មកជាមួយ បន្ទាប់ពីលេខទូរស័ព្ទនេះត្រូវបានប្តូរគ្នាតាំងពីខែធ្នូឆ្នាំ២០០៩ នៅពេលទាក់ទងពីបញ្ហាផ្លូវជាតិលេខ៦៨នោះ ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រឿងនេះមិនជាធម្មតាប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលជះឥទ្ធិពលដល់ការកាត់ក្តីរបស់តុលាការទេ សូមមេត្តាយោគយល់ ហើយក៏សូមកុំឱ្យមានបញ្ហា អ្វីដល់ទំនាក់ទំនងផ្សេងទៀត ព្រោះរឿងនេះគឺជារឿងបុគ្គល ដែលបំពានតែប៉ុណ្ណោះ កុំឱ្យវាខូចខាតដល់ទំនាក់ទំនងដទៃទៀតនោះ៕
No comments:
Post a Comment