Monday, January 10, 2011

វត្ត​កែវ​​សិក្ខា​គិរី​ស្វារៈ​ជាទី​កន្លែង​សៀម​ឈ្លានពាន​ត្រូវ​បាន​ចារឹតទុក


 (​រូបថត ត្បែងមានជ័យ)
 ខេត្តព្រះវិហារ ៖ វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះវិហារ ​ស្ថិតនៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​ត្រូវ​បាន​កត់​​ត្រា​ទុក​ពីមហិច្ឆ​តា​ឈ្លាន​ពាន​​របស់​សៀម​កាលពី​ជាង​២​ឆ្នាំមុន ។ នៅ​ទី​នោះមានផ្ទាំងថ្ម​មួយ​ដុំ​ធំ​ជា​កន្លែង​​ដែល​ឧត្ដម​សេនីយ៍មេបញ្ជាការ​ទ័ព​សៀម​ម្នាក់​ឈ្មោះកា​ណុ​ក បាន​ដឹកនាំ​ទាហាន​សៀម​ប្រមាណ​ពី៤៥០​ ​ទៅ​​៧០០​នាក់ ចូល​ឈ្លានពាន​ឈរជើង​កាន់កាប់​ក្នុង​ទី​អា​រាម​ខ្មែរ ​កាលពី​វេលា​ម៉ោង​១២​ និង៣៥​នាទី​​រសៀលថ្ងៃ​ទី​១៥​ កក្កដា​ ឆ្នាំ​២០០៨​កន្លង​ទៅ ​ខណៈ​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​​អង្គកំពុង​គង់នៅ​ទី​នោះជា​ប្រចាំ ។​
ចំណុច​នេះគឺជា​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ដែល​នៅ​​ថ្ងៃ្ង​ទី​១៥ កក្កដា ២០០៨​ បាន​ត្រូវ​មេដឹកនាំ​សៀម​វង្វេង​ប្រវត្ដិសាស្ដ្របាន​បញ្ជា​ឱ្យ​ឧត្ដម​សេ​នីយ៍​មេទ័ព​ថ្មើ​រជើង​​របស់​ខ្លួនឈ្មោះកា​ណុ​ក​កែន​ប្រមូល​ទ័ព​ឈុត​ខ្មៅ​របស់​ពួក​គេចូល​ឈ្លានពាន​ក្នុង​ទឹកដី​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ ។ ​ពេល​នោះ​កង​ទ័ព​ខ្មែរ​ដ៏អង់អាចក្លា​ហាន​បាន​ធ្វើការ​ប្រឈម​មុខ​តប​វិញ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ទ័ព​សៀមឈរ​ជើង​ទីនោះ​បាន​យូរ​ឡើយ គឺត្រូវ​ចាក​ចេញ​ជា​បន្ទាន់​ពី​ក្នុង​អធិប​តេយ្យភាព​របស់​ខ្មែរ ។​ តែ​នៅ​ពេល​នោះ​តាម​ការ​សង្កេត ​ទោះកង​ទ័ព​​សៀមដកចេញពី​ក្នុងទឹកដី​ខ្មែរ​ស្ទើរតែ​១០០%​ក៏​ពិតមែន​ តែ​ពួក​ជ្រុលនិយម​សៀមនៅ​ធ្វើមុខ​ក្រាស់​ដោយ​រក្សា​កម្លាំង​ទ័ព​របស់​ខ្លួន​ឱ្យ​ឈរជើង​នៅ​លើ​ផ្ទាំងថ្ម​ដ៏ធំ ​ដែល​ស្ថិតនៅ​កណ្ដាល​បរិវេណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចំនួន​១០​នាក់ចាប់តាំងពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​ថ្ងៃ​ទី​១ ធ្នូ ២០១០ ទើប​ពួក​គេ​​បង្ខំចិត្ដ​ចាកចេញ​អស់ពី​ក្នុង​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈរបស់​ខ្មែរ ។
​ពេល​នេះ​ទោះ​បី​ទ័ព​សៀម​ បាន​ដកចេញ​អស់​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​ហើយ​ក្ដី ក៏អ្វី​ដែលជា​ស្លាក​ស្នាម​​នៃការប្រឈម​មុខ​នឹង​គ្នា​រវាង​ខ្មែរ ​និង​សៀម​នៅ​លើ​​ផ្ទាំងថ្ម​​ក្នុង​បរិ​វេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈដែល​ឧត្ដម​សេ​នីយ៍កា​ណុ​ក មេទ័ព​សៀម​បាន​ចូល​ឈ្លានពាន​ត្រូវ​បាន​ប្រមុខ​ដឹកនាំនៃ​រាជរដ្ឋាភិបាល​កម្ពុជាសំរេច​​ឱ្យ​អាជ្ញាធរខេត្ដព្រះវិហារ​ចារឹក​ជាស្លាក​សញ្ញា​សំគាល់​សំរាប់បង្ហាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរ​ជាតិដែល​ចូល​ទៅ​ទស្សនា​ប្រាង្គ​ប្រា​សាទ​ព្រះ​វិហារ​របស់​ខ្មែរនៅ​លើ​កំពូលភ្នំ​ដងរែក​បាន​ឃើញ​​បាន​ជ្រាបនូវរាល់​អ្វី​ដែល​ជា​សច្ចភាព និង​សម្រាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយបានដឹង​ពី​​ប្រវត្ដិសាស្ដ្រ​ថ្មីៗ​របស់​ជាតិខ្លួន​ ។
លោកស ថា​វី អភិបាលរង​ខេត្ដព្រះវិហារ ប្រចាំការ​តំបន់​ប្រាសាទព្រះវិហារដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សាងសង់​ស្លាក​សញ្ញា​សំគាល់​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មក​រា កន្លង​ទៅ​ថ្មី​ៗ​នេះ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ស្លាក​សញ្ញា​ដែល​បាន​សាង​សង់​នៅ​លើ​​ផ្ទាំងថ្ម​នៅ​កណ្ដាល​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ ដែល​មាន​ឆ្លាក់​អក្ស​រដាក់​ចំណងជើង​ថា «ទី​នេះ​ជា​កន្លែង​សៀម​ឈ្លានពាន​» នោះគឺ​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​ដឹកនាំ​នៃរាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​មានការ​ឯកភាព​ពី​សំណាក់​គណៈ​មេបញ្ជាការ​ឯកភាព​សមរភូមិទិស​យោធភូមិ​ភាគ​ទី​៤ និង​មេបញ្ជាការ​សមរភូមិ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ។ ស្លាក​សំគាល់​ទីកន្លែង​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១១ អំពី​ថ្ម​ម៉ា​ប ទំហំ ០,៩០​ម៉ែត្រ×១,៨០​ម៉ែត្រ​ចារឹក​អក្សរធំ​ៗ​ពណ៌​មាស បែរមុខ​ទៅ​ទិស​ខាងកើតចំ​គោ​បុ​រៈ​ទី​៥ ។ លោកស ថា​វី បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ស្លាក​សំគាល់​នោះ​បាន​សាងសង់​រួចរាល់​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​កំពុង​តែ​រៀបចំធ្វើ​របង​ហ៊ុម​ព័ទ្ធ​ជុំវិញ​បរិវេណ​​ផ្ទាំង​ថ្ម​នោះ ដើម្បីការពារ​ទៀតផង ៕
ដោយ ៖ កោះឯករាជ្យ


(​រូបថត ត្បែងមានជ័យ)

No comments:

Post a Comment