Friday, January 07, 2011

សហគមន៍នេសាទសហការជាមួយបរិស្ថាន ចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅឃុំកំពង់ឃ្លាំង

សៀមរាប ៖ បទ​ល្មើស​នេសាទ ​ខុស​ច្បាប់​ត្រូវ​បាន​កំលាំង ​សហគមន៏​នេសាទ សហការ​ជាមួយ ​កំលាំង​បរិស្ថាន ចុះ​បង្ក្រាប ​បទ​ល្មើស​នេសាទ​​ ជា​ច្រើន​ករណី ថែម​ទាំង​ដុត​កំទេច ​ស្បៃ​មុង និង​ប្រលែង​ត្រី​ចូល​បឹង ធម្ម​ជាតិ​ ចំនួន ១៣០ គីឡូក្រាម ។
កាល​ពី​ថ្ងៃ​ទី​​៦ ខែ មករា ឆ្នាំ ២០១១ នៅ​វេលា​ម៉ោង​៩.៣០ នាទី​ព្រឹក ​ការ​បង្រ្កាប​​ដឹក​នាំ​ដោយ​លោក ទូច ប៊ុនធឿន ប្រធាន សហគមន៏​នេសាទ​កំពង់ឃ្លាំង បាន​សហការ​​ជា​មួយ​​សហគមន៏​នេសាទ​ស្រម៉ោច និង​មន្ត្រី​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បាន​ទៅ​ចុះ​​បង្ក្រាប​​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ដែល​ជន​ល្មើស​លប​លួច​នេសាទ នៅ​ក្នុង​ដែន​អភិរក្ស ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​​ ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។

ការ​ចុះ​បង្ក្រាប​នេះ​ត្រូវ​បាន​ចុះ​អនុវត្ត​ពី​ចំណុច ព្រែក​ក្បាល​ខ្មោច ចាប់​បាន​មាត់​អ៊ុយ ៣០ អ៊ុយ និង​របាំង​អ៊ុយស្បៃមុង ប្រវែង​១៥០០ ម៉ែត្រ បង្គោល​ចម្រឹង​៤០០ ដើម និង​ប្រលែង​កូន​ត្រី ១៣០ គ.ក ហើយ​បាន​ធ្វើ​ពិធី​ដុត​កំទេច​ចោល​ដោយ​មាន​ការ​ចូល​រួម​ពី​លោក ប៉ា ប៉ូរ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ឃ្លាំង ព្រម​ទាំង​មន្ត្រី​បរិស្ថាន មន្ត្រី​សហគមន៏ និង​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នៅ​ជិត​បរិវេណ​វត្ត​កំពង់​ឃ្លាំង ។
លោក ទូច ប៊ុនធឿន ប្រធាន​សហគមន៏ នេសាទ បាន​អោយ​កម្ពុជា​ថ្មី​ដឹង​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ គឺ​ក្រោយ​ពី​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ ច្បាប់​ជលផល ដល់​មេ​ឃុំ និង​មេ​ភូមិ​ទាំង​៦ ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ ក្នុង​ដែន​នេសាទ កំពង់ឃ្លាំង ដើម្បី​អោយ​ចូល​រួម​ថែរក្សា​ការពារ និង​អភិរក្ស​ធន​ធាន​មច្ឆជាតិ ក៏​ដូច​ជា​ការ​អភិរក្ស​ត្រី​មេ​ពូជ នៅ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​អោយ​វិស័យ​ជលផល នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​សំបូរ​បែប​ទៅ​ដោយ​មច្ឆជាតិ ក៏​ដូច​ជា​ការ​បង្កើន​នូវ​ចំណូល​ថវិកា​​ជាតិ និង​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។
លោក​បាន​បន្ត​ថា ប្រភេទ​បទ​ល្មើស​ដែល​បាន​ចុះ​បង្ក្រាប​នេះ ជា​ប្រភេទ​ដែល​ត្រូវ​បាន​ហាម​ឃាត់ ដែល​ធ្វើ​អោយ​មាន​ការ ខ្សត់​ខ្សោយ​និង​បាត់​បង់​ពូជ​ត្រី ​ដូច្នេះ​អ្នក​ដែល​មក​នេសាទ​នៅ​តំបន់​នេះ បើ​តាម​ការ​ពិនិត្យ គឺ​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​នោះ​ទេ គឺ​សុទ្ធ​តែ​មក​ពី​ឆ្ងាយ​។ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ ត្រូវ​បាន​ទទួល​ការ​គាំទ្រ ពី​សំណាក់ ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មាន​ការ​ត្រេតអរ ក្នុង​ការ​ទប់​ស្កាត់ និង​ហាម​ឃាត់​ជា​ប្រចាំ​របស់​សហគមន៍ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​រដ្ឋបាល​ជលផល និង​សូម​សំណូមពរ​បន្ថែម​ដល់​ប្រជាកសិករ អោយ​ចូល​រួម​គោរព​ច្បាប់ កុំ​ទៅ​នេសាទ​អ្វី​ដែល​ខុស​ច្បាប់​ជា​ហេតុ​ធ្វើ អោយ​មាន​ទោស ហើយ​វា​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ៕
ប៊ុន រដ្ឋា

No comments: