បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរម្នាក់ក្នុង ចំណោម១០នាក់ ដែលបាន ឡើងទៅស៊ីឈ្នួល លីឈើ គ្រញូងលើភ្នំដងរែកត្រូវបាន ទាហានថៃ បាញ់ស្លាប់ម្នាក់ ចំណែក៩នាក់ ទៀតបានរត់រួច។
តាមប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ថ្មីៗនេះ ពលរដ្ឋខ្មែរម្នាក់ត្រូវបានទាហានថៃបាញ់ស្លាប់ខណៈពេលដែលពលរដ្ឋរូបនោះបានឡើងទៅស៊ីឈ្នួលកាប់ឈើនិងលីឈើគ្រ ញូងឲ្យឈ្មួញហើយជ្រុលចូលទៅក្នុងទឹកដីថៃប្រមាណ២គីឡូម៉ែត្រ។
លោកជា សុផុន ប្រធានវរៈ៥០៥ ចំណុះឲ្យសឹករងខេត្តបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅ រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១១នេះថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញករណីបាញ់ប្រហារ លើ ពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃនោះនៅឡើយទេ ដោយគ្រាន់តែទទួលព័ត៌ មានថា មានពលរដ្ឋខ្មែរម្នាក់នៅភូមិ មហោស្រព ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានស្លាប់ដោយទាហានសៀម បាញ់ សម្លាប់ ប៉ុន្តែមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនោះ នៅឡើយទេ។ លោកអះអាងថា បន្ទាប់ពីទទួលព័ត៌មានច្បាស់លាស់លោកនឹងធ្វើការវាយតម្លៃទៅលើករណីនោះ។
ចំណែកលោកយ៉ាង រ៉ាយ អធិការស្រុកថ្មពួក បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា កាលពីថ្ងៃ ទី៦ ខែមករា ឆ្នាំ២០១១ វេលាម៉ោង៣និង៣០នាទី រសៀលមានករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋពីសំណាក់ទាហានថៃ ដែលបានឡើងទៅស៊ីឈ្នួលលីឈើគ្រញូង នៅលើភ្នំដងរែក បណ្ដាលឲ្យ ស្លាប់ម្នាក់។
លោកអធិការស្រុករូបនោះ បានឲ្យដឹងដែរថា ពលរដ្ឋដែលបានស្លាប់ដោយសារទាហានថៃ បាញ់ស្លាប់នោះឈ្មោះឡាង សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិមហោស្រព ឃុំគោក រមៀត ស្រុកថ្មពួក ខេត្តឧត្ដរមានជ័យ។ ចំណែក៥នាក់ នៅឃុំជាមួយនឹងជនរងគ្រោះ និង៣នាក់ ទៀតនៅឃុំបន្ទាយឆ្មា៕
No comments:
New comments are not allowed.