Friday, January 07, 2011

ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន៤នាក់ ក្នុងនោះមានមន្ត្រីតុលាការម្នាក់


(​រូបថត បទុម​) ជន​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង ញៀន​​៤​នាក់

ខេត្ត​​កំពង់​ធំ ៖ ជន​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង ញៀន​​៤​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​ការិយា​ល័យ​កណ្តាល​ប្រឆាំង​បទ​ល្មើស ​​សហ​ការ​ជា​មួយ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ​​ឃាត់​ខ្លួន​កាល​ពី​ព្រលប់​ ថ្ងៃ​ទី​៥ មករា ​នៅចំណុច​​ផ្លូវ​ជាតិ​លេខ​៦ មុខ​​វិទ្យា​ល័យ​កំពង់​ធំ ស្ថិត​នៅ​ក្នុង​ភូមិ​អាចារ្យ​លាក់ សង្កាត់​​អាចារ្យ​លាក់ ក្រុង​ស្ទឹង​​សែន ។ ​ក្នុង​ចំណោម​​ជន​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​គេ​ដឹង​ថា​ មាន​​ម្នាក់​​​​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​​បំរើ​ការ​នៅ​សាលា​ដំបូង​​ខេត្ត​ព្រះ​វិហារ​ផង​ដែរ ។ ​ទាក់​ទិន​ករណី​នេះ ប្រភព​ព័ត៌​មាន​​គួរ​ទុក​ចិត្ត​​មួយ​បាន​ឱ្យ​ដឹងថា កាល​ពី​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ព្រលប់ ថ្ងៃ​ទី​៥ មករា ​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​មុខ​សញ្ញា​​ជួញ​​ដូរ​គ្រឿង​ញៀន​​បាន​ចំនួន​៤​នាក់ ​ស្ត្រី​២​នាក់ ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​មន្ត្រី​​តុលា​ការ​ខេត្ត​ព្រះ​វិហារ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើសកម្ម​ភាពដោះ​​ដូរ​ថ្នាំ​ញៀន​ជា​មួយ​ឈ្មួញតាម​ផ្លូវ​សាធា​ណរៈ ។

ប្រភពដដែលបានបន្តថា មុខសញ្ញាទាំង៤​នាក់នេះ គឺ​១-ឈ្មោះម៉ឹង ចាន់តារា ហៅរ៉ា ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា​​នៅ​​សាលាដំបូងខេត្តព្រះ​វិហារ មាន​ទីលំនៅ​ភូមិ​ស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ត​ព្រះ​វិហារ និងជា​ឈ្មួញកណ្ដាល ។​ ២-ឈ្មោះស៊ិន ភាព ភេទស្រី អាយុ​៣៦ឆ្នាំ ​មាន​ទីលំនៅភូមិ​អាចារ្យ​​លាក់ សង្កាត់​អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត​​កំពង់​ធំ ស្ត្រីរូបនេះជាអ្នកកាន់កញ្ចប់ថ្នាំ​ញៀន​ ។ ​៣-ឈ្មោះសុខ សារឿន ហៅជុយ ភេទ​ប្រុស អាយុ​៤០ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីឈ្មោះស៊ិន ភាព និង​ជាអ្នកជិះម៉ូតូទៅទាក់ម៉ូយយកថ្នាំញៀន និង​​៤-ឈ្មោះភាត ដាលីស ហៅម៉ីន ភេទស្រី អាយុ​​៣៤​ឆ្នាំ ​មាន​ទីលំនៅភូមិស្អាង ឃុំស្អាង ស្រុក​​ជ័យ​​សែន ខេត្តព្រះវិហារ ។ ស្រ្តីរូប​នេះជា​ឈ្មួញ​កណ្ដាល​ដើររ​កម៉ូយជាមួយ​ឈ្មោះ​ម៉ឹង ចាន់​តារា ហៅរ៉ា ដែល​ជាមន្ត្រីតុលាការខេត្តព្រះ​វិហារ ។

យោងតាមចំលើយរបស់ពួកគេ សមត្ថកិច្ច​បាន​ឱ្យ​​ដឹងថា ឈ្មោះសុខ សារឿន ហៅ​ជុយ និង​ប្រពន្ធឈ្មោះ​ស៊ិន ភាព គឺជា​មុខ​សញ្ញាជួញ​ដូរ​ថ្នាំ​ញៀនដ៏​សំខាន់ម្នាក់ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​ជាយូរមកហើយ ។ ​អ្នក​ទាំងពីរ​មាន​ទំនាក់​ទំនងជាមួយ​ឈ្មោះម៉ឹង ចាន់តារា ជាមន្ត្រី​តុលាការខេត្តព្រះវិហារ និងឈ្មោះភាត ដាលីស ក្នុងការ​ស្វះស្វែងរកម៉ូយ និងសំរាប់នាំ​ចេញ​ទៅ​លក់​នៅព្រំដែន ។ ប្តីប្រពន្ធនេះត្រូវបានប្រភព ដោយ​ឡែកមួយបាននិយាយថា ជាមេខ្លោង​ដែល​ធ្វើសកម្ម​ភាពជួញដូរ និងចែកចាយ​ថ្នាំ​ញៀន​ឱ្យ​ពួកសិស្ស​វិទ្យាល័យកំពង់ធំនាពេលកន្លង​មក ។ នៅថ្ងៃ​ត្រូវ​​ចាប់​ខ្លួន​ឈ្មោះ​ម៉ឹង ចាន់តារា និង​ឈ្មោះ​ភាត ដាលីស បានទាក់ទងរក​ម៉ូយ​ចំនួន​៤នាក់ជិះរថយន្តមួយ​គ្រឿង​មកយក​នៅ​ចំណុចមុខ​វិទ្យាល័យ ដោយ​ឈ្មោះសុខ សារឿន និងប្រពន្ធ​ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៩ មួយ​គ្រឿងយកកញ្ចប់​ថ្នាំញៀនប្រភេទមេតំ​ហ្វេតា​ម៉ីន (យ៉ាម៉ា) ចំនួន៤.១៦០គ្រាប់ មក​ប្រគល់​ឱ្យ​ម៉ូយក្នុងរថយន្ត​។ ពេល​កំពុងតែធ្វើការ​ដោះ​ដូរ​គ្នា​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ព័ទ្ធ​ចាប់​បាន​តែ​ម្ដង ដោយ​ឡែកឈ្មួញ​ដែល​ទិញបន្តបានរត់​គេច​ខ្លួន​​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនមុខសញ្ញាទាំង៤​ត្រូវ​​បានសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូន​​ទៅ​សាលា​ដំបូងខេត្តកំពង់ធំ​ហើយកាលពីរសៀល​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០១១ រួមជាមួយថ្នាំញៀន​ចំនួន​៤.១៦០គ្រាប់ ម៉ូតូសេ១២៥ ស៊េរី២០០៩ មួយគ្រឿង ។ ដោយឡែកប្រភពព័ត៌មានពីសាលាដំបូង​ខេត្តបាន​ឱ្យ​ដឹងថា មុខសញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​ទាំង​៤​នាក់​​នេះ ត្រូវបាន​លោក​ព្រះរាជ​អាជ្ញា​សំរេច​ធ្វើការចោទ​ប្រកាន់​ពី​បទ​ជួញដូរគ្រឿង​ញៀន និងបាន​ប្រគល់ទៅ​ឱ្យ​ចៅ​ក្រមស៊ើបសួរ​ចេញ​ដីការឃុំខ្លួនបណ្ដោះ​អាសន្ន​នៅ​ពន្ធនា​គារ​ខេត្តកំពង់ធំ ហើយដែរ ។ ជា​មួយការ​បង្រ្កាប​ករណី​នេះកន្លងមក សមត្ថកិច្ចនៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ធំ ធ្លាប់បាន​បង្រ្កាប​មុខ​សញ្ញា​ជួញដូរ និងចែកចាយ​គ្រឿងញៀន​បាន​ជា​ច្រើន​នាក់ និងបានប្រគល់ទៅ​ឱ្យ​តុលាការ​​ចាត់​ការ​តាម​ច្បាប់​រួច​មកហើយ ដែលរូបភាព​នេះ​ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​មួយរយៈ​កន្លងមក ៕
ដោយ ៖ កោះឯករាជ្យ