អាប់ភិស៊ីត:នៅពេលក្រុមអាវលឿងនេះយល់ឃើញអ្នកដែលមិនយល់ស្របតាមខ្លួនសុទ្ធតែជនក្បត់ជាតិ វាពិបាកឃើញរដ្ឋាភិបាលនិងក្រុមអាវលឿងឈានដល់ការយោគយល់គ្នា
នាយករដ្ឋមន្ត្រីថៃលោកអាប់ភិស៊ីត វេចាជីវ៉ាបានបញ្ជាក់អះអាងសាជាថ្មីកាលពីថ្ងៃសុក្រថាការចាប់ខ្លួនជនជាតិថៃ៧នាក់និងការសំរេចក្តីលើពួកគេដោយតុលាការកម្ពុជាមិនពាក់ព័ន្ធអ្វីទៅនឹងការអាចបាត់បង់ទឹកដីថៃមកខាងកម្ពុជាហើយវាក៏មិនអាចចងអោយថៃគោរពកាសំរេចនេះដែរសំរាប់ការងារកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
អាប់ភិស៊ីតបានបញ្ជាក់ថាការសំរេចរបស់តុលាការដែលគ្រោងធ្វើនៅថ្ងៃចន្ទទី១០មករានឹងពាក់ព័ន្ធតែការចោទប្រកាន់ប្រឆាំងបុគ្គល៧នាក់ដែលត្រូវបានចាប់ខ្លួនចំពោះការចូលក្នុងកម្ពុជាដោយខុសច្បាប់និងចូលតំបន់យោធាហាមឃាត់។“សាលក្រមនេះមិនអាចយកទៅប្រើគាំទ្រការអះអាងណាមួយរបស់កម្ពុជាអំពីការកំណត់ព្រំដែនទេ”។
អាប់ភិស៊ីតក៏បានទទួលស្គាល់ថាលោកបានអនុញ្ញាតអោយលោកផានិច វីគិស្រេតដែលជាសមាជិកសភាមណ្ឌលបាងកកទៅពិនិត្យមើលបញ្ហារស់នៅរបស់ជនជាតិថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកផានិចស្ថិតចំណោមជនជាតិថៃ៧នាក់ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួន។ជន៦នាក់ទៀតរួមមានលោកវីរៈ សំក្វាមឃីតដែលជាអ្នកសម្របសម្រួលក្រុមបណ្តាញអ្នកស្នេហាជាតិថៃដែលបំបែកចេញពីក្រុមអាវលឿងនិងតំណាងក្រុម សាន់ទី អាសូកេ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមអាវលឿង។
អាប់ភិស៊ីតបាននិយាយថាជនជាតិថៃមួយក្រុមបានប្តឹងមករដ្ឋាភិបាលថាពួកគេលែងអាចប្រើប្រាស់ដីរបស់គេនៅក្នុងតំបន់មានជម្លោះបានតទៅទៀតហើយ។ក្រុមអាវលឿងនិងសាន់ទី អាសូកេក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហានេះ ដូច្នេះលោកផានិចបានស្ម័គ្រចិត្តចូលរួមជាមួយពួកគេក្នុងការធ្វើដំណើរទៅពិនិត្យព្រំដែន។“ខ្ញុំមិនជឿថាជនជាតិថៃទាំង៧នាក់នេះមានបំណងឆ្លងចូលឬធ្វើចារកម្មក្នុងកម្ពុជាទេ”។
សូមបញ្ជាក់ថាក្រុមអាវលឿងនិងសាន់ទី អាសូកេនេះបាននិងកំពុងគាបសង្កត់អោយរដ្ឋាភិបាលថៃប្រកាន់គោលជំហរតឹងរឹងឡើងចំពោះរដ្ឋាភិបាលក្រុងភ្នំពេញអំពីជម្លោះព្រំដែន។
នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយទៀតថាលោកចង់អោយក្រុមអាវលឿងផ្តល់សេចក្តីថ្លែងការណ៍លម្អិតមួយទៅកាន់សាធារណជន ជាពិសេសទាក់ទងសារដែលចលនានេះបានភ្ជាប់ការចាប់ខ្លួននេះទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ២០០០រវាងថៃនិងកម្ពុជា។
អាប់ភិស៊ីតពន្យល់ថាមានជនជាតិថៃនិងកម្ពុជារស់នៅក្នុងតំបន់ជម្លោះ តែMoUរារាំងមិនអោយពួកគេកាន់កាប់ដីត្រង់នោះជាកម្មសិទិ្ធ។បើរដ្ឋាភិបាលលុបចោលMoU ឆ្នាំ២០០០ ដូចដែលក្រុមអាវលឿងទាមទារ នោះកម្ពុជានឹងគ្រប់គ្រងតំបន់ជម្លោះខាងគេជុំវិញប្រាសាទព្រះវិហារដោយសេរី។កម្ពុជាក៏ទទួលបានអ្វីៗដែលខ្លួននឹងស្នើនៅកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសបារេន ដែលត្រូវគេគ្រោងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ ប្រសិនបើថៃដកខ្លួនចេញពីគណៈកម្មាធិការនេះតាមសំណើរបស់ពួកអាវលឿងនោះ។“ខ្ញុំមិនចង់ឃើញរឿងនេះកើតឡើងទេ។នៅពេលក្រុមអាវលឿងនេះយល់ឃើញអ្នកដែលមិនយល់ស្របតាមខ្លួនសុទ្ធតែជនក្បត់ជាតិ វាពិបាកឃើញរដ្ឋាភិបាលនិងក្រុមអាវលឿងឈានដល់ការយោគយល់គ្នា”។
ក្នុងពេលជាមួយគ្នា ប្រមុខយោធាលោកប្រាយុទ្ធ ចាន់-អូចាបានស្នើអោយគ្រប់ភាគីទាំងអស់ឈប់រិះគន់រដ្ឋាភិបាលអំពីបញ្ហានេះ។លោកបាននិយាយថាការរិះគន់អាចធ្វើអោយបញ្ហាប្រែជាស្មុគស្មាញដែលឥឡូវកំពុងស្ថិតក្នុងដៃតុលាការកម្ពុជា។“កុំចោទថាទាហានថៃខ្លាចទាហានកម្ពុជា។យើងត្រៀមបាញ់ការពារអធិបតេយ្យភាពរបស់ប្រទេសប្រសិនបើខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ តែនៅពេលខ្សែបន្ទាត់ព្រំដែននៅមិនទាន់ច្បាស់លាស់ វាត្រូវតែសំរេចដោយច្បាប់”។
លោកបានបន្ថែមថាអ្នកដែលចូលក្នុងតំបន់នេះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរ។
ចំណែកលោក ប្រាសង ស៊ុនស៊ិរិ អតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនិងជាអតីតរដ្ឋមន្ត្រីការបរទេសថៃបាននិយាយថារដ្ឋាភិបាលថៃស្លូតពេក។លោកបានស្នើអោយរដ្ឋាភិបាលប្រកាន់ជំហរថាជនជាតិថៃទាំងនេះត្រូវបានចាប់ខ្លួនក្នុងទឹកដីថៃហើយថៃនឹងមិនទទួលយកការសំរេចរបស់តុលាការកម្ពុជាទេបើសិនជាជនទាំង៧នាក់នេះត្រូវរកឃើញថាពួកគេមានទោសកំហុស។
CEN
No comments:
New comments are not allowed.