Tuesday, January 11, 2011

លិខិតរបស់ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល កម្ពុជា ផ្ញើជូន លោកនិពន្ធនាយក កាសែតបាងកកប៉ុស្តិ៍ ទាមទាអោយ កែតម្រូវ

ជូនចំពោះលោកនិពន្ធនាយក
កាសែតបាងកកប៉ុស្តិ៍
អគារលេខ១៣៦ ផ្លូវ Na Ranong
Klong Toey ទីក្រុងបាងកក ១០១១០
ទូរសាៈ ០២ ២៤០ ៣៦៦៦

លោកនិពន្ធនាយកជាទីរាប់អាន

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល កម្ពុជា ទាមទារ យ៉ាងម៉ឺងម៉ាត់ ឲ្យកាសែត បាងកកប៉ុស្តិ៍ ដែលជាកាសែត វិជ្ជាជីវៈមួយឲ្យ ធ្វើការចុះផ្សាយ អត្ថបទ​កែតម្រូវ ជាបន្ទាន់មួយ ចំពោះអត្ថបទដែល ​បាន​ដក​ស្រង់​សម្ដី​ខុស ក្រោម​ចំណង​​​ជើងថា «តុលាការបានបន្ថែម ទោស ជនជាតិថៃ ២នាក់លើ ករណីចារកម្ម» ដែល​បាន​ចុះ​ផ្សាយ​ កាល​ពី​ថៃ្ងទី ១១ ខែមករា ឆ្នាំ ២០១១ នៅវេលាម៉ោង ១២យប់ នៅ​ក្នុង​ទំព័រ​មួយ​របស់​ កាសែត​បាងកកប៉ុស្តិ៍ដែលបាន សរសេរថា «… ហ៊ុន សែន បាន​មាន ​ប្រសាសន៍ថា កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេស ថៃ កាស៊ីត ភិរម្យ៉ា បាន​ទូរ​ស័ព្ទ​មក សម្តេចប្រមាណ ១០ ដង ក៏ប៉ុន្តែលោក​មិនបានឆ្លើយការ ហៅចូលនោះ ទេ។» តាម​ការ​ពិតនេះ គឺជាការ​ចុះផ្សាយ ​នូវ​ព័ត៌មាន​ខុសការ​ពិត​ ធ្វើឲ្យភ័ន្តច្រឡំ និងជាការស្មាន ​មិន​ប្រាកដ​​ដែល​នាំបង្កើត​ឲ្យមាន ការច្របូក​ច្របល់​ និង​យល់​ខុស​រវាង​ រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​ថៃ។

ការពិតនោះគឺថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលនៅក្នុងសុន្ទរកថា របស់សម្តេច ក្នុងពីធីប្រគល់សញ្ញាបត្រនៅ វិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១១ បានមាន ប្រសាសន៍យ៉ាងច្បាស់ថា «... សម្តេច បានឃើញមាន ការ ហៅចូលពីបរទេស ចំនួនប្រហែល ១០ ដង ក្នុងទូរស័ព្ទដៃ​ របស់​សម្ដេច​ នៅរាត្រីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។សម្តេច លោក​ខកខាន​ក្នុង​ការ​ ឆ្លើយការ​ហៅ​ចូលទាំង​នោះ ដោយ​សារតែ​មុននេះ ​លោក​បាន​ដាក់​ ទូរស័ព្ទមិន​ឲ្យ​ឮសំឡេង ​រោទិ៍»។សម្តេច​នាយក​រដ្ឋ​មន្ត្រី​ លោក​មិនបានមាន ​ប្រសាសន៍ថា​ តើអស់​លោក​ពី​ ខាងណា​ព្យាយាម​​ទូរ​ស័ព្ទ មក​រកសម្ដេច​​​នោះទេ ជាពិសេស សម្តេច មិន​បាន​មាន​ប្រសាសន៍​​ សូម្បីតែពាក្យ​ មួយម៉ាត់ណាទៅ​ដល់ ​​ឈ្មោះ​របស់​ លោក​រដ្ឋមន្ត្រីការ បរទេសថៃ កាស៊ីត ភិរម្យ៉ា​នោះ​ឡើយ។

ដើម្បី​រក្សាទុក​ ឯកសារ​ជា​ផ្លូវការ​ អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស​ ទាមទារ​ដោយ​ ទទូចឲ្យមាន ការចុះផ្សាយនូវការ កែតម្រូវឡើងវិញជាបន្ទាន់ នៅទំព័រដដែលដើម្បី ឲ្យសាធា​រណ​មតិ​ថៃ និង អន្តរជាតិ អាច​ទទួល​បាន​ហេតុការ ​ពិតដើម្បី​ជួយ​ពួក​គេ​ បង្កើតបាន​នូ​វទស្សនៈ​ ត្រឹមត្រូវ​មួយ​ទាក់​ទង​ ទៅ​នឹងការ​ឃាត់ខ្លួន​ និង​បទចោទប្រកាន់​ លើ​ជន​ជាតិថៃទាំង ៧នាក់ ដែល​បាន​ឆ្លងដែន ខុសច្បាប់ចូលមកក្នុង ទឹកដីកម្ពុជា កាលពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។

សូម​លោក​ទទួល​នូវការ​រាប់អានអំពីយើង​ខ្ញុំ។
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

No comments: