Tuesday, January 11, 2011

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូឡុំប៊ី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃទី​១៦​ដល់​២០ ខែ​មករា

ភ្នំពេញ ៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស កូឡុំប៊ី នឹង​មកបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា ណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ តាម​ការអញ្ជើញ​របស់​លោកហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង ការ​បរទេស​និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា។ ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​លើក​នេះ គឺ​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូឡុំប៊ី ឲ្យ​កាន់​តែខ្លាំង​ថែម​មួយកំរិត ទៀត។
យោង​តាម​សេចក្ដីជូនព័ត៌មាន​របស់ក្រសួងការ​បរទេសកម្ពុជា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០១១​នេះ បានឲ្យដឹង​ថា លោកស្រី​ម៉ារីយ៉ា អេនជេលឡា ហូលហ្គីន(Maria Angela Holguin) រដ្ឋមន្រ្តី​ការ​បរទេស នៃសា​ធារណរដ្ឋ​កូឡុំប៊ី នឹង​អញ្ជើញ​មក​បំពេញទស្សនកិច្ច​នៅ​កម្ពុជារយៈពេល​៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃទី​១៦​ដល់ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១១ តាម​ការ​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំ​ហុង​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរ​ទេស​កម្ពុជា។ សេចក្ដី​ជូនព័ត៌មាន​បានឲ្យដឹង​ថា នៅ​ក្នុង​អំឡុងពេលបំពេញ​ទស្សនកិច្ច​នៅកម្ពុជា លោកស្រី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស នឹង​ចូល​ក្រាបបង្គំគាល់​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បន្ទាប់​មក​លោកស្រី​នឹង​ចូល​ជួបសម្ដែង​ការ​គួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្ដី​ជូន​ព័ត៌មាន​បាន​ឲ្យដឹងទៀតថា នៅ​ក្នុងដំណើរ​ទស្សនកិច្ច​នេះ លោកស្រី ម៉ារីយ៉ា អេនជេល​ឡា ហូលហ្គីន(Maria Angela Holguin) រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស នៃ​សាធារណរដ្ឋ​កូឡុំប៊ី គ្រោង​នឹង​ចូល​ជួប ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​មេត្រី​ភាពរវាង​កម្ពុជា និង​កូឡុំប៊ី ឲ្យ​កាន់​តែមាន​ភាព​ជិតស្និទ្ធ ថែម​មួយ​កំរិតទៀត។ ដំណើរ​ទស្សនកិច្ច​របស់លោកស្រី​រដ្ឋមន្រ្តី ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនាសារមន្ទីរ​ប្រល័យ ពូជសាសន៍​ទួលស្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ផងដែរ៕
រាជសីហ៍

No comments:

Post a Comment