មន្ត្រីតុលាការ បានចោទប្រកាន់ទោសដាច់ដោយឡែក លើជនសង្ស័យ ថៃ២នាក់ ក្នុងចំណោមជនសង្ស័យថៃទាំង៧ ដែលទោសនោះ នឹងអាចអោយប្រឈមនឹងការជាប់គុក រវាងពី៥ទៅ១០ឆ្នាំនៅកម្ពុជា។
សូមជំរាបថា ជនសង្ស័យថៃទាំង៧ នាពេលនេះ កំពុងរងពីបទចោទប្រកាន់ ២ គឺការឆ្លងដែនខុសច្បាប់ និងឆ្លងកាត់កន្លែងយោធា ដែលគេហាមឃាត់។ ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍មុន ចៅក្រមស៊ើបអង្កេត តុលាការរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បន្ថែម លើជនសង្ស័យថៃ២នាក់ ក្នុងចំណោម៧នាក់នោះ នូវបទល្មើសមួយទៀត ដែលជាប់ពាក់ព័ន្ធនឹងចេតនា នៃការប្រមូលផ្តុំព័ត៌មានបែបចារកម្ម។ ជនជាតិថៃទាំង២ ដែលគេបានចោទបទល្មើសបន្ថែមនោះ គឺមាន ឈ្មោះវីរ៉ាស៊ុមក្វាមឃីត ដែលជាអគ្គលេខាធិការ បណ្តាញប្រជាជន ប្រឆាំងអំពើពុករលួយ និងម្នាក់ទៀតឈ្មោះ រ៉ាទ្រី ផៃ ភូថាណាផៃប៊ូន ភេទស្រីជាអ្នកសារព័ត៌មាន។ អ្នកទាំង២ ត្រូវបានចោទប្រកាន់បន្ថែម តាមមាត្រា ៤៤៦ នៃក្រមព្រហ្មទណ្ឌ ពីបទប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើអោយអន្តរាយ ការការពារជាតិ។ មាត្រាច្បាប់ ៤៤៦ បានចែងថា អំពើទទួលឬប្រមូលផ្តុំ ដើម្បីផ្តល់អោយទៅរដ្ឋបរទេសឬ ភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុតាងឯកសារ ទិន្ន័យព័ត៌មានវិទ្យា ឬសាលាកបត្រ ដែលអាចធ្វើអោយអន្តរាយ ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ។
ដូច្នេះ បើសិនជាអ្នកទាំង២ ត្រូវបានតុលាការរកឃើញថា ពិតជាមានកំហុសនោះមែន ទោសធ្វើចារកម្ម ប្រមូលព័ត៌មាន ដែលនាំអោយអន្តរាយការការពារជាតិ នឹងត្រូវ ប្រឈមការជាប់គុកពីរវាង ៥ទៅ១០ឆ្នាំ។
No comments:
Post a Comment