យោងតាមសេចក្តីប្រកាសពត៌មានដែលបានផ្សព្វផ្សាយនៅព្រឹកនេះ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១១ នេះបាននិយាយថា សហភាពអឺរ៉ុបបានសំរេច ផ្ដល់ជំនួយជាទឹក ប្រាក់ប្រមាណ ១,៦ លានអឺរ៉ូ (ប្រមាណជាជាង ២ លានដុល្លារសហរដ្ឋអាមេរិក) ដល់គម្រោងថ្មីចំនួន ៨ដែលធ្វើកិច្ចការដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា ។ គម្រោងទាំងនេះ នឹងត្រូវអនុវត្ដ ភាគច្រើន ដោយអង្គការក្រៅ រដ្ឋាភិបាលក្នុងស្រុក ។
សេចក្តីប្រកាសដដែលបាននិយាយឲ្យដឹងទៀតថា គម្រោងទាំងប្រាំបី នេះ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសំណើសុំថវិកា ចំនួន២៣ដែលត្រូវបាន ធ្វើឡើងតាមរយៈការប្រកាស់ឱ្យដាក់សំណើរសុំថវិការបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំមុននិងតាមរយៈកម្មវិធីសិទ្ធិមនុស្សជាសាកលរបស់សហភាពអឺរ៉ុប។
គំរោងទាំង៨ ដែលបានទទួលថវិកានេះមាន ទី១-មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលបានជំនួយជាទឹកប្រាក់ចំនួនជាង ៩៥.០០០ អឺរ៉ូ ដើម្បីអនុវត្ដ គម្រោងមួយដែលមានរយៈពេល ២៤ ខែ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់សហគមន៍ ដែលងាយទទួលរងគ្រោះ ដើម្បីទប់ស្កាត់ការរំលោភយកដីធ្លីរបស់ពួកគេដោយខុសច្បាប់ និង ធានាធ្វើយ៉ាងណាឱ្យមានដំណោះ ស្រាយដោយសន្ដិវិធីនិងសមស្របចំពោះជម្លោះដីធ្លី ។ ទី២-គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្ដិធម៌នៅកម្ពុជាទទួលបានជំនួយជាទឹកប្រាក់ចំនួនជាង១៣១.០០០អឺរ៉ូសម្រាប់អនុវត្ដគម្រោងមួយដែល មានរយៈពេល២២ខែដើម្បីលើកកម្ពស់ការយល់ ដឹងអំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាននិងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅក្នុងអំឡុងនិងក្រោយពេលបោះឆ្នោត។ទី៣-ជំនួយជាទឹកប្រាក់ចំនួន៣០០.០០០អឺរ៉ូត្រូវបានផ្ដល់ដល់អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិចដើម្បីអនុវត្ដគម្រោងមួយដែល មានរយៈ ពេលចំនួន ៣៦ ខែ នៅក្នុងខេត្ដរតនគីរី។ ទី៤-អង្គការសីលកា តាមរយៈអង្គការដៃគូដែលមានឈ្មោះថា Dan Church Aidទទួលបានជំនួយជាទឹកប្រាក់ ចំនួន ២៨៥.០០០ អឺរ៉ូ សម្រាប់គម្រោងមួយដែលមានរយៈពេល ៣៦ ខែ ដែលផ្ដោតទៅលើការផ្ដល់សិទ្ធិ អំណាចដល់ស្ដ្រីកម្ពុជាដែលជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ និង ផ្ដល់សេវាសង្គមកិច្ចដែលចាំបាច់ ដល់ក្រុមងាយរងគ្រោះបំផុត នៅកម្ពុជា ។ទី៥- ទឹកប្រាក់ចំនួនជាង ២៧៧.០០០អឺរ៉ូត្រូវបានផ្ដល់ដល់អង្គការការពារយុត្ដិធម៌កុមារដើម្បីអនុវត្ដគម្រោងមួយដែលមានរយៈពេល២៤ក្នុងការដំណើរការលើកកម្ពស់ការគោរពសិទ្ធិរបស់កុមារដែលជាប់ពន្ធនាគារ ។ទី៦- ជំនួយផ្នែកច្បាប់នៃកម្ពុជា តាមរយៈអង្គការដៃគូ REDD BARNA (អង្គការសង្គ្រោះកុមារណរវ៉េ) ទទួលបានជំនួយជាទឹកប្រាក់ចំនួនជាង ៤៨០.០០០ អឺរ៉ូ សម្រាប់អនុវត្ដគម្រោងមួយដែលមានរយៈពេល ៣៦ ខែ នៅខេត្ដបន្ទាយមានជ័យនិងសៀមរាបដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍នៃដំណើរយុត្ដិធម៌ មួយដែលមានលក្ខណៈសមស្របសំរាប់កុមារ និង ការពង្រឹងការអនុវត្ដន៍សិទ្ធិរបស់កុមារ ដោយផ្អែកលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់អន្ដរជាតិ ។ទី៧- ក្លឹបអ្នកកាសែតកម្ពុជាទទួលបានទឹកប្រាក់ប្រមាណ១០.០០០អឺរ៉ូសម្រាប់ការរៀបចំកិច្ចពិភាក្សាតុមូលលើបញ្ហាសិទ្ធិមនុស្សនិងវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិមនុស្សដល់អ្នកសារពត៌មានកម្ពុជាប្រមាណ ៥០ រូប ដើម្បីជំរុញឱ្យមានយកចិត្ដទុកពិភាក្សានិងរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនិងទី៨-គណៈកម្មាធិការប្រព្រឹត្ដិកម្មនៃអង្គការ- សមាគមការពារសិទ្ធិមនុស្សកម្ពុជាទទួលបានជំនួយជាទឹកប្រាក់ប្រមាណ១០.០០០អឺរ៉ូសម្រាប់ការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដីធ្លីនាពេល បច្ចុប្បន្ន និង ក្របខ័ណ្ឌច្បាប់ស្ដីពីយន្ដការដោះស្រាយជម្លោះដីធ្លី ។
ដោយ : សិរី
No comments:
Post a Comment