(រូបថត ចោមចៅ)
រាជធានីភ្នំពេញ ៖ ជនជាតិសៀម២នាក់ ក្នុងចំណោម៧នាក់ដែលរងការចោទប្រកាន់បន្ថែមកំពុងត្រូវបានចៅក្រមសាកសួរនៅក្នុងបន្ទប់នៃអគារតុលាការរាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹកថ្ងៃទី១២ មករា ២០១១ ដើម្បីបញ្ជាក់អំពីស្ថានទម្ងន់បទល្មើសរបស់ពួកគេមុនពេលឈានទៅបើកសវនាការជំនុំជម្រះនៅពេលខាងមុខ ។ ជនជាប់ចោទ២នាក់ដែលរងការចោទប្រកាន់បន្ថែមនេះគឺឈ្មោះវីរៈ ស៊ុមខ្វាមឃីត ជាមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង និងជនជាប់ចោទឈ្មោះ Ratree Taiboon ដែលគេដឹងថា ជាលេខារបស់លោកវីរៈត្រូវចោទប្រកាន់បន្ថែមទៀត ពីបទប៉ុនប៉ងប្រមូលព័ត៌មានធ្វើឱ្យប៉ះពាល់សន្តិសុខជាតិរបស់កម្ពុជា អាចជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនបើពួកគេត្រូវបានរកឃើញថា មានទោសកំហុស ។
នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងថា ពលរដ្ឋថៃទាំង៧នាក់នោះពុំមានចេតនាបង្កបញ្ហាដល់កម្ពុជានោះទេ ហើយពេលនេះលោកកំពុងស្វះស្វែងសុំឱ្យកម្ពុជាដោះលែងដោយការបង់ប្រាក់ធានា ។ ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ម្តងហើយម្តងទៀតថា ពុំមានអ្នកណាអាចធ្វើអន្តរាគមន៍ក្នុងករណីនេះបានទេ ដោយករណីនេះស្ថិតក្រោមសិទ្ធិសំរេចរបស់តុលាការកម្ពុជា យើងមិនអាចលូកដៃទៅបង្គាប់បញ្ជាតុលាការបានឡើយ ព្រោះតុលាការឯករាជ្យ។
ក្រុមអ្នកតាមដានបានលើកឡើងថា ការឆ្លងចូលទឹកដីកម្ពុជាដោយចេតនា ឬអចេតនាក៏ដោយ មិនមែនជនជាតិថៃទាំង៧នាក់នោះមិនដឹងថា ខ្សែបន្ទាត់ព្រំដែននៅត្រង់ណានោះទេ ព្រោះថា មានបង្គោលសីមាលេខ៤៦ និង៤៧ បង្ហាញយ៉ាងជ្រងរៗ ហេតុអ្វីពួកគេមិនប្រុងប្រយ័ត្ន? នេះគឺមកពីពួកគេប្រព្រឹត្តទាំងបំពានមកលើទឹកដីកម្ពុជាយ៉ាងគឃ្លើនតែម្តង ។
គេបានកត់សំគាល់ថា នៅចំពោះមុខសមត្ថកិច្ចសួរចម្លើយ ជនជាតិសៀមទាំង៧នាក់នេះបង្ហាញនូវអាកប្បកិរិយាមួយ ដែលខ្មែរយើងហៅថា «ឈ្លើយណាស់» និយាយស្តីគ្មានការគួរសមក្នុងនាមជាមនុស្ស មានសុជីវធម៌សោះ ។ ដំណើរការនាំខ្លួនជនជាប់ចោទជនជាតិសៀមទាំង៧នាក់នេះ ក៏មានការតាមដានយ៉ាងដិតដល់ពីឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាផងដែរ ។ ភាពខុសប្លែកគ្នារវាងចំណាត់ការរបស់តុលាការថៃ និងកម្ពុជាត្រូវបានគេមើលឃើញថា ជនជាប់ចោទកម្ពុជា ដែលតុលាការថៃហៅមកសាកសួរ ឬបើកសវនាការគឺសុទ្ធតែដាក់ខ្នោះដៃ និងច្រវាក់ជើង...ចំណែកជនជាប់ចោទថៃវិញ ពេលតុលាការកម្ពុជាហៅមកសាកសួរ ឬបើកសវនាការ គឺដើរបង់បោយឱ្យរំភើយ គ្មានដាក់ខ្នោះច្រវាក់អ្វីទេ... ដូចយើងឃើញរូបភាពនេះជាក់ស្តែងហើយ ។
សូមបញ្ជាក់ថា ក្រុមជ្រុលនិយមអាវលឿង សៀម៧នាក់នេះមានស្រី២ ប្រុស៥ ត្រូវបានកំលាំងការពារព្រំដែនជួរមុខចាប់ឃាត់ខ្លួន ខណៈពួកគេចូលលុកលុយក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ ដោយ ៖ កោះឯករាជ្យ
No comments:
New comments are not allowed.