Tuesday, January 11, 2011

ឯកឧត្តម​ វ៉ា គឹមហុង​ ជួប​សំណេះ​សំណាល​ជាមួយ​ប្រធាន​ថ្មី​ នៃ​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ថៃ​-កម្ពុជា​


នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១១ នៅ​ទី​ស្តី​ការគណៈរដ្ឋមន្រ្តី ​ឯកឧត្តម​ វ៉ា គឹមហុងទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ បាន​ទទួល​ជួប​សមភាគីថៃ​ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​ដែល​​​ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​ថ្មី​ នៃ​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​ គោក​ថៃ-កម្ពុជា​។
            ឯកឧត្តម វ៉ា គឹមហុង ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​ជំនួប​ធម្មតា​ រវាង​ឯកឧត្តម​​​ និង​ឯកឧត្តម​ អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ ដែល​ទើប​នឹងត្រូវ​​តែង​តាំង​ថ្មី​ ហើយ​បាន​ដឹក​នាំ​ប្រតិភូ​​គណៈកម្មការ​​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ថៃ-កម្ពុជា មក​សំដែង​ការ​គួសម​។​
            ​ឯកឧត្តម​ វ៉ា គឹម​ហុង បាន​មាន​ប្រសាសន៍​ចាត់​ទុក​ថា ជំនួប​នៅ​ពេល​នេះ​គឺ​ជា​ចំនុច​ល្អ​ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ជួប​គ្នា​​រវាង​​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​​កម្ពុជា​​-ថៃ​ នាពេលក្រោយ​បន្ត​បន្ទាប់​ទៀត​។​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន ​ស្វាគមន៍​ ដោយ​បាន​លើក​ឡើង​ថា គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ ​​ត្រូវ​តែ​ ជួប​ធ្វើ​ការងារ​ជាមួយ​គ្នា​បន្ត​ទៀត​។
​​            សូម​រំលឹក​ផង​ដែរ​ថា គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមាព្រំដែន​គោកកម្ពុជា​ដឹក​នាំ​ដោយ​ ឯកឧត្តម វ៉ា គឺមហុង ​និង​ ​ឯកឧត្តម​ វ៉ា​ស៊ីន ទីរ៉ា​វិឈីយ៉ាន​(Vasin Teeravechyan)  អតីត​ប្រធាន​ គណៈ​កម្មការ​ចំរុះ​ខ័ណ្ឌ​សីមាព្រំដែន​គោកថៃ ​ បាន​ជួប​ប្រជុំ​ជា​មួយ​គ្នា​ជា​លើក​ចុង​ក្រោយ​នៅ​រាជធានី​ ភ្នំ​ពេញ​កាល​​ពី​​ឆ្នាំ​២០០៩ កន្លង​មក ហើយ​ត្រូវ​បាន​អាក់​ខាន​ដោយ​សារ​តែ​ កំណត់​ហេតុ​នៃ​ការ ​ប្រជុំ​​នា​ពេល​កន្លង​មក​ មិន​ត្រូវ​បាន​អនុម័ត​ ដោយ​រដ្ឋសភា​ថៃ​។​ ទាក់ទិន​នឹង​បញ្ហា​នេះ​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន​ឲ្យ​ដឹង​ថា រដ្ឋ​សភាថៃ​បាន​ពន្យារ​ពេល​នៃ​ការ​ពិភាក្សា​ បញ្ហានេះ​ក្នុង​រយៈ​ពេល​ ៣០ ថ្ងៃ​ ដើម្បី​សុំ​ការ​អនុម័ត​ពី​​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​។​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន​បញ្ជាក់​ថា នៅ​ក្នុង​ខណៈ​ដែល​​រដ្ឋ​សភា​ និង​រដ្ឋាភិបាល ​ថៃ​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​នោះ​​ ​ខ្ញុំ​បាន​គិត​ថា គណៈកម្មការ​ចំរុះ​ខ័ណសីមា ព្រំដែន​គោក​ប្រទេស ​ទាំង​ពីរ​​ត្រូវ​តែបន្ត​​ជួប​ធ្វើ​ការងារ​ជាមួយ​គ្នា​ទៀត​។

(រូបភាព៖ ស៊ឹម លាភ

            ឯកឧត្តមទេសរដ្ឋមន្រ្តី​ វ៉ា គឺមហុង​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​ភាគី​ ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ធម្មតា​ ​ដែល​មិន​ទាក់​ទង​ដល់​ការ​​សុំ​ការ​អនុម័ត​ពីរដ្ឋ​សភាថៃ ​គឺ​ការ​បញ្ជូន​ អ្នក​បច្ចេកទេស​ នៃ​គណៈ​កម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ​ ដើម្បី​ទៅ​ពិនិត្យ​ មើល​បង្គោល​លេខ​១ នៅច្រក​​ ជាំសាងាំ​ និង​ទៅ​បង្គោល​លេខ ២៣ ជា​ដើម​។​

No comments:

Post a Comment