នៅក្នុងឱកាសចូលជួបសំដែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១១ លោកជំទាវ ANNE HOGLUND ឯកអគ្គ រដ្ឋទូតថ្មីរបស់ប្រទេសស៊ុយអ៊ែត បានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវគឺជាឯកអគ្គរដ្ឋទូតទី ១ របស់ ប្រទេសស៊ុយអ៊ែត ដែលបានមកបំពេញបេសកកម្មការទូត នៅក្នុងប្រទេសកម្ពុជា ស្របពេលជាមួយ នឹងការបើកស្ថានឯកអគ្គរដ្ឋទូតក្នុងពេលដ៏ខ្លីខាងមុខនេះនៅក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យដឹងថា លោកស្រី ANNE HOGLUND មានប្រសាសន៍ជំរាបជូនសម្ដេចតេជោថា បេសកកម្មការទូតរបស់លោកស្រីមកកាន់ ប្រទេសកម្ពុជានៅ ពេលនេះ គឺដើម្បីធ្វើយ៉ាងណាពង្រឹង និង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ ជាមួយប្រទេសកម្ពុជា លើវិស័យពាណិជ្ជកម្ម ក៏ដូចជាគាំទ្រកម្ពុជាឱ្យកាន់តែទទួលបាន ជោគជ័យលើ រាល់កម្មវិធីទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះ ។
ឯកឧត្តមជំនួយការឱ្យដឹងបន្ដថា នៅក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានស្វាគមន៍ ចំពោះវត្ដមាន លោកជំទាវឯកអគ្គរដ្ឋទូតព្រមជាមួយនឹងការបើកស្ថានឯកអគ្គរដ្ឋទូតជាលើក ដំបូងរបស់ ប្រទេសស៊ុយអ៊ែតនៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលស៊ុយអ៊ែត ដែលបានជួយដល់ ប្រទេសកម្ពុជាចាប់តាំងតែពីទសវត្ស ៨០ រហូត មកដល់បច្ចុប្បន្ន ។ នៅក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានស្នើឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតបន្ដជួយជំរុញ និង លើកទឹកចិត្ដអ្នកវិនិយោគ និង អ្នកទេសចរណ៍ស៊ុយអ៊ែត មកកាន់ ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង ព្រោះថាទាំងអស់នោះគឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍ ប្រទេស កម្ពុជាឡើងវិញ ។/
No comments:
Post a Comment