នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីតវេចាជីវ៉ា បានកោះប្រជុំ មន្ត្រីរក្សាសន្តិសុខជាតិ ដើម្បីពិភាក្សារកមើលវិធី ដើម្បីជួយជនជាតិថៃទាំង៧ ដែលកម្ពុជា បានចាប់ឃុំខ្លួន។
ការកោះហៅមន្ត្រីរក្សាសន្តិសុខជាតិ ដែលចូលរួមដោយឧបនាយករដ្ឋមន្ត្រីថៃ លោកស៊ូថេបថងស៊ូបាន លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវិតវង្សស៊ូវ៉ុន និងលោករដ្ឋមន្ត្រីក្រសួងការបរទេស កាស៊ីតភីរម្យផងដែរ បានធ្វើឡើងនៅជាមួយនឹង ស្ថានការណ៍ ដែលមានការគាបសង្កត់ពីក្រុមថៃអាវលឿង ដែលបង្ខំអោយនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ប្រើកម្លាំងដាក់គំនាបមកលើកម្ពុជា ដើម្បីដោះលែងជនជាតិថៃទាំង៧។
ពីភ្នំពេញនេះវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងដាច់ណាត់ ប្រឆាំងរាល់ការប៉ុនប៉ងធ្វើអន្តរាគមណាមួយ ដែលមានបំនងដាក់ការគាបសង្កត់មកលើកម្ពុជា និង បញ្ជាក់ដាច់ណាត់ថា រឿងថៃទាំង៧ នឹងត្រូវស្ថិតក្នុងអំណាចច្បាប់ របស់តុលាការកម្ពុជា ដែលនឹងមិនស្ថិតក្រោមឥទ្ធិពល ការធ្វើអន្តរាគមន៍ពីសំណាក់បរទេសណាមួយនោះឡើយ។
នាយករដ្ឋមន្ត្រីថៃ ក្រោយកិច្ចប្រជុំនោះ បានប្រាប់អ្នកកាសែតថា ថៃ នឹងដាក់ចេញនូវគោលការណ៍ច្បាស់លាស់ ប៉ុន្តែនឹងមិនអាចរៀបរាប់នាពេលនេះបានទេ។ លោកនាយករដ្ឋមន្ត្រីថៃ បញ្ជាក់ទៀតថា បញ្ហានេះ នឹងត្រូវគេយកចិត្តទុកដាក់ និងសើរើពិនិត្យមើលសាឡើងវិញ។
លោកនាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា មកទល់ពេលនេះ មិនមានការពិភាក្សា ក្នុងការបញ្ចុះទំនាក់ទំនងរវាងប្រទេសទាំង២នោះទេ។
ដោយ ៖ នគរវត្ត
No comments:
Post a Comment