គេហទំព័រថៃដដែលបានចេញផ្សាយព័ត៌មានដោយដកស្រង់សំដីលោកស៊ូថេប ដែលថ្លែងថា ឥឡូវនេះភាគីថៃមិនអាចធ្វើអ្វីបានឡើយក្រៅពីរង់ចាំការចេញសាលក្រមរបស់តុលាការ ហើយលោកស៊ូថេប ក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់កុំឱ្យធ្វើអ្វីដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ករណីពលរដ្ឋថៃ៧នាក់ ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ មករា កន្លងមកថា ពុំមាននរណាម្នាក់អាចធ្វើអន្តរាគមន៍ក្នុងករណីរបស់ជនជាតិសៀមទាំង៧នាក់នោះបានឡើយ ។
លោកស៊ូថេប ថ្លែងទទួលស្គាល់ថា នីតិវិធីរបស់តុលាការកម្ពុជាមិនខុសពីនីតិវិធីរបស់តុលាការថៃទេ គឺមិនត្រូវដាក់សម្ពាធលើតុលាការទេ ហើយអ្វីដែលសម្តេចតេជោហ៊ុន សែន បានថ្លែងនោះគឺគ្រាន់តែជាគោលការណ៍នីតិវិធីច្បាប់ប៉ុណ្ណោះ ដោយសម្តេចតេជោពុំមានចេតនាបង្កឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនោះទេ ។
ឧបនាយករដ្ឋមន្ត្រីថៃរូបនេះអះអាងបញ្ជាក់សារជាថ្មីថា ពេលនេះអាជ្ញាធរថៃកំពុងប្រើប្រាស់ និងរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយពលរដ្ឋថៃទាំង៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសកម្ពុជា ។
សម្តេចតេជោហ៊ុន សែន ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនស៊ីនហួដែលថ្លែងថា «វាមិនអាចឡើយ សូម្បីតែអង្គការសហប្រជាជាតិចំពោះការធ្វើអន្តរាគមន៍ក្នុងករណីនេះ ។ ខ្ញុំគ្រាន់តែអះអាងបញ្ជាក់ថា គ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍ក្នុងប្រព័ន្ធតុលាការកម្ពុជាឡើយ» ។ សម្តេចតេជោថ្លែងបន្តទៀតថា ក្រោយពីការកាត់ទោសជនជាប់ចោទទាំង៧នាក់ អាចប្តឹងឧទ្ធរណ៍ ប្រសិនបើពួកគេមិនឯកភាពចំពោះសាលក្រមនៃការកាត់ទោសពួកគេ ។
ដោយឡែក កាលពីថ្ងៃទី១០ មករា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា បានកោះឱ្យមានកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ ដើម្បីរិះរកវិធានការ និងមធ្យោបាយជួយពលរដ្ឋថៃ៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃ.សរបស់កម្ពុជា ។ កិច្ចប្រជុំនោះចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ធឿកស៊ូបាន់ លោកប្រាវីត វង្សស៊ូវុន រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេស ។
នៅពេលថ្លែងទៅកាន់សារព័ត៌មានក្រោយពីកិច្ចប្រជុំនោះ លោកអាប់ភីស៊ីត ពោលថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីវិធានការ និងរិះរកមធ្យោបាយ ដើម្បីជួយពលរដ្ឋថៃទាំង៧នាក់ ក្រោយពីតុលាការកម្ពុជាចេញសាលក្រមរបស់ខ្លួន ។ លោកអាប់ភីស៊ីត ថ្លែងដូច្នេះក្រោយពីសម្តេចតេជោហ៊ុន សែន ថ្លែងថា មានតែតុលាការប៉ុណ្ណោះដែលនឹងសំរេចពីជោគវាសនារបស់ជនជាប់ចោទសៀមទាំង៧នាក់
នោះ ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកថានី ថុងភក្តី ថ្លែងអះអាងថា មេធាវី បានដាក់សំណើសុំការនៅក្រៅឃុំដោយការបង់ប្រាក់ធានាសំរាប់ពលរដ្ឋថៃ៧នាក់នោះរួចហើយ ហើយប្រសិនបើតុលាការកម្ពុជាយល់ព្រមចំពោះសំណើនេះ ហើយកំណត់លក្ខខណ្ឌពីការបង់ប្រាក់ធានានេះ ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ នឹងត្រៀមខ្លួនផ្តល់ជំនួយដល់ពួកគេ ៕
(ប្រុសកោះ)
No comments:
Post a Comment