អំណោយជាថវិកាចំនួន២ម៉ឺនដុល្លារអាមេរិករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី តាមរយៈក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន ត្រូវបានផ្តល់ជូនកងទ័ពអង្គភាពកងអនុសេនាធំទី១-ទី២ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣២ ទិវាបុណ្យជាតិ ៧មករា។
ពិធីប្រគល់ និង ទទួលអំណោយនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការរបស់ក្រុមហ៊ុនហ៊្វូហាយ អ៊ិនវេសមែន ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី៦ មករា ដែលជាលើកទី២ សម្រាប់ការផ្តល់អំណោយឧបត្ថម្ភរបស់សម្តេចនាយករដ្ឋមន្ត្រីដល់អង្គភាពនេះ ចាប់តាំងពីក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន បានចងសម្ព័ន្ធ មេត្រីភាពជាមួយកាលពីខែមេសាឆ្នាំទៅម៉ិញ ។
ការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័នរដ្ឋ អង្គភាពស៊ីវិល បានចាប់ផ្តើម ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានគោលបំណងជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអំពីខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ហើយក៏ដើម្បីពង្រឹងការផ្សារភ្ជាប់រវាងស្ថាប័នរដ្ឋ អាជ្ញាធរដែនដី ក្រុមហ៊ុនឯកជន សប្បុរសជន ជាមួយកងកម្លាំង ប្រដាប់អាវុធ ផ្សារភ្ជាប់សមរភូមិមុខជាមួយសមរភូមិក្រោយ ក្នុងកិច្ចការពារជាតិ ការពារប្រជាជន រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមតាមពាក្យស្លោក«ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» និងជាការរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ និង ក្រុមគ្រួសារកងទ័ព នគរបាលអាវុធហត្ថតាមរយៈសិល្បៈនៃការចែករំលែកផងដែរ ។
លោកវរសេនីយ៍ឯក សុវត្តទុំ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកកោះកុង ថ្លែងថា ថវិកាជាអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី តាមរយៈក្រុមហ៊ុនហ្វូហាយ អ៊ិនវេសមេន នេះអង្គភាពរបស់លោក នឹងយកទៅសាងសង់លេនដ្ឋានធ្វើអំពីបេតុង និង ធ្វើទំនប់រក្សាទឹកសម្រាប់កងទ័ពប្រើប្រាស់ផងដែរ ។ នៅក្នុងពិធីប្រគល់ និង ទទួលអំណោយរបស់សម្តេចតេជោ និងលោកជំទាវនោះ លោកមេបញ្ជាការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ប៊ុន រ៉ានី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជនកម្ពុជាទូទៅ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន ផងដែរដែលបន្ទាប់ពីបានចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពរបស់លោកនោះ តែងបានជួយឧបត្ថម្ភ ទាំងសម្ភារៈ និងថវិកា