ក្រុមបណ្តាញអ្នកស្នេហាជាតិថៃ (ពួកអាវលឿង) ប្រកាសបង្កើនមនុស្សធ្វើបាតុកម្ម នៅមុខវិមានរដ្ឋាភិបាល ទាមទារឱ្យលោកអាប់ភីស៊ីត វ៉េចាជីវ៉ា ចុះចេញ ពីតំណែង
សកម្មជនអ្នកស្នេហាជាតិថៃ ឬអ្នកជ្រុលនិយមខាងបំពុលបរិយាកាសមួយក្រុមបានបំបែកគ្នាចេញពីខេត្តស្រះកែវវិញហើយកាលពីម្សិលមិញទី៥ មករា ២០១១ ក្រោយពីតំណាងរបស់ពួកគេ៧នាក់បញ្ចប់ការទៅពិនិត្យមើលតំបន់ព្រំដែនមានជំលោះរវាងថៃ និងកម្ពុជា ទីដែលជនជាតិសៀម៧នាក់ត្រូវបានចាប់ខ្លួន ដោយទាហានការពារព្រំដែនកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១១ កន្លងមក ពីបទចូលទឹកដីកម្ពុជាដោយខុសច្បាប់ ។ មកដល់ព្រឹកថ្ងៃទី៦ មករា តាមបណ្តាញព័ត៌មានពីប្រទេសថៃផ្សាយថា ក្រោយពីបំបែកគ្នាហើយ ក្រុមសកម្មជនអាវលឿងនេះមានផែនការបង្កើនការប្រមូលផ្តុំធ្វើបាតុកម្មនៅបរិវេណខាងមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក នាថ្ងៃទី៦ មករា នេះ ដើម្បីទាមទារឱ្យមានលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា ចុះចេញពីតំណែង។
តំណាងមួយក្រុមនៃបណ្តាញអ្នកស្នេហាជាតិថៃ(ពួកជ្រុលនិយមអាវលឿង) ដឹកនាំដោយលោក Walwipha Charoonrote ជាអ្នកចេះដឹងម្នាក់អមដំណើរដោយអ្នកកាសែត៣០នាក់ បានទៅពិនិត្យតំបន់ព្រំដែនមានជំលោះនោះរយៈពេលជិតកន្លះម៉ោង ។ អ្នកតំណាងក្រុមនេះត្រូវបានអនុញ្ញាតឱ្យចូលពិនិត្យតំបន់ព្រំដែនក្រោយពីចរចាយ៉ាងតានតឹងជាមួយអភិបាលខេត្តស្រះកែវ អស់រយៈពេលជាង៤ម៉ោង ។ តំណាងនោះត្រូវបាននាំដោយទាហាន និងប៉ូលិសល្បាតព្រំដែន ដើម្បីទប់ស្កាត់ពួកគេកុំឱ្យឈ្លានពានចូលទឹកដីកម្ពុជា ក្រែងមានគ្រោះថ្នាក់ទៀត។ លោក Chaiwat Singsuwong ជាមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃអះអាងបញ្ជាក់ថា ក្រុមរបស់លោកនឹងបង្កើនការធ្វើបាតុកម្មនៅមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកប៉ុនប៉ងទំលាក់រដ្ឋាភិបាលលោកអាប់ភីស៊ីត វ៉េចាជីវ៉ា ចេញពីតំណែងដោយសារបណ្តោយឱ្យកម្ពុជាឈ្លានពានទឹកដីថៃ ។
តាមការសង្កេតឃើញពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ប្រទេសកម្ពុជាមានចរិតស្លូតបូត មិនលោភលន់ និងមិនដែលហ៊ានរំលោភឈ្លានពានទឹកដីអ្នកជិតខាងទេ គឺមានតែប្រទេសជិតខាងរំលោភយ៉ាងគឃ្លើន ឈ្លានពានទឹកដីកម្ពុជាវិញ...អញ្ជឹងហើយបានជារដ្ឋាភិបាលកម្ពុជាខ្នះខ្វែងខំប្រឹងរៀបចំបោះបង្គោលព្រំដែនរួចរាល់ជាមួយប្រទេសជិតខាងទាំងនោះ ប៉ុន្តែប្រទេសថៃបែរជាមិនព្រមសហការ ឬសហការយឺតយ៉ាវបំផុត...តើមានន័យថា យ៉ាងម៉េច? ចង់ទុកឱ្យភាពមិនច្បាស់លាស់នេះកើតមាន ដើម្បីងាយស្រួលឈ្លានពានទឹកដីកម្ពុជាមែនទេ