ព្រំដែនចំណុចក្ដៅបង្គោលលេខ៤៦ ខេត្តបន្ទាយមានជ័យ បានស្ងប់ស្ងាត់ហើយ នៅព្រឹកនេះ បន្ទាប់ពីក្រុមបាតុករអាវលឿងបានដកថយទៅក្រោយវិញ។ នេះបើតាមការប្រាប់ឲ្យដឹង ពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោករ័ត្ន ស្រ៊ាង និយាយថា ស្ថានភាពនៅទីនោះស្ងាត់ស្ងៀម តែយើងប្រុងប្រយ័ត្ន ព្រោះខ្លាចក្រុមបាតុករអាវលឿងវិលត្រឡប់ មកវិញ។ ដោយឡែកបន្លាសួស ដែលកងទ័ពសៀមដាក់ពង្រាយទប់ស្កាត់បាតុករក៏បានរុះរើវិញដែរ។
នៅឯព្រំដែនប្រាសាទព្រះវិហារឯណោះវិញ ស្ថានភាពក៏ស្ងាត់ស្ងៀមដូចគ្នានេះដែរ តែមេទ័ព កម្ពុជា និងមេទ័ពថៃ កំពុងជួបពិភាក្សាគ្នា នៅលើបន្ទាត់ព្រំដែនចំណុចសំបុកឃ្មុំ។ លោកយឹម ពិន មេ បញ្ជាការកងពលលេខ៣ ប្រចាំការនៅចំណុចភ្នំទ្រព្យ បានប្រាប់កម្ពុជាថ្មីថា លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានទៅជួបពិភាក្សាជាមួយមេទ័ពភូមិភាគថៃ នៅចំណុចសំបុកឃ្មុំ ដើម្បីពង្រឹងចំណងទាក់ ទងរវាងកងទ័ព និងកងទ័ពឲ្យកាន់តែប្រសើរឡើង។ ពួកគេ(ទ័ពទាំង២)បានឯកភាពគ្នាថា ក្រុមបាតុករអាវលឿងចែកឲ្យដាច់ដោយឡែកពីកងទ័ពនិងកងទ័ព។ កងទ័ពមិនពាក់ព័ន្ធជាមួយនឹងបាតុករទេ។ នៅឯចំណុចព្រំដែនមុំ៣ឯណោះវិញ ត្រូវបានលោកយឹម ពិន ប្រាប់ថា មានពលរដ្ឋសៀមមួយក្រុមចង់យករូបព្រះពុទ្ធបដិមាករមកដាក់នៅចំណុចភូមិរួមចិត្ត តែកងទ័ពបានហាមឃាត់ ពួកគេក៏បាន យករូបបដិមាករនោះត្រឡប់ទៅវិញ។ ដូច្នេះស្ថានភាពព្រំដែននៅទីនោះ មិនមានអ្វីប្រែប្រួលទេ