Thursday, January 06, 2011

​រំលឹក​ខួប​លើក​ទី​៣២​ឆ្នាំ នៃ​ស្មារតី​ថ្ងៃ​ជ័យ​ជំនះ​​៧​មករា​១៩៧៩​ ដល់​ ២០១១​

 នៅ​គណ​បក្ស​ប្រជាជន​ខេត្ត​សៀមរាប​ទាំង​ព្រះ​សង្ឃ​ថ្នាក់​ដឹក​នាំ​ខេត្ត​មន្ត្រី​រាជ​ការ​លោក​គ្រូ​អ្នក​គ្រូ​សិស្សានុសិស្ស​ក្រុម​សមាគម​កាយរឹទ្ធិ​កម្ពុជា​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​បង​ប្អូន​ជន​ជាតិ​មក​ពី​បណ្ដា​ឃុំ​-សង្កាត់​ទាំង​១៣​របស់​ក្រុង​សៀមរាប​ចំនួន​៤៥០០​នាក់ ​បាន​និមន្ត​និង​អញ្ជើញ​មក​ជួប​ជុំ​គ្នា​នៅ​បរិវេណ​ស្នាក់​ការ​គណបក្ស​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៣២​ថ្ងៃ​ជ័យ​ជំនះ​​៧​មករា​១៩៧៩​ដល់​៧​មករា​២០១១​ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាពឯកឧត្ដម​​ទៀ បាញ់​សមាជិក​គណៈ​អចិន្ត្រៃយ៍​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។
បន្ទាប់​ពី​ការ​លំអោន​កាយ​គោរព​វិញ្ញាណក្ខន្ធ​របស់​ជន​រួម​ជាតិ​រាប់​លាន​នាក់​ដែរ​បាន​បាត់​បង់​ជីវិត​យ៉ាង​អយុត្តិធម៌​ក្នុង​របប​ដ៏​យង់​ឃ្នង​ប៉ុល​ ពត​ និង​កិច្ច​ស្វាគមន៍​របស់​លោក​បណ្ឌិត ​ស៊ូភិរិន្ទ​សមាជិក​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អភិបាល​ខេត្ត​សៀមរាប​រួច​មក​​ឯកឧត្ដម​​ទៀ បាញ់​ក៏​បាន​អាន​នូវ​សន្ទរកថា​របស់​សម្ដេច​អគ្គមហា​ធម្មពោ​ធិសាល​ជា​ ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​ដោយ​បាន​រំលឹក​ឡើង​វិញ​​នូវ​មហា​ជ័យជំនះ​ជា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​ទី​៧​មករា​១៩៧៩​ដែល​បាន​ជួយ​សង្គ្រោះ​ជាតិ​និង​អាយុ​ជីវិត​ប្រជាជន​ត្រូវ​បាន​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ប្រល័យ​ពូជ​សាសន៍​ដែល​បង្ក​ឡើង​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។
ដោយ​ផ្អែក​លើ​មូលដ្ឋាន​មហា​ជ័យជំនះ​៧​មករា​១៩៧៩​ដែល​កម្ពុជា​បាន​រស់​ឡើង​វិញ​ស្ថិត​ស្ថេរ​គង់​វង្ស​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ក្នុង​សារ​លិខិត​នេះ​ក៏​បាន​គូស​បញ្ជាក់​ថា​ការ​គោរព​ទិវា​ជ័យជំនះ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ឡើង​ក្នុង​ស្មារតី​ចង​ចំា​ក្នុង​អត្ថន័យ​ដ៏​វិសេស​វិសាល​បំផុត​នៃ​ជ័យ​ជម្នះ​៧​មករា​ ក្នុង​នោះ​ដែរ​ឯកឧត្ដម​​ទៀ បាញ់​ក៏​បាន​ឡើង​ប្រាប់​ពី​ប្រវត្តិ​ដ៏​សែន​ឈឺ​ចាប់​ខ្លោច​ផ្សារ​និង​ការ​ចង​ចាំ​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ជា​ជន​រង​គ្រោះ​បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ដ៏​សែន​ឃោរឃៅ​បំផុត​ដែល​ពុំ​មាន​នូវ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​នៃ​ប្រជាជន​កម្ពុជា​ដោយ​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល ពត​ បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជ​សាសន៍​មក​លើ​ប្រជាជន​កម្ពុជា​របស់​ខ្លួន​។ក្នុង​រយៈ​ពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​របប​អាវ​ខ្មៅ​បាន​ប្រព្រឹត្ត​នូវ​៣​ឧក្រិដ្ឋ​កម្ម​ក៏​មហា​ឃោរឃៅ​ទៅ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រជាជន​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មរណៈ​ទុក្ខ​ដ៏​សែន​វេទនា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្នេហា​ជាតិ​យើង​រួម​សាមគ្គី​គ្នា​ឡើង​ប្រយុទ្ធ​ប្រឆាំង​ផ្ដួល​រំលំ​របប​អាវ​ខ្មៅ​រហូត​ទទួល​បាន​ជ័យ​ជំនះ​​នា​ថ្ងៃ​៧​ខែ​មករា​ឆ្នាំ​១៩៧៩​ដែល​ជា​ថ្ងៃ​បញ្ចប់​ភាព​ខ្មៅ​ងងឹត​នៅ​កម្ពុជា​និង​ជា​ថ្ងៃ​បើក​ឡើង​នូវ​សករាជ​ថ្មី​ក្រោម​កិច្ច​ដឹក​នាំ​របស់​សម្ដេច​ទាំង​បី​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចង​ចាំ​ជា​និច្ច​ថា​៧​មករា​គឺ​ជា​ថ្ងៃ​កំណើត​ទី២​របស់​ខ្លួន​