ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវស្បៀង សម្ភារៈ ថវិកាមួយចំនួន ឧបត្ថម្ភជូនដល់កុមារពិការភ្នែក និងថ្លង់ គ ចំនួន ១៤៥ នាក់ និងគ្រូ ៤៥ នាក់ ដែលកំពុងស្នាក់នៅ និងទទួលការសិក្សា ក្នុងសាលាកុមារពិការភ្នែក និងកុមារ គ ថ្លង់ របស់អង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ និងសាលាកុមារ គ ថ្លង់ របស់អង្គការគ្រួសារថ្មីច្បារអំពៅ ចំនួន ១៤៥ នាក់ គ្រូ ៤៩ នាក់ អង្គការ អាសស្ពេកា ដែលមានកុមារ កំព្រា និងកុមារក្រីក្រ ចំនួន ៥០នាក់ គ្រូ ៥ នាក់ សរុបទាំងអស់កុមារចំនួន ៣៦៣ នាក់ និងគ្រូ ៩៩ នាក់ ។
អំណោយដែលត្រូវឧបត្ថម្ភជូននាពេលនោះរួមមាន ៖ សម្រាប់កុមារទាំង៣៦៣ នាក់ ក្នុងម្នាក់ៗ ទទួលបានប៊ិចមួយដើម សៀវភៅពីរក្បាល និងថវិកា ១០ ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ៩៩ នាក់ ក្នុងម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល ។ ឧបត្ថម្ភជូនមណ្ឌលទាំងបីខាងលើ ដោយក្នុងមួយមណ្ឌលទទួលបានអង្ករ ២ តោន មីយើង ៥០ កេសតូច ត្រីខ ១០ កេសធំ ស្ករស ១០០ គ.ក្រ ប៊ីចេង ៥ គ.ក្រ និងថវិកា ២ លានរៀល ។ ក្នុងឱកាសនោះសម្តេចតេជោ និងលោកជំទាវបណ្ឌិតក៏បានរៀបចំជាម្ហូបអាហារ បាយសម្លរ ផ្លែឈើគ្រប់មុខ ជូនដល់កុមារទាំងអស់ពិសាមួយពេលថ្ងៃត្រង់រួមមាន ម្ហូប៤ មុខ បង្អែម ១ មុខ ផ្លែទំពាំងបាយជូស្រស់ ១០ កេស ផ្លែប៉ោមស្រស់ ១០ កេស ផ្លែសារីស្រស់ ១០ កេស ផ្លែក្រូចឃ្វីចស្រស់ ១០ កេស ផ្លែមៀនស្រស់ ៥០ គ.ក្រ ទឹកក្រូច ៧០ កេស និងទឹកបរិសុទ្ធ ១០០ កេស ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តឧបត្ថម្ភដល់មណ្ឌលទាំងបី រៀងរាល់ខែ ចាប់ពីខែមករា ឆ្នាំ២០១១ តទៅ ដែលក្នុងនោះ សាលាកុមារពិការភ្នែក និងថ្លង់ គ នៃអង្គការគ្រួសារថ្មី ភ្នំពេញថ្មី នូវអង្ករចំនួន ១ តោន និងថវិកា ៣ លានរៀល ជូនដល់អង្កការគ្រួសារថ្មីច្បារអំពៅ នូវអង្ករ ១ តោន និងថវិកា ៣ លានរៀល ឧបត្ថម្ភជូនអង្កការអាសស្ពេកា នូវអង្ករ ៥០០ គ.ក្រ និងថវិកា ១ លានរៀល ព្រមទាំងទទួលតាមសំណើររបស់នាយិកាអង្គការអាសស្ពេកានូវការកសាងប្រព័ន្ធលូរំដោះទឹក និងចាក់ដី បំពេញបរិវេណកសាងរបងមុខ-ក្រោយមណ្ឌល ដែលសំណើនេះត្រូវបានសម្តេចតេជោ ប្រគល់ជូនសាលារាជធានីភ្នំពេញ សហការជាមួយក្រសួងសង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និងអតីតយុទ្ធជន ជាអ្នកចាត់ចែងលើការងារនេះ ។
មានប្រសាសន៍នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីនឹករលឹក និងអាណិតអាសូរ យ៉ាងក្រៃលែងចំពោះក្មួយៗ ចៅៗ ដែលពិការភ្នែក ថ្លង់ គ ហើយកំពុងសម្រាកទទួលការអប់រំបណ្តុះបណ្តាល នៅសាលានិងមណ្ឌលទាំងបី ដោយសម្តេចសូមឱ្យក្មួយៗ និងចៅៗទាំងអស់ខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសំណាក់លោកគ្រូអ្នកគ្រូ ពីលោកស្រីនាយិកាជាអ្នកគ្រប់គ្រង ដើម្បីក្មួយៗ ចៅៗ មានឱកាសយកចំណេះវិជ្ជាទាំងនេះទៅបំពេញការងារ និងប្រកបរបបទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចតេជោក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានខិតខំជួយគ្រប់បែបយ៉ាងទៅដល់ក្មួយៗ ចៅៗ ជាកុមារពិការភ្នែក ថ្លង់ គ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ជាប់ជានិច្ច ។ សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរដល់លោកស្រី នាយិកា លោកគ្រូអ្នកគ្រូ ដែលបានយកអស់ស្មារតីជួយដល់កុមារទាំងនេះ ដើម្បីឱ្យគេមានឱកាសដូចមនុស្ស ដទៃនៅក្នុងការទទួលយកការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ។ សម្តេចតេជោ ក៏បានថ្លែងនូវការលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ជាកុមារពិការភ្នែក ថ្លង់ គ សូមកុំមានក្តីអស់សង្ឃឹម ព្រោះរាជរដ្ឋាភិបាល មិនព្រងើយកន្តើយចំពោះសុខទុក្ខក្មួយៗ ចៅៗ ជាកុមារពិការភ្នែក ថ្លង់ គ ឡើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការជាច្រើនដើម្បីជួយសម្រាលការលំបាកមួយចំនួនជាពិសេសបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់កុមារទាំងនោះឱ្យទទួលបានប្រយោជន៍ពីសេវាសាធារណៈដូចជនគ្រប់រូបផងដែរ ។
គួរបញ្ជាក់ផងដែរថា សាលាកុមារពិការភ្នែក និងគ ថ្លង់ នៅសង្កាត់ភ្នំពេញថ្មីត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០០៨ និងបានដំណើរការនៅខែតុលា ឆ្នាំ ២០០៩ និងសម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សាលានេះ ទទួលបានការឧបត្ថម្ភពីក្រសួងសង្គមកិច្ច ពីអង្គការគ្រួសារថ្មី និងពីសប្បុរសជនក្នុង-ក្រៅប្រទេស ។ ចាប់ពីឆ្នាំ ១៩៩៥ ដល់ខែមីនា ឆ្នាំ ២០១០ សាលាបានទទួលការឧបត្ថម្ភពីសម្តេចតេជោ និងលោកជំទាវក្នុង ១ ខែ ចំនួន ៤០ ម៉ឺនរៀល ហើយចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០១០ សាលាទទួលបាន ប្រចាំខែនូវអង្ករ ១ តោន និងថវិកា ១ លាន ៤ សែនរៀល ។ រីឯសាលានៅច្បារអំពៅ ទទួលបានការឧបត្ថម្ភ ប្រចាំខែពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវអង្ករ ១ តោន ថវិកា ១ លានរៀលផងដែរ ។ ឆ្នាំ ២០១០ សាលាកុមារពិការភ្នែក និងគ ថ្លង់ ភ្នំពេញថ្មី ក៏ដូចជាសាលានៅច្បារ អំពៅបានទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជានូវថវិកាចំនួន ២០ លានរៀល ។ សម្រាប់ឆ្នាំ ២០១០ កន្លងមកនេះដែរ សាលាភ្នំពេញថ្មី និងច្បារអំពៅ ក៏ទទួលបានថវិកាពីមូលនិធិ រ៉ូលីង ចំនួន ៥ ពាន់ ដុល្លារអាមេរិក តាមរយៈកាកបាទក្រហមកម្ពុជា ។ ដោយឡែក នៅឆ្នាំ ២០១១ នេះ កាកបាទក្រហមកម្ពុជា បានបន្តឧបត្ថម្ភថវិកា ចំនួន ២០ លានរៀល ។
បច្ចុប្បន្នសាលាកុមារពិការភ្នែក ថ្លង់ គ ភ្នំពេញថ្មីមានសិស្សសរុបចំនួន ១៤៥ នាក់ ក្នុងនោះ ស្រី ៤៤ នាក់ ។ មានសិស្សស្នាក់នៅចំនួន ៥៧ នាក់ដោយទទួលការបណ្តុះបណ្តាលលើជំនាញបន្ថែមដូចជា កុំព្យូរទ័រ ភាសាអង់គ្លេស និងភ្លេងបុរាណ