Thursday, January 06, 2011

ការ​សាក​សួរ​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​បាន​ចាប់​ផ្ដើម​ដោយ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​ក្នុង​តុលាការ

 នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១១ បុរស​ស្រ្តី​ជន​ជាតិ​ថៃ​ទាំង​៧​នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​មក​ក្នុង​បន្ទប់​សវនាការ​ទី​២ នៃ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត បើក​ការ​សាក​សួរ​ជន​ជាប់​ចោទ​ជា​លើក​ទី​២ ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​តុលាការ​បាន​រក​ឃើញ​បទ​ល្មើស​ថ្មី​មួយ​ចំនួន​ទៀត ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សាក​សួរ ពួក​គេ​ទាំង​៧​នាក់​ជា​មុន ទើប​មាន​ការ​សម្រេច​ថា​ត្រូវ​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​បទ​ល្មើស​ថ្មី ឬ​ក៏​ត្រូវ​ប្ដូរ​បទ​ចោទ ហើយ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់ ត្រូវ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ថ្មី​តែ​ម្នាក់ ឬ​ក៏​ត្រូវ​ចោទ​ទាំង​៧​នាក់ នោះ​វា​ស្ថិត​នៅ​លើ​ឆន្ទានុសិទ្ធិ និង​ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​អង្កេត។

ការ​ស៊ើប​អង្កេត​បន្ថែម​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា នៅ​ក្នុង​បន្ទប់​សវនា ការ​នៃ​តុលាការ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​ស្ដាប់​ជា​សាធារណៈ ឬ​ផ្ដល់​ឲ្យ​អ្នក​កាសែត ដឹង​ព័ត៌មាន​ពី​បទ​ល្មើស​ថ្មី​ដែល​ត្រូវ​សាក​សួរ​បន្ថែម​នោះ​ទេ។ កន្លង​មក​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​រាជ ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ស្រ្តី​ទាំង​៧​នាក់ ពី​បទ​ឆ្លង​ដែន​ដោយ​ទុច្ចរិត ចូល​ក្នុង​ទី តាំង​យោធា​តាម​មាត្រា​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​បទ​ល្មើស​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​ដោយ ខុស​ច្បាប់ តាម​មាត្រា​២៩ នៃ​ច្បាប់​អន្តោ​ប្រវេសន៍ ហើយ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​សម្រេច​ឃុំ​ខ្លួន ជា បណ្ដោះ​អាសន្ន​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០​ រហូត​មក​ដល់​ថ្ងៃ​នេះ​ជន​ត្រូវ​ចោទ​បាន​ត្រូវ​ឃុំ​ខ្លួន អស់​រយៈ​ពេល​១​សប្ដាហ៍​មក​ហើយ ទើប​តុលាការ​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៧​នាក់​មក​សាក​សួរ​បន្ថែម ប៉ុន្តែ​ការ​សម្រេច​ចោទ​ប្រកាន់​បន្ថែម​ឬ​ប្ដូរ​បទ​ចោទ​មិន​ទាន់​មាន​ប្រភព​ណា មួយ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ