សមិទ្ធផលនានាដែលជាអំណោយដ៏ថ្លាថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវត្តរតនាបុបា្ផរាម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៦ មករាឆ្នាំ២០១១ រួមជាមួយការអបអរសាទរមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣២ ទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាពលោកសំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំ ស្រុកសមាជិក សមាជិកាបក្ស ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។ នៅក្នុងឱកាសនោះក៏មានការនិមន្តព្រះសង្ឃចំនួន១២០អង្គ រាប់បាត្រដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី ដែលបានស្លាប់បាត់បង់ជីវិតក្នុងការក្រោកឡើងតស៊ូរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។
លោកគង់ អៀង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំព្រែកអញ្ចាញ បានអានរបាយការណ៍ស្តីពីការកសាងសមិទ្ធផលនានាឱ្យដឹងថា សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះមានផ្លូវចាក់កៅស៊ូប្រវែង៨៧៦ម៉ែត្រ អស់ថវិកាចំនួន៣៣.៦០០ដុល្លារ ចេតិយរួមស្ថិតនៅមាត់ទន្លេអស់ថវិកាចំនួន១៥.០០០ដុល្លារ សាលាបុណ្យមួយខ្នងទទឹង៧,៣០ម៉ែត្រ និងបណ្តោយប្រវែង៧៣,៨០ម៉ែត្រ អស់ថវិកាចំនួន១១.០០០ដុល្លារ ។ សមិទ្ធផលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ដោយឡែកចេតិយជាអំណោយរបស់មហាឧបាសិកាប៊ុន ស៊ាងលី មាតាលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផលជាច្រើនទៀតនៅក្នុងវត្តរតនបុបា្ផរាម ដែលបានពីការចូលរួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះដែរ ។
លោកម៉ៅ ភិរុណ ប្រធានស្តីទីគណៈអចិន្ត្រៃយ៍នៃគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូលបានអានសុន្ទរកថា សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាប្រជាជនថ្លែងក្នុងពិធីមិទ្ទិញរំលឹកខួបទី៣២នៃទិវាជ័យជំនះ៧មករាឱ្យដឹងថា យើងប្រារព្ធទិវានៃជ័យជំនះនោះឡើងក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ និងអត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រនៃជ័យជំនះ៧មករា និងក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះវីរយុទ្ធជនយុទ្ធនារីនៃកងទ័ពបដិវត្តកម្ពុជា ព្រមទាំងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្មប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តមបំផុត ដើម្បីបុព្វហេតុនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ។ លោកសំ ព្រហ្មនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ការជួបជុំគ្នាថ្ងៃនេះ ស្ថិតនៅក្នុងឱកាសដែលយើងសប្បាយរីករាយក្នុងការអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣២ថ្ងៃជ័យជំនះ៧មករា ជាថ្ងៃដែលយើងបានរស់រានមានជីវិត ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់តាមរយៈក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំព្រែកអញ្ចាញ ។
លោកសំ ព្រហ្មនា បានឱ្យដឹងទៀតថា ការរំលឹកខួបលើកទី៣២ថ្ងៃជ័យជំនះ៧មករា ក្នុងគោលបំណងចង់ឱ្យសមាជិកសមាជិកាបក្សគ្រប់ស្រទាប់ ដែលមិនបានកើតទាន់ យល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់ និងសោកនាដកម្មដែលមិនអាចថ្លែងបាន ព្រមទាំងឱ្យសមាជិក សមាជិកាចងចាំជានិច្ចនៃថ្ងៃជ័យជំនះ៧មករា និងនឹកឃើញនូវវីរភាពរបស់យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ។ លោកថ្លែងទៀតថា ឱ្យសមាជិក សមាជិកាបក្សដឹងពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាក្រោយថ្ងៃជ័យជំនះ៧មករា និងឆ្លុះបញ្ចាំងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ។ មានថ្ងៃ៧មករា ទើបយើងមានថ្ងៃនេះ ។ នៅក្នុងឱកាសនោះដែរ លោកសំ ព្រហ្មនា ក៏បាននាំអំណោយរបស់សម្តេចតេជោប្រគេនព្រះសង្ឃចំនួន៧អង្គ ១អង្គចំនួន៥ម៉ឺនរៀល តាជី យាយជី ចំនួន១០០នាក់ ម្នាក់កំណាត់ស១ដុំ និងថវិកា៥ពាន់រៀលសិស្សានុសិស្ស២៧០នាក់ ម្នាក់សៀវភៅ២ក្បាល ថវិកា២ពាន់រៀល លោកគ្រូអ្នកគ្រូ២៣០នាក់ ម្នាក់១ម៉ឺនរៀល ក្រុមកាយប្ញទ្ធិ១០០នាក់ ម្នាក់៥ពាន់រៀល យុវជនកាកបាទក្រហម៥០នាក់ ម្នាក់ចំនួន៥ពាន់រៀល និងឧបត្ថម្ភដល់កម្មវិធី៥០ម៉ឺនរៀល ។ ក្នុងឱកាសដ៏មហោឡារិកនោះ ក៏មានសមាជិកគណៈពង្រឹងមូលដ្ឋានឃុំបាក់ខែងដឹកនាំដោយលោកគ្រី ទូច បានចូលរួមផងដែរ ព្រមទាំងបានចូលរួមជាថវិកាសរុបប្រមាណជាងមួយពាន់ដុល្លារទៀតសំរាប់រួមចំណែកកសាងសមិទ្ធផលនានាដែលកំពុងខ្វះខាត