Thursday, January 06, 2011

ស្ថានភាព​ព្រំដែន​នៅ​បង្គោល​លេខ​៤៦​ស្ងប់ស្ងាត់ តែ​នៅ​ប្រាសាទ​ព្រះ​វិហារ​មេ​ទ័ព​កម្ពុជា-ថៃ​កំពុង​ជួប​គ្នា

ព្រំដែន​ចំណុច​ក្ដៅ​បង្គោល​លេខ​៤៦ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ស្ងប់ស្ងាត់​ហើយ នៅ​ព្រឹក​នេះ បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​បាន​ដក​ថយ​ទៅ​ក្រោយ​វិញ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​រ័ត្ន ស្រ៊ាង និយាយ​ថា ស្ថាន​ភាព​នៅ​ទី​នោះ​ស្ងាត់​ស្ងៀម តែ​យើង​ប្រុង​ប្រយ័ត្ន ព្រោះ​ខ្លាច​ក្រុម​បាតុករ​អាវ​លឿង​វិល​ត្រឡប់ មក​វិញ។ ដោយ​ឡែក​បន្លា​សួស ដែល​កង​ទ័ព​សៀម​ដាក់​ពង្រាយ​ទប់​ស្កាត់​បាតុករ​ក៏​បាន​រុះ​រើ​វិញ​ដែរ។
នៅ​ឯ​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​ឯ​ណោះ​វិញ ស្ថាន​ភាព​ក៏​ស្ងាត់​ស្ងៀម​ដូច​គ្នា​នេះ​ដែរ តែ​មេ​ទ័ព កម្ពុជា និង​មេ​ទ័ព​ថៃ កំពុង​ជួប​ពិភាក្សា​គ្នា នៅ​លើ​បន្ទាត់​ព្រំដែន​ចំណុច​សំបុក​ឃ្មុំ។ លោក​យឹម ពិន មេ បញ្ជា​ការ​កង​ពល​លេខ​៣ ប្រចាំ​ការ​នៅ​ចំណុច​ភ្នំ​ទ្រព្យ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មេ​ទ័ព​ភូមិ​ភាគ​ថៃ នៅ​ចំណុច​សំបុក​ឃ្មុំ ដើម្បី​ពង្រឹង​ចំណង​ទាក់ ទង​រវាង​កង​ទ័ព និង​កង​ទ័ព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពួក​គេ(​ទ័ព​ទាំង​២​)បាន​ឯកភាព​គ្នា​ថា ក្រុម​បាតុករ​អាវ​លឿង​ចែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​កង​ទ័ព​និង​កង​ទ័ព។ កង​ទ័ព​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បាតុករ​ទេ។ នៅ​ឯ​ចំណុច​ព្រំដែន​មុំ​៣​ឯ​ណោះ​វិញ ត្រូវ​បាន​លោក​យឹម ពិន ប្រាប់​ថា មាន​ពលរដ្ឋ​សៀម​មួយ​ក្រុម​ចង់​យក​រូប​ព្រះ​ពុទ្ធ​បដិមាករ​មក​ដាក់​នៅ​ចំណុច​ភូមិ​រួម​ចិត្ត តែ​​កង​ទ័ព​បាន​ហាម​ឃាត់ ពួក​គេ​ក៏​បាន យក​រូប​បដិមាករ​នោះ​ត្រឡប់​ទៅ​វិញ។ ដូច្នេះ​ស្ថាន​ភាព​ព្រំដែន​នៅ​ទី​នោះ មិន​មាន​អ្វី​ប្រែប្រួល​ទេ