Thursday, January 06, 2011

ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​គេ​នាំ​មក​សាកសួរ​នៅ​តុលាការ​


ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុងនោះ​ក៏​មាន​សមាជិក​សភា​ម្នាក់​ផង​ត្រូវបាន​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​នាំ ខ្លួន​មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៦​មករា​នេះ​។​

​ក្នុង​សម្លៀកបំពាក់​ជា​អ្នកទោស ជនជាតិ​ថៃ​ទាំងនោះ​នឹង​ត្រូវ​ចៅក្រម​តុលាការ​សាកសួរ​ព័ត៌មាន បន្ថែម​ស្តីពី​ការ​ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​។ នេះ​មិនមែន​ជា​សវនាការ​ទេ តែ​គឺជា​ការ​សាកសួរ​ចម្លើយ ពី​សំណាក់​ចៅក្រម​តែប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការអះអាង​រប​ស់លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាតិ​ថៃ​ទាំងនោះ​។​

​ការនាំ​ខ្លួន​ជនជាតិ​ថៃ​ឡើង​តុលាការ​នៅ​ព្រឹក​នេះ​ក៏​មាន​វត្តមាន​អ្នកកាសែត​ថៃ និង​ទូរទស្សន៍​ថៃ​ចូល រួម​យក​ព័ត៌មាន​ផង​ដែរ​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ និង​ត្រូវបាន តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា ដោយ បំណង​ទុច្ចរិត​៕

No comments:

Post a Comment