នៅព្រឹកថ្ងៃទី៦ មករា ឆ្នាំ២០១១នេះ សភាពការណ៍ព្រំដែនកម្ពុជា-ថៃ ពិសេសនៅខេត្តបន្ទាយមានជ័យ ចំណុចបង្គោលព្រំដែនលេខ ៤៦ ហាក់ដូចជា បានធូរស្រាលវិញហើយ ដោយសារតែក្រុមបាតុករអាវលឿងថៃប្រមាណ ៣០០ នាក់ បានដកថយ ចេញពីជំរុំនៅឃុំប៉ារៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទៅកាន់ក្រុងបាងកកវិញហើយ។ ជំរុំរបស់បាតុករអាវលឿងថៃ ប្រឈមនឹងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ចំពោះការដកថយរបស់បាតុករអាវលឿងថៃ ចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែកាលពីល្ងាចមិញ បាតុករអាវលឿងថៃជាច្រើននាក់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែងនៅក្រុងបាងកក និងខេត្តនានា។ ដូច្នេះនៅព្រឹកនេះ បាតុករថៃដែលនៅសេសសល់ក៏បានវិលត្រលប់ទៅផ្ទះវិញដែរ។
មួយវិញទៀត ក្រុមបាតុករអាវលឿងក៏ហាក់ដូចជាគាំទ្រចំពោះប្រព័ន្ធឃោសនាថៃ ដែលបានផ្សព្វផ្សាយថា ជនជាតិថៃ ៧ នាក់ដែលបានចូលទឹកដីកម្ពុជានៅចំណុចបង្គោលឡាក់លេខ ៤៦ ហើយត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន និង បញ្ជូនទៅកាត់ទោស កាលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០កន្លងមក មានទោសស្រាលប៉ុណ្ណោះ គួរតែរដ្ឋាភិបាលកម្ពុជាដោះលែង។ចំណែកស្ថានការណ៍ព្រំដែន និង ទំនាក់ទំនងការទូតរវាងកម្ពុជា និង ថៃ ក៏បានប្រសើរឡើង ក្រោយពីមានជម្លោះព្រំដែននៅប្រាសាទព្រះវិហារ ។ ដូច្នេះបាតុករអាវលឿងថៃស្នើឲ្យកម្ពុជាដោះលែងជនជាតិថៃទាំង ៧ នាក់នោះ ។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី៦ មករានេះ នៅចំណុចភូមិណងចាន់របស់ថៃ និងភូមិជោគជ័យរបស់កម្ពុជា ត្រង់បង្គោលឡាក់លេខ ៤៦ ទាហានឈុតខ្មៅថៃ ប្រមាណ ៣០០ នាក់ និងទាហានប៉ារ៉ាថៃជិត ១០០ នាក់ ដែលត្រូវបានបញ្ជូនមកទប់ទល់បាតុករអាវលឿងកុំឲ្យឆ្លងដែនចូលទឹកដីកម្ពុជា ក៏ត្រូវបានដកចូលទៅបន្ទាយវិញ ។ លើកលែងតែទាហានការពារព្រំដែនថៃនៅតែឈរជើងក្នុងបន្ទាយក្បែរព្រំដែនកម្ពុជា ។ រីឯរបាំង និង ប៉ារ៉ាសដែលទាហានថៃបានដាក់រារាំងក្រុមបាតុករអាវលឿងនៅជិតស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏ត្រូវបានគេរើចេញផងដែរ ។
យ៉ាងណាក៏ដោយ ខាងកងកម្លាំងកម្ពុជានៅចំណុចបង្គោលព្រំដែនលេខ ៤៦ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺនៅឈរជើងដដែល ដោយខ្លាចស្ថានការណ៍ប្រែប្រួល និង ម្យ៉ាងទៀតមិនទាន់មានបទបញ្ជាឲ្យកងកម្លាំងដកថយឡើយ៕
No comments:
Post a Comment