Wednesday, January 19, 2011

រដ្ឋមន្ត្រី​៖ រដ្ឋាភិបាល​មិន​មាន​គោលការណ៍ បិទ​វេបសាយ ki-media ទេ​

ភ្នំពេញ: ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​គោលការណ៍ បិទ ឬក៏​ប្លុក មិនឲ្យ​មើលឃើញ​នូវ​គេហទំព័រ ki-media ឡើយ​។ សេចក្តីបញ្ជាក់​ដូច្នេះ ខណៈ​ដែល​អ្នកប្រើប្រាស់​សេវា​អ៊ិនថឺណេត របស់​ក្រុមហ៊ុន EZECOM មិន​អាច​ចូល​មើល​គេហទំព័រ ki-media បាន​ទៀត​ឡើយ នៅ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១​។​

​    ​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​យ៉ាងខ្លី​ថា មកដល់​រសៀល​ថ្ងៃ​នេះ លោក​នៅតែ​អាច​បើក​មើលឃើញ​គេហទំព័រ ki-media​។ ម្យ៉ាងទៀត ក្រសួង មិន​មាន​គោលការណ៍​ប្លុក ( គេ​ទំព័រ ki-media ) នោះទេ​។​
​    ​ដោយឡែក​នៅក្នុង​សន្និសីទ​កាសែត ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន លើក​ទី​១០ កាលពី​រសៀល​ថ្ងៃ​ទី​១៩​មករា​នេះ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​បដិសេធ​ដោយ​ខ្លី​ថា រដ្ឋាភិបាល​មិន​បាន​បិទ​គេហទំព័រ​នោះទេ ព្រោះ​គេហទំព័រ​នោះ ធ្វើ​នៅ​ក្រៅប្រទេស​។ រី​ឯ​ការបើក​មិន​ចេញ អាច​មក​ពី​បញ្ហា​បច្ចេកទេស​។​
​    ​យ៉ាងណាក៏ដោយ បុគ្គលិក អ្នកផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុនសេវា​អ៊ិនថឺណេត EZECOM បាន​ថ្លែងថា មន្ត្រី​ក្រសួង​មហាផ្ទៃ បានដាក់​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនថឺណេត ដើម្បី​ប្លុក មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនថឺណេត មើលឃើញ​ទៀតឡើយ​។ បទបញ្ជា​នោះ ត្រូវបាន​ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១១​។ 
​    ​បុគ្គលិក អ្នកផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុនសេវា​អ៊ិនថឺណេត EZECOM បានបញ្ជាក់​ថា ក្រសួងមហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ ( ប្លុក ) ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាស័យដ្ឋាន blogspot ដែលជា​គេហទំព័រ​បង្កើត​ជា​លក្ខណៈ​បុគ្គល​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផងដែរ​។​
​    ​រហូត​ដល់​ល្ងាច​ថ្ងៃទី​១៩​មករា​នេះ មិនទាន់​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​គេហទំព័រ ki-media នៅឡើយ​ទេ​។​
​    ​សូម​រម្លឹកថា គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ប្រើ​ពាក្យ ក្បត់ជាតិ ទាក់ទង​នឹង​សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
​    ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP លោក សេង គុណ​ការ អាយុ ៤០ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មានចែង និង​ផ្តន្ទាទោស តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ ការផ្តន្ទាទោស​ដូច្នេះ ដោយសារ​តែ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ WFP បាន​បោះពុម្ព​គេហទំព័រ ki-media ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕​

ដោយ : លីហូវ CEN

No comments:

Post a Comment