Wednesday, January 19, 2011

បទវិចារណកថា៖ សមិទ្ធ​ផល​របស់​កម្ពុជាជុំវិញ​ការចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់​

          ជន​ជាតិ​ថៃ​៧នាក់​ដែល​ត្រូវ​បានចាប់​ខ្លួន​ដោយ​​សមត្ថកិច្ច​កម្ពុជាកាលពី​ថ្ងៃ​ទី​២៩ ខែធ្នូឆ្នាំ​២០១០ និង​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ដំ​ណើរការ និង​​និតិវិធី​របស់​តុលាការកម្ពុជាទៅលើ​ជន​ជាតិ​ថៃ​ទាំង​នោះ និង​ការ​ខិត​ខំបញ្ចៀសនូវ​ការ​ប្រឈម​មុខដាក់​គ្នា គឺ​បាន​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ កម្ពុជា‑ថៃ ស្ថិត​ក្នុង​ក្រសែ​ភ្នែក​នៃមហាជន ជាតិ​ និង​អន្តរជាតិ ​ពី​ការ​​រក្សា​បាន​​​នូវ​ទំ​នាក់​ទំនង​ល្អ ការធានាបាន​នូវ​និរន្ត​រភាព​​​ធុរៈ​កិច្ច​នៅ​តាម​តំ​បន់​ព្រំ​ដែន ជាពិសេស គឺសមិទ្ធ​ផល​ជាច្រើន​ដែល​ជា​ជោគ​ជ័យ​របស់​កម្ពុជា ត្រូវ​បាន​​ស្តែងចេញតាម​​​របៀប​​ដោះ​​ស្រាយបញ្ហា​ដោយ​សន្តិ​វិធី និង​តាម​អំ​ណាច​យុត្តាធិការ​នៃ​ច្បាប់ ​។
ជនជាតិ​ថៃ​ទាំង​៧នាក់​ ដែល​​មាន​ទាំង​អ្នក​តំ​ណាង​រាស្ត្រទី​ក្រុង​បាង​កកម្នាក់​ផង​ ត្រូវ​​បាន​ចោទ​ប្រកាន់​​​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ បទ​ចោទ​ចូល​ទីលាន​យោធាកម្ពុជាក្នុង​បំ​ណង​ទុច្ច​រិត​ និងបទ​ចោទ​​ប្រកាន់​​បន្ថែម​ថ្មី​មួយ​ទៀត​​ទៅ​លើ​ជន​ជាតិ​ថៃ​២នាក់ក្នុង​ចំ​ណោម​នោះ ​គឺ​លោក វី​រៈ​ ស៊ុម​ក្វាម​ឃីត​ និង​នាង​​រ៉ា​ទ្រី ភិផាត់​ថៈណាផៃ​ប៊ូន​ ពី​បទប៉ុនប៉ងប្រមូល​ព័ត៌មាន ដែល​នាំឲ្យ​អន្តរាយ​ដល់កិច្ច​ការ​ការ​ពារជាតិឬហៅ​ថា​បទ​ល្មើសចារកម្ម​ គឺ​បាន​បង្ហាញពី​ភាព​រឹង​មាំ​នៃ​សំ​ណាញ់​ច្បាប់របស់​​តុលាការ​​​​កម្ពុជា ក្នុង​ចំ​ណាត់​ការដ៏​មាន​ប្រសិទ្ធិ​ភាព​ ​បញ្ចៀសបាន​នូវ​រការ​​ប្រឈម​មុខដាក់​គ្នា​ដ៏​គ្រោះ​ថ្នាក់​​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬអាច​ចាត់​ទុក​ថាជាស្មារតី​នៃ​ការ​ទទួល​ខុសត្រូវ​ក្នុង​កំ​រិត​ខ្ពស់​បំ​ផុតរបស់​ប្រមុខ​ដឹក​នាំ នៃ​​​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ដើម្បី​រក្សាបាន​នូវ​សន្តិ​សុខ ស្ថិរភាព​នៅ​តាមតំ​បន់​ព្រំ​ដែន និង​កិច្ចសហប្រតិបត្តិ​ការគ្នាដ៏ល្អរវាង​​ប្រទេស​ទាំង​ពីរ កម្ពុជា‑ ថៃ​។
ផ្តើម​ចេញ​ពី​សមាណ​ចិត្ត និង​ដំ​ណោះស្រាយ​នៃ​ការយោគ​យល់ ពុំ​មាន​​​វប្បធម៌សង​សឹក​ ក្រោម​ការ​ដឹក​នាំប្រកប​ដោយ​គតិបណ្ឌិត​​របស់​​សម្តេច​តេជោ ហ៊ុន សែន បាន​ពញាក់​អារម្មណ៏ និង​ការ​ប្រែក្លាយ​គំ​និត​ពីភាព​​ចចេះ​រឹង​រូសរបស់​​ថ្នាក់​ដឹក​នាំ​ប្រទេស​ថៃ នាំ​ឲ្យ​មាន​ការ​​ផ្លាស់​ប្តូរឥរិយាបថ ពី​ការ​ប្រកែក​តវ៉ា​និង​ ការទាម​ទារឲ្យ​ដោះ​លែង​ថៃ​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ មក​​ជា​ការ​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា​ ថៃ​ទាំង​៧នាក់​នោះ​ ពិត​ជា​បានឆ្លង​ដែនចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់​មិន​អាច​ប្រកែក​បាន​ ហើយលោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចាជី​វ៉ាក់ ​ក៏បានសុំ​ឲ្យ​ពួក​គេទាំង​អស់​នោះ​ ត្រូវ​តែ​គោរព​សេចក្តី​សម្រេចរបស់​តុលាការ​​កម្ពុជា ទៀត​ផង​។
ការទម្លាក់​ចុះនូវ​គំ​និត​មានៈដោយការ​​ចង់ប្រើ​ឥទ្ធិ​ពលប្រទេស​ខ្លួន​ធំ​ មក​គាប​សង្កត់​​កម្ពុជាដែលជាប្រទេស​តូច​ ត្រូវ​បាន​វាយ​បំ​បាក់​ ដោយ​ការលាត​ត្រដាងនូវភាពជាក់​លាក់នៃទី​តាំង​ពិត​ប្រាកដដែល​ត្រូវ​បានឈ្លាន​ពានដោយ​ថៃ នៅ​ចំ​នុចភូមិ​ជោគ​ជ័យ ឃុំ​អូបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​ ​ ​តាមរយៈ​រូប​ភាព​វី​ដេអូ​ ដែល​ថត​ដោយ​ជន​ជាតិ​ថៃជាប់​ចោទ​ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ (យូ​ធូប​) ជាសាធារណៈ  គឺបាន​បង្ហាញ​ពី​ចំ​ណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ដែល​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ក្នុង​កាតព្វ​កិច្ច​ការ​ពារ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
​ការចាប់​ខ្លួនជន​ជាតិ​​ថៃទាំង​​៧រូប​​ បាន​ក្លាយ​ទៅ​ជាព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រដែល​​មិន​ធ្លាប់​មាន​ចំ​ពោះ​ទឹក​ចិត្ត​ពល​រដ្ឋកម្ពុជា  ជាមួយការគាំទ្រនិង​​​សាទរ​ទៅ​នឹង​ចំ​ណាត់​ការ​របស់​រាជ​រដ្ឋាភិបាល ដោយ​សារតែ​មហា​​ជន​​ទូទៅ​បាន​កត់​សម្គាល់​ឃើញ​ពី​សកម្ម​ភាព​របស់​ជន​ជាតិ​ថៃ​ទាំង​នោះ​ ធ្លាប់​បាន​​ប្រឆាំងជំ​ទាស់​ទៅ​នឹង​​ការ​ចុះ​ប្រាសាទ​ព្រះ​វិហារ​​ខែ្មរចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភព​លោក និង​ការតវ៉ា​ចង់​បាន​ទឹក​ដី​ខ្មែរជាបន្ត​បន្ទាប់​ ។
​សកម្ម​ភាពដែលបង្ក​ឡើង​ដោយ​ក្រុម​​ជ្រុល​និយម​អាវ​លឿង​ថៃ​​​ គឺបាន​បង្កប់​ទៅ​ដោយ​ចរិត​នយោ​បា​យ​ និង​​ការ​យក​ការ​សម្ងាត់​ក្នុង​មូល​ដ្ឋាន​យោធា​កម្ពុជា គឺពួក​គេបាន​រំ​លោភយ៉ាង​កំ​រោល​លើ​គោល​ការ​ណ៏​ច្បាប់​អន្តរជាតិ​ ។ ដូច្នេះ​ ការ​អនុវត្ត​វិធាន​ការផ្លូវ​ច្បាប់ជារឿង​​អទិភាពដែល​មិន​អាចខ្វះ​បាន​ ដើម្បីទប់ទល់​នឹង​ ចរិត​ឈ្លាន​ពានមក​លើ​​ទឹកដី​កម្ពុជា​ ដោយឧបាយ​កល​ទុច្ចរិតក្នុង​ផែន​ការ​គិត​ទុក​ជាមុន​នោះ​ ។
សមិទ្ធ​ផល​ដ៏​ធំ​ធេង​ ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់ទទួល​ស្គាល់​ជា​អន្តរជាតិ​​នៃ​​អធិ​បតេយ្យព្រំ​ដែន​ដ៏​ច្បាស់​លាស់​​រវាង​កម្ពុជា‑ ថៃ​  និង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា គឺ​ការព្រម​ទទួល​យក​ការ​ពិត​ ដើម្បី​បញ្ចប់​នូវ​ការ​អះ​អាង​ពី​សំ​ណាក់​ភាគីថៃ​ដែលធ្លាប់តែបាន​លើក​ឡើង​​ថា​តំ​បន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ គឺស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ គឺពួក​គេ​អាច​បញ្ជូន​ភស្តុ​តាង​ទាំង​ឡាយ​ទៅ​តុលាការ​បាន​  ប៉ុន្តែ ​តាម​រយៈកម្ម​វិធី​តុមូល​របស់​ទូរទស្សន៍​ ASTV ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១១ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​​អាប់​​ភី​ស៊ីត​ វេចាជី​វ៉ាក់​  បាន​ទទួល​ស្គាល់​ថា​ « ចំ​ណុចដែល​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវ​បាន​ខ្មែរចាប់ខ្លួននោះ​ គឺ​ជាទឹក​ដី​របស់​ខ្មែរ មិន​ចាំ​បាច់​ទៅ​ពិ​សោធអ្វី​ទេ ពី​ព្រោះ​បាន​ទទួល​សេចក្តី​រាយការណ៍គ្រប់​ផ្នែក​ បាន​អះ​អាង​ដូច​គ្នា​ថា​ ជារបស់​ខ្មែរ​ មាន​ទាំង​រូប​វី​ឌី​អូ​ទុក​ជា​ភស្តុ​តាង​ផង​ដែរ ដូច្នេះ​ មាន​ន័យ​ថា​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ពិត​ជា​ខុស​ បន្ទាប់​ពី​នេះ​សូម​មហាជន​ថៃទោះជា​អ្នក​ណា​ក៏​ដោយ​ សូម​កុំ​សង្ស័យ​តទៅ​ទៀត​ ប្រយ័ត្ន​ធ្វើ​ឲ្យហេតុ​ការណ៍ច្របូក​ច្របល់ ទន្ទឹម​នឹង​នេះ​សូម​ឲ្យ​រង់​ចាំ​ការកាត់​ទោសរបស់​កម្ពុជាថា តើកាត់​សេចក្តី​ដោយ​វិធី​ណា?​ »​។ នៅថ្ងៃ​ដដែល​នោះ​ដែរ​ទូរទស្សន៍​ ASTV ក៍​បាន​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​សម្ភាសន៍​របស់​លោក ប្រាវីទ វុង​សុវណ្ណ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ដែល​មានខ្លឹម​សារថា​ « ទី​កន្លែង​ដែល​ចាប់​ខ្លួន​នោះ​ ជា​កន្លែង​របស់​ខ្មែរ​ ខ្មែរ​គេនៅ​តាំង​ពី​យូរ​មក​ហើយ​ តាំង​ពី​ឆ្នាំ​១៩៧៧ ទី​នោះ​ជា​កន្លែង​ដែល​កំ​ណត់​ថា​ ជា​របស់​កម្ពុជា។ ក្រោយ​ពីពិនិត្យ​ម្តង​ទៀត​នៅ​ឆ្នាំ ២០០៦ ក៏​ជា​ផ្នែក​មួយដែរ​ ដែល​មាន​បង្គោល​ព្រំដែន​ ហើយ​ថៃ​យើង​ក៏​ទទួល​ស្គាល់​ថា​ ត្រង់​នោះ​ ជា​របស់​កម្ពុជា»។
​            ប​ទ​បង្ហាញ​ខាង​លើ​នេះ​  គឺ​បាន​កើត​មាន​ឡើងក្រោយ​ពេល​ដែលថ្នាក់​ដឹក​នាំ​ថៃ​ជាបន្ត​បន្ទាប់ដែលក្នុង​នោះ​មាន​ទាំង​​លោកឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ស៊ូ​ថេប​ ធឿង​សុបាន់ និងលោកកាស៊ីត​ ភិ​រម្យ៉ា រដ្ឋមន្ត្រី​ការបរទេស​ថៃក៏បាន​និយាយដែរ​ថា​ ថៃ​ទាំងនោះ​ បាន​ចូល​ជ្រៅមក​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​លោកក៍​បាន​ជំ​រុញ​ឲ្យ​តុលាការ​​កម្ពុជា​ពន្លឿន​ដំ​ណើរការ​និវិធី​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ និង​ការ​ប្រកាស​គោរពនូវ​​សេចក្តី​សម្រេច​របស់​តុលាការ​ទៀត​ផង។ ដោយ​ឡែក​ភស្តុតាង​សំ​ខាន់​មួយ​ទៀត​ក្នុង​ចំ​ណោម​ការ​ព្រម​ទទួល​យក​នូវ​ការពិត​​​របស់​ក្រុម​មន្ត្រី​ថៃ ទៅ​នឹង​ចំ​ណាត់​ការ​របស់​កម្ពុជានោះ​ គឺ តាម​ប្រភព​ព័ត៌មាន​ Inn news  កាលពីថ្ងៃ​ទី​១០ ខែមករា ឆ្នា​២០១១ មេបញ្ជាការភូមិ​ភាគ២ថៃ លោក ឧត្តម​សេនីយ៍​ទោ ថៈវ៉ាត់​ឆៃ សមុត​សាខន  បាន​ចេញ​មក​អះអាង​ដែរ​ថា  « ត្រូវ​​​​រង់​​ចាំដំ​ណើរការរបស់​តុលាការ ទន្ទឹម​នឹង​នេះត្រូវ​ទទួល​ស្គាល់​ថា​ ថៃ​៧នាក់​បាន​បំ​ពាន​ចូល​ទឹក​ដី​កម្ពុជា​តាម​អំ​ពើ​ចិត្ត​ដែល​មិន​បាន​ជូន​ដំ​ណឹង​ដល់​សមត្ថកិច្ច​ជាមុន ប្រសិន​បើ​បាន​ជូន​ដំ​ណឹង​ជាមុននោះ ក៏​នឹង​គ្មាន​បញ្ហា​ពិ​បាក​ដោះ​ស្រាយ​តាម​ក្រោយ​ទេ​។ លោកបាន​បន្ត​ថា​ ប្រសិន​បើ​នរណាចូល​មក​ក្នុង​ទឹក​ដី​ថៃ​ក្នុង​លក្ខណៈ​​បែប​នេះ​ ក៏ត្រូវ​ចាប់​ខ្លួនដូចគ្នា​ដែរ​ ព្រោះជា​រឿង​នៃ​សេចក្តី​ថ្ងៃ​ថ្នូរ ត្រូវ​តែ​ផ្តល់​កិត្តិ​យស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ »
យោង​តាម​អំ​ណះ​អំ​ណាង​ដូចបាន​រៀប​រាប់​មកនេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ មេដឹក​នាំនៃ​រដ្ឋាភិបាល​ថៃបាន​ព្រម​ព្រៀង​គ្នា​ជាធ្លុង​មួយ​ ទទួល​ស្គាល់​ថា ​ជន​ជាតិ​របស់​ខ្លួន​​ដែល​មាន​ចរិតដុត​បញ្ឆេះ​កំ​ហឹង​​នៃចរន្ត​ជាតិ​និយម​ជ្រុល​ហួសហេតុ ដែល​ពួក​គេរហូត​មាន​ការ​បំ​ពានចូល​ក្នុង​ទឹក​ដី​កម្ពុជាដោយ​ខុសច្បាប់​​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​តែមាន​វិធាន​ការ​ទប់​ស្កាត់​ជាដាច់​ខាត​ ពី​ព្រោះទាំង​​នោះ គឺជា​​ទង្វើខ្វះសុច្ចរិតភាពដែលមិនបាន​ឆ្លុះ​បញ្ចាំង​ពី​ជាតិ​សាសន៍​ដែល​ប្រកាន់ខ្ជាប់នូវការគោរព​ច្បាប់ទម្លាប់​ ឬជា​ប្រទេស​ជិត​ខាង​ល្អនោះ​ឡើយ។
ទោះជា​យ៉ាង​ណា​ គេបាន​កត់​សម្គាល់ឃើញ​ថា ​នាពេល​ថ្មី​នេះ​ រដ្ឋាភិបាល​ថៃ​បាន​ពង្រឹង​នូវ​ការ​ទប់​ស្កាត់​យ៉ាង​តឹង​រឹង​ ដោយ​មិន​អនុញ្ញាតឲ្យ​ក្រុម​អ្នក​តវ៉ា​អាវ​លឿង​មក​បង្ក​ការ​រាំង​ស្ទះដល់​ប្រជាជន​រស់នៅ​តាម​តំ​បន់​ព្រំ​ដែន​នោះ​ឡើយ ។ ជាមួយ​គ្នា​នេះ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​បង្ហាញពី​ទំ​នាក់​ទំ​នង​ល្អនៃ​ប្រទេស​ទាំង​ពីរ​ មុន​ការ​សម្រេច​របស់​តុលាការ​ឲ្យ​ជន​ជាតិ​ថៃ​ចំ​នួន​៦នាក់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន គេបានមើលឃើញ​ថា​​​ រដ្ឋាភិបាល​ថៃ​ មាន​ការ​​ដោះ​លែង​ និង​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​ពល​រដ្ឋខ្មែរ​ប្រមាណ​ជិត​២០០នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នាពេល​កន្លង​មក​ ក្នុង​ចំ​ណោម​នោះ​ មាន​ពល​រដ្ឋខ្មែរខ្លះ​ មិន​ត្រឹម​​តែពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ប៉ុណ្ណោះ​ទេ​  គឺ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋទៀត​ផង​ ត្រូវ​បា​ន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​មក​រស់​នៅ​ក្នុង​ប្រទេស​កំ​ណើត​របស់​ខ្លួន​វិញ​។ ជាការ​ចាប់​អារម្ម​ណ៍​មួយ​ទៀត​នោះ​ កាលពី​​​ថ្ងៃ​ទី ១៨ ខែ​ មករា ឆ្នាំ​២០១១​  សមត្ថកិច្ច​ថៃ​ ក៏​បាន​ចាប់​ខ្លួន​មេដឹក​នាំ​បណ្តាញ​​អ្នក​ស្នេហាជាតិថៃមា្នក់​ គឺ​លោក Chaiwat Sinsuvong  ដោយ​ចោទប្រកាន់​ពី​បទទាក់​ទង​ទៅ​នឹង​ការឡោម​ព័ទ្ធ​ព្រលាន​យន្ត​ហោះ​កាល​ពី​ឆ្នាំ​២០០៨។ បើ​យោង​តាម​ព័ត៌មាន​​ដែល​ទទួល​បានមុន​ពេល​ចាប់​ខ្លួន​​ គឺ​លោក ​​ Chaiwat  បាន​ដឹក​នាំ​ក្រុម​អ្នក​គាំ​ទ្រ​អាវ​លឿង​ដើម្បី​ផ្ញើ​ញត្តិប្រឆាំង​នឹង​រដ្ឋាភិបាលថៃទៅ​កាន់​ព្រះ​មហាក្សត្រ ហើយ​ក្រុម​នេះ​ ក៍បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថៃ​ថា ខ្វះ​ការ​គ្រប់​គ្រង​លើបញ្ហា​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​ប្រទេស​កម្ពុជា​​ផង​ដែរ។
ដូច្នេះ​ ការសម្រេចជាឆន្ទានុសិទ្ធ​​របស់​សាលាដំ​បូង និង​សាលាឧទ្ធ​រណ៍នៃ​​តុលាការកម្ពុជា ដែល​បាន​អនុញ្ញាត​ដោះលែង​ជន​ជាប់​ចោទ​ជាជន​ជាតិ​ថៃ​៦​នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះអាសន្ន គឺ​ជា​សញ្ញាមួយ​ដ៏​ល្អ​នៃ​ការបន្ធូរបន្ថយ​ភាព​តាន​តឹង​ និង​ការរក្សាបាន​នូវ​ទំ​នាក់​ទំ​នង​ល្អផ្នែក​ការទូត​ ​ការ​ធានាបាន​នូវ​ស្ថិរភាព និង​បាន​ជួយ​​សម្រួល​ដល់​ការ​ប្រកប​របរទទួល​ទាន​  ក៍​ដូចជា​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​រវាងគ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន​នៅ​តាម​ព្រំ​ដែន​​​​នៃប្រទេស​ទាំង​ពីរ ដែល​ជានិរន្ត​រភាព​នៃធុរកិច្ច​ ​ប្រក្រតីភាពនៃការចេញ​ចូលរបស់​​​ភ្ញៀវ​ទេស​ចរណ៍ ជាពិ​សេស គឺ​បាន​បង្ហាញ​ប្រាប់​ពិ​ភព​លោក​ថា​ កិត្តិ​យស និង​កិត្យានុភាព ការឯកភាព​ជាតិ​ កិច្ចការ​ការ​ពារ​ទឹក​ដី​ គឺត្រូវ​បាន​រាជ​រដ្ឋាភិបាល​គោរព​យ៉ាង​ម៉ឺង​ម៉ាត់ស្រប​តាម​រដ្ឋធម្មនុញ្ញ ក៏ដូច​ជាភាព​រឹង​មាំ​នៃ​អំ​ណាច​តុលាការដែល​ជា​ស្ថាប័នឯករាជ្យ​នៅ​ក្នុង​ប្រទេស​​កម្ពុជា បាន​ក្លាយ​ទៅជា​គំ​រូ​ដ៏ល្អ​នៃ​មាគ៌ាសន្តិ​ភាពសម្រាប់​បណ្តា​ប្រទេស​ក្នុង​​តំ​បន់​និងនៅលើសកល​លោក ៕
ពូន សំ​រេច

No comments: