Wednesday, January 19, 2011

លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ នៅ​ស្រុក​លើក​ដែក

កណ្តាល ៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ ព្រម​ទាំង​បន្តក់​គ្រាប់​ថ្នាំ​វីតាមីន​អា ដល់​កុមារ​នៅ​មណ្ឌល​សុខភាព​ព្រែក​ដាច់ ស្ថិត​នៅ​ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០១១ ។
អំណោយ​ដែល​ត្រូវ​ចែក​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និងកុមារ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​សម្រាល​កូន និង​គ្រូពេទ្យ​សរុប​ចំនួន ១១០ នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន សារុង ១ ក្រណាត់ស ១ ដុំ ក្នុងនោះមាន ថវិកា ១ ម៉ឺនរៀល ព្រមទាំងថវិកា ៥ ម៉ឺនរៀល ។ ជូនស្ត្រី​សម្រាលកូន​កំពុងសម្រាក នៅមន្តីរ ពេទ្យចំនួន ២នាក់ ទទួល​បន្ថែមទឹក​ដោះគោ​ឆៅ ២ ឡូ ស្ករស ៣ គីឡូ ។ ផ្តល់​ជូន​មណ្ឌល​សុខភាព ចំនួន ៤ ក្នុង ១ មណ្ឌល​ទទួល​បាន​ថ្នាំបំបាត់គ្រុន ២ កាតុង ថ្នាំ​បំបាត់​ក្តៅ ២ កាតុង ថ្នាំព្យាបាលក្រពះ ១ កាតុង និង​ថ្នាំព្យាបាល​រោគសើ​ស្បែក ១ កាតុង ។ ជូន​មណ្ឌលសុខភាព​ព្រែកដាច់ នូវ​ថវិកា​ចំនួន ២ លានរៀល ។

លោកវេជ្ជបណ្ឌិត យី សោភ័ណ្ឌរិទ្ធ ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ​កៀនស្វាយ ខេត្ត កណ្តាល​បាន​ឱ្យដឹង​ថា ស្រុកប្រតិបត្តិកៀនស្វាយ​ជាស្រុកប្រតិបត្តិធំមួយ​ក្នុងចំណោម​ស្រុកប្រតិបត្តិ សុខាភិបាល​ទាំង ៨ របស់​ខេត្ត​កណ្តាល ដែល​គ្របដណ្តប់​លើប្រជាជន​សរុប ២៣៨.៦៣៣ នាក់ និង ទទួល​ខុសត្រូវ​លើផ្នែកសុខភាព​លើ​ស្រុក​រដ្ឋបាល​ចំនួន ៣ គឺស្រុក​ល្វាឯម ស្រុកកៀនស្វាយ និងស្រុក លើកដែក​ដែលមាន​មូលដ្ឋាន​សុខាភិបាល​ក្រោម​ឱវាទ​ចំនួន ១៨ មូលដ្ឋាន ។
លោក​បាន​ឱ្យ​ដឹង​ថា លទ្ធផល​ដែលមណ្ឌលសុខភាពសម្រេចបាន​នៅ​ឆ្នាំ ២០១០ មានស្ត្រី​ដែល បាន​មក​សម្រាលកូន​ដោយ​បុគ្គលិក​សុខាភិបាល​ទទួលការ​បណ្តុះបណ្តាល​មាន​ចំនួន ៤៥៦ នាក់ ស្មើនឹង ៧៣ ភាគរយ ការ​សម្រាលកូន​នៅមូលដ្ឋាន​សុខាភិបាល​បាន​កើន​ឡើងពី ៥៣ ភាគរយ នៅឆ្នាំ ២០០៩ មក ៦៤ ភាគរយនៅ ឆ្នាំ ២០១០ ។ អត្រា​ប្រើប្រាស់មធ្យោបាយ​ពន្យារ​កំណើត​ទំនើប ក្រោម​ពាក្យ​ស្លោក​«មាន​កូន​តាម​ប្រាថ្នា​គឺ​មិន​ដោយ​ការ​ចៃដន្យ»​បានកើនឡើងពី ២៥ ភាគរយ នៅឆ្នាំ ២០០៩ មក ២៧ ភាគរយនៅឆ្នាំ ២០១០ ។ ដោយឡែក​ស្ត្រី​មានគភ៌​បាន​ទទួល​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ មុនសម្រាល ២ ដង​ឬច្រើនដង​លើស​ដោយ​បុគ្គលិក​សុខាភិបាល បាន​កើន​ឡើងពី ៧៧ ភាគរយ នៅឆ្នាំ ២០០៩ មក ៨៧ ភាគរយនៅឆ្នាំ ២០១០ ។
លោក​បាន​បន្ត​ថា ជាមួយគ្នានោះ​ស្ត្រីផ្ទៃពោះ​បានទទួលវ៉ាក់សាំង​ការពារជំងឺតេតាណុស យ៉ាង ហោចណាស់ ២ ដង មានចំនួន ១១៩ នាក់ដែលស្មើនឹង ៥០ ភាគរយនៃស្ត្រីរំពឹងទុកដែលកើនជាង ឆ្នាំកន្លងទៅ ១២ ភាគរយ ។ រីឯស្ត្រីមានផ្ទៃពោះ​បាន​ទទួល​គ្រាប់ថ្នាំ​ជាតិ​ដែក​អាស៊ីដហ្វូលីក ៩០ គ្រាប់មាន ៧៦ ភាគរយ នៅ ឆ្នាំ ២០១០ និងស្ត្រីក្រោយ​សម្រាល​បាន​ទទួល​ថ្នាំ​ជាតិ​ដែក​អាស៊ីដ ហ្វូលីក ៤២ គ្រាប់មាន ៩៧ ភាគរយ នៅឆ្នាំ ២០១០ ដែល​កើន​ឡើង​ជាង​ឆ្នាំ​កន្លងទៅ ៨ ភាគរយ ។ លោក​បាន​បន្ថែម​ថា កុមារក្រោម ១ ឆ្នាំ​បានទទួលថ្នាំ​បង្ការ​ជំងឺ​ចំនួន ៩ មុខនៅឆ្នាំ ២០១០មានចំនួន ៩១ ភាគរយ ដែល​កើនឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ៣ ភាគរយ ។ ចំពោះ​ករណី​ថ្មី​ពិគ្រោះ​ជំងឺ​លើកុមារ អាយុក្រោម ៥ ឆ្នាំម្នាក់ក្នុង ១ ឆ្នាំគឺស្មើ ១ ដង​លើស​ផែនការ​រំពឹងទុក ។
មាន​ប្រសាសន៍​នា​ពេល​នោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ណែនាំ​ដល់ស្ត្រី​ដែល​មាន ផ្ទៃពោះ​ទាំងអស់​ឱ្យ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌលសុខភាព​ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កូន​និង​ម្តាយ​ហើយ​ត្រូវប្តូរទម្លាប់មិនត្រូវសម្រាលកូន​នៅផ្ទះ​ដោយឆ្មបបុរាណ​ដែលមិនបាន​បណ្តុះបណ្តាល ។ ជាមួយគ្នា​នោះ លោកជំទាវ​បានក្រើនរំលឹក​ដល់ស្រី្ត​ទាំងអស់ ត្រូវ​ត្រៀម​មុនពេល​សម្រាល ព្រម​ទាំង​ជម្រាប​ជូន​អំពីសារៈប្រយោជន៍​នៃ​ការ​ពិនិត្យផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ ដោយ​ពិនិត្យ​ឱ្យ​បាន ៤ ដង​និង​ទទួល​ថ្នាំ​ការពារ​រួម​មាន តេតាណុស ថ្នាំជាតិដែក​ចំនួន ៩០ គ្រាប់​និងថ្នាំ​ទម្លាក់ ព្រូន ១ គ្រាប់​សម្រាប់​ស្ត្រី​ក្រោយ​ត្រីមាសទី ១។
លោកជំទាវ​បាន​ណែនាំទៀតថា​ក្រោយ​ពេល​សម្រាល​ត្រូវ​បំបៅ​ដោះដំបូង​និង​តែមួយ​មុខគត់ រហូតដល់ ៦ ខែ បន្ទាប់មក ត្រូវឱ្យអាហារបន្ថែម ហើយស្ត្រីក្រោយ​សម្រាលរួចបន្តទទួលថ្នាំ​ជាតិដែក ៣០ គ្រាប់ វិតាមីនអា ថ្នាំទម្លាក់ព្រូនតាមការណែនាំរបស់គ្រូពេទ្យ ។ ក្រោយ​ពេលកូន​គ្រប់​អាយុ​ត្រូវ នាំកូន​ទៅទទួលការចាក់ថ្នាំបង្ការឱ្យ​បានគ្រប់ចំនួន​មានដូចជា របេង រលាកថ្លើមប្រភេទ B តតាណុស ខាន់ស្លាក់ ក្អកមាន់ រលាក​ស្រោមខួរក្បាល រលាកសួត និង​គ្រុន​ស្វិតដៃជើង ។
លោកជំទាវ​បានអប់រំអំពីការពន្យារ​កំណើត​ដើម្បីសុខភាពមាតា​និង​ចៀសវាង​ការ​មាន​កូន​ដោយ​ចៃដន្យ ។ ទាក់ទង​ទៅនឹងការ​រលូត​កូន​នោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ ស្ត្រីទាំងអស់​មេត្តា​កុំប្រើ​វិធី​រំលូត ឬ​ពន្យារ​កំណើត និង​បង្កើត​កូន​ដោយ​ពេទ្យ​គ្មាន​ជំនាញ គ្មាន​សមត្ថភាព គ្មាន​ការ​បណ្តុះបណ្តាល គឺ​ត្រូវស្វែងរកមន្ទីរពេទ្យ​ណា​មានការទទួលស្គាល់​ពីក្រសួង​សុខា ភិបាល​ទើប​អាចចៀសផុត​ពីការស្លាប់ ម្តាយ​និង​ទារក ។
ក្រៅ​ពី​ការ​ណែនាំ​ដល់ស្ត្រីមានផ្ទៃពោះ​លោកជំទាវ​បានសំណូម​ឱ្យយកចិត្តទុកដាក់​បង្កើត​មន្ទីរពេទ្យ​បង្អែក​ឱ្យបានច្រើន ដើម្បី​ឆ្លើយតបទៅតម្រូវការ​របស់ស្ត្រីមានផ្ទៃពោះ​ដែលកំពុង​មានអត្រាកើនឡើង​ជា​លំដាប់ ក្នុង​នោះ​ប្រការ​សំខាន់​ការ​បង្កើត​ឱ្យ​មាន​មន្ទីរពេទ្យ​គឺ​យើង​អាចធ្វើទៅ​បាន ប៉ុន្តែ​ធ្វើ យ៉ាង​ណា​ឱ្យ​មន្ទីរ​ពេទ្យ​បង្អែក​ដំណើរ​ការ​ប្រកប​ដោយ​និរន្តរភាព នោះ​ជា​ប្រការ​ចាំបាច់​បំផុត ។
បន្ទាប់​មក លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ​បន្តក់​ថ្នាំវិតាមីន អា ដល់​កុមារ ព្រម​ទាំង​អញ្ជើញ​ពិនិត្យ​ផ្ទៃពោះ​ជូន​ដល់ស្ត្រី​មាន​ផ្ទៃ​ពោះ​ផងដែរ៕
ជុំ សម្បត្តិ

No comments:

Post a Comment