Sunday, January 30, 2011

សាច់ដុំ​ចេញពី​លង្វែក រថក្រោះ​និង​រថពាសដែក​ចេញដំណើរ​ឆ្ពោះទៅ​តំបន់​ប្រាសាទព្រះវិហារ


(រូបថត​ ឫទ្ធិសែន)
ខេត្ត​កំពង់​ឆ្នាំង​ ៖ រថក្រោះ​និង​រថពាស​ដែក​ជា​ច្រើន​​គ្រឿង​ត្រូវ​បាន​កងយោធពល​ខេមរភូមិន្ទ​​បញ្ចេញ​​ពីឃ្លាំង​នៅទីតាំង​​បន្ទាយ​លង្វែក​ ស្ថិត​ក្នុង​ស្រុកកំពង់​ត្រឡាច​ ដើម្បី​រៀបចំ​ចេញ​ដំណើរ​​​ទៅ​សមរភូមិ​​ជួរ​មុខ ពិសេស​តំបន់​​ប្រាសាទ​​​ព្រះ​វិហារ​ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​សភាព​ការណ៍​តាន​តឹង ។ ក្បួន​រថ​ពាស​ដែក​​និង​រថក្រោះ​បាន​​ចាក​ចេញ​ពី​​បន្ទាយ​លង្វែក​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​​២៨ ខែមករា យ៉ាងគគ្រឹកគគ្រេង ។ ​លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់ ឧបនា​យករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​ការពារជាតិ​បាន​អញ្ជើញ​​​ជា​អធិបតីក្នុងពិធីជូនដំណើរ​ក្បួន​រថ​ក្រោះ​​និង​រថពាស​ដែក​នោះ​ផងដែរ ។ មាន​ប្រសាសន៍​ទៅ​កាន់​​អ្នក​​កាសែត​​និង​ទូរទស្សន៍​​​​ជាតិ​លោក​ឧត្តម​សេនីយ៍​ទោ​រ៉េត ស៊ីថា នាយ​​រង​​សេនា​ធិការ​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​ និង​ជាមេបញ្ជា​ការ​​កងរថក្រោះ​ និងរថពាស​ដែក​បាន​ឱ្យ​ដឹងថា លោក​​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ពស់​​ដឹកនាំ​រថ​ក្រោះ​​និង​រថពាស​ដែក​ទៅ​សមរភូមិ​ជួរមុខ​​ការ​ពារ​បូរណភាព​ទឹកដី​ មិន​ឱ្យ​​សត្រូវ​បរទេស​ចូល​ឈ្លាន​ពាន​បាន​ឡើយ​ សូម្បី​​មួយមីល្លី​ម៉ែត្រ​ ។
លោក​ឧត្តមសេនីយ៍ទោ​បាន​អះអាង​ថា នាយ​ទាហាន​​​កង​រថ​ក្រោះ​​និង​រថពាស​ដែក​របស់​លោក​គឺសុទ្ធ​សឹង​ជាទាហាន​ជើង​ចាស់​ និង​ធ្លាប់​ហ្វឹក​ហាត់​នៅ​បរទេស​ ចំណែក​ពលទាហាន​​វិញ​សុទ្ធ​​សឹង​​តែ​ធ្លាប់​ហ្វឹក​ហាត់​និង​មាន​បទពិសោធន៍​ខ្ពស់​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពួកគេ​សុទ្ធតែ​មាន​ស្មារតី​​​អង់​អាច​​មោះមុត​ប្រយុទ្ធ​ការពារ​ទឹកដី​មិន​ឱ្យ​បរទេស​ណា​រំលោភ​​ចូល​បូរណភាព​ទឹកដី​​ប្រទេស​កម្ពុជា​បាន​ឡើយ ។

ក្នុង​ឱកាស​​នោះ​ដែរ លោក​ឧត្តម​​សេនីយ៍​ឯក​ចៅ ភារុណ ​ក៏​បាន​ផ្តល់​​បទសំភាសន៍​ដែរ​ថា ​ប៉ុន្មាន​ថ្ងៃនេះ សភាព​ការណ៍​តានតឹង​បាន​​កើត ឡើង​​នៅ​​​​តំបន់​ប្រាសាទ​ព្រះ​វិហារ​ គឺ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​សភាពការណ៍​តាន​តឹង​នេះ​វា​មិន​​ខ្លាំងក្លា​ពេក​​ទេ ​ ។ ទោះបី​ជា​យ៉ាង​ណា​ កង​យោធពល​ខេមរភូមិន្ទ​នៅតែ​ឈរ​លើ​​ស្មារតី​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ តាម​​អនុសាសន៍​ដ៏ថ្លៃថ្លា​​របស់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​ដែល​បាន​បញ្ជាក់​ច្បាស់​ថា មិន​ឱ្យ​សៀម​​ឈ្លាន​ពាន​ធ្វើ​ឱ្យ​​​​បាត់​បង់​ទឹកដី​សូម្បីតែ​មួយ​មីល្លី​ម៉ែត្រ​ ហើយ​យើង​ក៏​មិន​ឈ្លាន​ពាន​គេ​សូម្បីតែ​មួយ​​មីល្លីម៉ែត្រ​ដែរ ។ លោក​បន្ត​ថា ក្រសួង​ការ​ពារ​​ជាតិ​បាន​បញ្ជូន​កងរថ​ក្រោះ​​និង​រថពាស​ដែក​នៅ​ថ្ងៃនេះ លោក​មិន​កំណត់​ថា ប៉ុន្មាន​​គ្រឿង​ទេ គ្រាន់​តែអាចបញ្ជាក់​ថាច្រើន​គ្រឿង​ ហើយ​គោល​ដៅ​គឺ​​ទៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​តែម្តង។ លោក​​បាន​បន្ត​ទៀត​ថា ​នេះ​គ្រាន់​តែ​ជា​ចំណុច​គោល​ដៅ​មួយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​យើង​​មាន​លទ្ធ​ភាព​ច្រើន​​ជាង​នេះដើម្បី​បំពាក់​ដល់​សមរភូមិ​ជួរ​មុខ​តាម​​បន្ទាត់​​ព្រំ​ដែន​របស់​យើង ។​
ចំពោះ​​លទ្ធភាព​​និង​សមត្ថភាព​ គឺកងទ័ព​យើង​សុទ្ធ​សឹង​​តែជាកងទ័ព​​ធ្លាប់​ប្រយុទ្ធ​​ក្នុង​សមរភូមិ​​​ច្រើន​រាប់​មិន​អស់​ ហើយ​ក៏​បាន​ហ្វឹក​ហាត់​​ជាច្រើនជំហាន​​ច្រើន​​​ជំនាន់​​រាប់​មិនអស់​ផងដែរ ។ ក្នុង​ពេល​តម្រង់​​ជួរ​ឡើង​​រថក្រោះ​និង​រថពាស​ដែក ​កងយោធពល​ខេមរភូមិន្ទ​​ម្នាក់​ៗ​ពោរពេញ​ដោយ​ទឹក​មុខ​ស្វាហាប់​​អង់​អាច​ក្លាហាន​​មិនកោត​ញញើត​ខ្មាំង​សត្រូវ​ឡើយ ហើយ​អ្វីដែល​គួរឱ្យកត់​សំគាល់​ទៀត​នោះគឺ​រថក្រោះនិង​រថពាស​ដែករបស់​យើង​​​​សុទ្ធ​តែ​ទំនើប​​​និងថ្មីៗ​ដែលបាន​ទិញ​និង​នាំចូល​ពីបរទេស​កាលពី​ពេល​ថ្មីៗ​កន្លងមក ។

  • ព័ត៌មាន​​ពីតំបន់​​ប្រាសាទ​​ព្រះវិហារ​ កង​ទ័ពកម្ពុជា​​ពង្រាយ​​កំលាំង​ទប់ទល់​
មន្ត្រី​យោធា​កម្ពុជា​​បាន​ឱ្យ​ដឹង​​ថា ភាគីសៀម​​កាលពីថ្ងៃទី​​​២៧ មករា បានជូនដំណឹង​​​មកខាង​កម្ពុជា​​យើង​ដោយ​​​តំរូវ​ឱ្យធ្វើ​​ការរុះរើ​​ខ្លោង​ទ្វារ​​​វត្តកែវសិក្ខាគិរីស្វារៈ​ និង​ដក​ទង់ជាតិ​​ចេញ ។ ជា​មួយគ្នានេះ ​ភាគីសៀម​​ក៏បាន​​ទាមទារ​​ឱ្យ​យក​​ទង់​ជាតិ​៣ ​គឺ​មានទង់​ជាតិ​កម្ពុជា និងទង់​អង្គ​ការ​​យូណេស្កូ​​​ដែលបាន​​បង្ហូត​​នៅជាប់​គោបុរៈ​ទី​៥ ចេញ​ដែរ​ ។ ​មិនត្រឹមតែ​ប៉ុណ្ណោះ​ ភាគីសៀម​​បាន​ព្រមាន​​​ថា បើថ្ងៃ​នេះ (ថ្ងៃទី​២៨ មករា) កម្ពុជា​​​មិនព្រម​រុះរើចេញទេ គេ​នឹង​នាំ​ក្រុម​​ប្រឆាំង​​គឺ​ពួក​​ជ្រុល​និយម​​​អាវលឿង​​មក​កំទេច​ចោល ព្រោះ​កម្ពុជា​​បាន​រំលោភ​​លើ​ផ្ទៃ​ដី​​៤,៦គីឡូម៉ែត្រ​​ការ៉េ។​
ជាការឆ្លើយតប​​ទៅភាគីសៀមវិញ មន្ត្រី​​យោធា​កម្ពុជា​​បាន​ប្រាប់​ទៅវិញ​​ថា កម្ពុជា​​គ្មាន​សិទ្ធិ​​​ដក​ទង់ជាតិ​នៅលើ​ទឹកដី​​របស់ខ្លួន​នោះ​ទេ ហើយ​​បើ​ចង់​​ចូលមក​​ដោះ ឬ​ក៏រុះរើ​​សូម​ចូល​មក​តាម​ចិត្ត​​​​ចុះ កម្ពុជា​​ត្រៀម​​ស្វាគមន៍​​គ្រប់​​វិនាទី ។ ដូច​ការ​អះអាង​​ប្រាប់ទៅ​ភាគីសៀម កងទ័ព​កម្ពុជា​​រាប់ពាន់នាក់​​ត្រូវបានដាក់ពង្រាយ​​​រួច​ជា​ស្រេច​នៅតាម​លេណដ្ឋាន​​ ដែលការ​​ត្រៀម​ស្វាគមន៍​​នេះ លោក​នាយឧត្តមសេនីយ៍​​ជា តារា មានប្រសាសន៍​ថា ក្នុង​កៃកាំ​ភ្លើង​​មានម្រាមដៃ​​ចាំ​កេះ​រួច​ជាស្រេច​ទៅហើយ ។​

ការតបតទៅ​​វិញ​នេះ មិនដឹង​ថា ខាង​ទាហាន​​​សៀម​គិត​បែបណាទេ​ តែ​ចាប់ពីម៉ោង​៧ព្រឹក​​ដល់​ម៉ោង​​១រសៀល​​បានដឹង​​ថា ​មាន​រថយន្ត​​​ជា​ច្រើនគ្រឿង​​បាន​ដឹក​ពួកអាវលឿង​ និង​ទាហាន​​មក​ដល់​​ផ្ទះក្រហម តែមិនហ៊ាន​​​ចូល​បំពាន​លើ​​ខ្សែ​ត្រៀម​​ទេ គឺ​បានត្រឹម​​មើល​ពី​​ចំងាយ​​ និងថត​​​គោបុរៈ​​ទី​៥ នៃប្រាសាទ​ព្រះ​វិហារ​​​របស់ខ្មែរ​​ទាំងស្រក់​ទឹក​មាត់ ។ ការបាន​​ត្រឹម​តែ​​ឈរមើល​​នោះ​មាន​រយៈ​ពេល​ប្រមាណ​​១​ម៉ោង ​​ក្រោយ​មក ​ទាំង​ពួក​ទាហាន និង​ពួក​បាតុ​ករ​អាវលឿង​ក៏​បាន​ចាក​ចេញ​ទៅវិញ ។​
  • ​ប្រតិកម្ម​​​មេបញ្ជា​ការ​យោធា​កម្ពុជា
លោកនាយ​ឧត្តមសេនីយ៍​​ជា តារា មាន​ប្រសាសន៍​​ថា ចាប់ពីពេលនេះ​​ទៅ​គ្មាន​​មេ​ គ្មាន​​កូន​ទាហាន​សៀម​​​ណាម្នាក់​​អាច​ចូល​មក​សហ​ការ​​គ្នា​បាន​ទៀតទេ តាម​ច្រក​ណា​ក៏ដោយ ក្នុង​តំបន់​​​ប្រាសាទ​ព្រះវិហារ និង​អាច​ចូល​បានតែ​​តាមច្រក​​ទ្វារ​​អន្តរជាតិប៉ុណ្ណោះ ។ ​ប្រការ​ដែល​បិទទ្វារ​​លែង​សហការ​គ្នានេះ ព្រោះខាង​ភាគី​សៀម​​មិន​ដែល​គោរព​​​ពាក្យសំដី​របស់​ខ្លួន​ថា​សហការ​គ្នានោះ​ឡើយ ។ ​មក​ដល់​​​ម៉ោង​៥​និង​​៣០នាទី​​ល្ងាច​ថ្ងៃ​ទី​២៨ មករា ស្ថានកាណ៍​ប្រុង​ជើងការ​ចំណុចខ្ពស់​​ត្រូវ​បាន​ពង្រឹង​សំរាប់​​កង​ទ័ព​កម្ពុជា​គ្រប់​កង​ឯក​ភាព​​ដែលឈរជើង​​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​​នៃ​តំបន់​​ប្រា​សាទ​​ព្រះវិហារ ។​

  • ទាហានសៀម​បន្ថែម​កំលាំង​​នៅ​ប្រា​សាទ​​តាមាន់ធំមួយឈុត
នៅ​តាម​​ខ្សែ​បន្ទាត់​​​ព្រំ​ដែន​​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​វិញក៏​មាន​សេចក្តី​រាយការណ៍​​​ឱ្យ​ដឹង​ដែរថា ​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​ និង​ទាហាន​ប៉ារ៉ាសៀម​​ត្រូវ​បាន​បញ្ជូន​​កំលាំង​បន្ថែម​ទៅ​​ដាក់​តាម​គោល​ដៅ​របស់​ខ្លួន​ដែល​ឈរជើង​ចាប់ពី​ចំនួន​៤០​ទៅ​៥០​នាក់ ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​​​បំផុត​​នៅ​តាម​មុខ​ព្រួញ​នីមួយៗ​របស់​ខ្លួន ។​ មន្ត្រី​ប៉ូលិស​​ការពារ​ព្រំដែន​គោក​​បាន​ឱ្យដឹង​ថា ​សភាព​ការ​ណ៍​នៅ​តាម​​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​កង​កំលាំង​ការពារ​ព្រំដែន​របស់​កម្ពុជា​យើង​បាន​ធ្វើ​ការ​ស៊ើបអង្កេត​​នៅ​តាម​គោល​ដៅ​​ដែល​ឈរជើង​របស់​​ទាហាន​ឈុត​ខ្មៅ​ ​និង​ទាហាន​ប៉ារ៉ា​សៀម ​គឺពិតជា​បាន​បញ្ជូន​កំលាំង​បន្ថែម​លើស​ពី​កង​កំលាំង​​ចាស់​ចាប់ពី​ចំនួន​៤០ទៅ​៥០​​នាក់​ក្នុង​គោល​ដៅនីមួយៗ ។ ​បើ​យើង​ពិនិត្យ​ទៅ​​លើ​សភាពការណ៍​​​គឺ​តាន​តឹង​​ ។
លោក​វរសេនីយ៍​ឯក​​នាក់​ វង្ស មេបញ្ជាការ​​រង​និង​​ជានា​យសេនាធិការ​កងពល​​តូចថ្មើរ​ជើង​​​លេខ​៥២​ បានឱ្យ​​ដឹងថា ទាហាន​​សៀម​មាន​ចំនួន​​កើន​ខុស​​​ប្លែក​ ជាពិសេស​នៅ​ចំណុច​ប្រាសាទ​តាមាន់​​​​ធំ ​ត្រូវ​បាន​​ក្រុម​​ទាហាន​​ឈុត​ប៉ារ៉ា​​​​​បន្ថែម​កំលាំង​​​​រាប់​រយ​នាក់​និង​កំពុង​តែដាក់​ខ្សែ​ត្រៀម​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​មាន​​ការ​ប្រុង​​ជើង​ការ​ផងដែរ ។ លោក​​វរសេនីយ៍​ឯក​បាន​បន្ត​ទៀត​ថា ​ទោះបី​ជា​ក្រុម​ទាហាន​​សៀម​បាន​បញ្ជូន​កំលាំង​​បន្ថែម​កើន​ឡើង​​យ៉ាង​ណាក៏​ដោយ​​ ប៉ុន្តែ​កំលាំង​ទាហាន​​កម្ពុជា​ក៏បាន​ប្រុង​ជើង​ការ​រួច​ហើយ​ដែរ ដើម្បី​មាន​វិធានការ​​ទប់​ទល់​​រាល់​សភាព​ការណ៍​​នេះ​ដោយ​​ការ​ប្រុង​ប្រយ័ត្ន​កំរិត​ខ្ពស់​​ ។ នេះជាការ​​គោរព​​តាម​អនុ​សាសន៍​​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​​ហ៊ុន សែន ​ដែល​បាន​កំណត់​មិន​ឱ្យ​​សត្រូវ​ចូល​ឈ្លានពាន​​បាត់​បង់​ទឹកដី​សូម្បី​មួយមីលី្ល​ម៉ែត្រ​ឡើយ ។ សូម​បញ្ជាក់​ថា ទោះបីជា​មាន​​​សភាព​ការណ៍​តានតឹង​​ផ្នែក​យោធា​​ក៏​ដោយ​ តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​មិន​មាន​​ប្រែប្រួល​​ឬភ្ញាក់​ផ្អើល​ទេ ។
ប្រភព​​ព័ត៌មានចុងក្រោយ​​ត្រឹម​ម៉ោង​​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ មករា ស្ថានការណ៍​​តាន​តឹង​នៅ​ប្រាសាទ​តាមាន់​ធំ​បានធូរស្រាល​​វិញ​​ហើយ ដោយទាហាន​សៀម​បានដក​​ថយ​ទៅទី​តាំង​​ចាស់របស់ខ្លួន​​ ឯ​កងទ័ព​​​កម្ពុជា​ក៏​​បានថយ​​មកទីតាំង​​របស់ខ្លួន​​​ដែរ ។ ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​​ថា ការបង្កើន​ចំនួនទ័ព​សៀម​នេះ​ត្រូវ​​បាន​មេ​ទ័ពសៀម​និយាយ​​​ថា «មេ​ឱ្យមក» ។ មន្ត្រី​យោធា​​កម្ពុជា​​​មួយរូប​​និយាយ​​ថា បានជា​ស្ថាន​ការណ៍​​ធ្លាក់​ដល់​​ការប្រឈម​មុខ​​គ្នា​​ភ្លាមៗ​នាព្រឹក​​ថ្ងៃ​ទី​២៨ មករានោះ ​ដោយសារ​តែ​ទាហាន​​សៀម​​​​បានដាក់​​កំលាំង​​របស់ខ្លួន​​ពេញ​​មុខ​ប្រា​សាទ​​​និង​ប្រដាប់ដោយ​​អាវុធ​​គ្រប់ដៃ​​ដែល​ឃើញ​ស្ថាន​ភាព​ដូចនេះ កង​ទ័ព​កម្ពុជា​​ក៏​បាន​​​ចល័ត​កំលាំង​វិញដែរ ។ ចំណែក​​សភាពការណ៍​​នៅ​ប្រាសាទ​តាក្របី​ត្រូវបាន​រាយការណ៍​​ថា ​មិន​មាន​​ការបង្កើន​កំលាំង​​ទ័ពខុស​ប្រក្រតី​ទេ ។​ យោង​តាម​​ប្រភព​នានា​​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ទ័ព​របស់សៀម​​នោះមិន​មែន​មាន​​មេ​ណា​មក​ទេ គឺភាគី​សៀម​មានគំរោង​​ឱ្យពួកអាវលឿង​​ចូលមក​​​​​ដោតទង់​​ជាតិរបស់ខ្លួនលើប្រាសាទ​​​តា​មាន់ធំ តែ​ដោយ​​កង​កំលាំង​​កម្ពុជា​មាន​ប្រតិ​កម្ម​​ភ្លាមៗ​ ទើប​ពួកគេ​ដកថយ​​ទៅវិញ ៕ 
     ( ឫទ្ធិសែន​+ត្បែងមានជ័យ+សំរោង )

ដោយ ៖ កោះឯករាជ្យ





(រូបថត​ ឫទ្ធិសែន)

ទស្សនៈ ៖ ការបង្ករឿងជាថ្មីរបស់ថៃដើម្បីប្រកាសសង្រ្គាមឈ្លានពានកម្ពុជា


ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើនធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមាន សេចក្តីថ្លែងការណ៏​ របស់​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា ភ្នំពេញត្រូវតែ ដកទង់ជាតិចេញ” និងបណ្តាញ​ឃោសនា​ដទៃទៀត ដោយបាននិយាយថា កម្ពុជាគ្មានសិទ្ធិ បង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែន​វិវាទ ស្ថិតនៅជិត​ប្រាសាទ​ព្រះវិហារទេ។​ សេចក្តីថ្លែង ការណ៏​របស់​នាយក​រដ្ឋមន្រ្តីថៃបែបនេះ គឺជា​ទង្វើ​មួយដើម្បី ជាលេសប្រកាស​សង្រ្គាមឈ្លាន ពានកម្ពុជា។ រដ្ឋាភិបាល​ថៃ​គ្មានសិទ្ឋិប្រើកំលាំង យោធា​ប្រឆាំង​នឹង​អធិបតេយ្យ​ភាពរបស់ ប្រទេសណាមួយនោះឡើយ។ ទីតាំងដែល​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជា​ទី​កន្លែងដែល កងទ័ពថៃបានឈ្លានពាន​ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។

បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់​លាស់ដោយផ្អែកលើផែនទី​ដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបាន ផលិត ឡើងនៅឆ្នាំ ១៩០៨ ស្របតាម​អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូស​ផែន​ទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាព ស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវ​មហិច្ឆតា​របស់​ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏​ជាង​នេះទៅទៀត ដាក់​ទឹក​ដី​កម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ង​បែប​អត្តឃាត​ដ៏ឆ្កួតលីលា ដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយ​ផ្លូវច្បាប់​អន្តរជាតិរួច ទៅហើយ។

កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២.  “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នក​ថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញ​ប្រាសាទ​ដែល​ស្ថិតក្នុងទឹកដីកម្ពុជា”។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការ​យោគយល់​គ្នា​រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពី​ការ វាស់វែង និងកំណត់​ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០០០ ដែលទទួល​ស្គាល់​ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់ សំរាប់ការវាស់វែង និង​កំណត់​ ខ័ណ្ឌ​សី​មា​ព្រំដែន​គោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរា ជាណាចក្រថៃ។

យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម  វត្តកែវសិក្ខាគិរីស្វារៈ ដែល​ប្រជាជនកម្ពុជា​បាន​កសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់​ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដី​កម្ពុជា។ ហេតុនេះការដាក់​បង្ហោះ​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះ គឺជាការ សមស្របតាមច្បាប់។

ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តី ថ្លែងការណ៏ របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់​ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជា​ទង្វើ​ដើម្បីជាលេស សំរាប់​ឈ្លានពាន​កម្ពុជា​នា​ថ្ងៃ​អនាគត​យ៉ាង​ជាក់​ច្បាស់។ ហើយ កម្ពុជាមិនអាច ទទួលយកដាច់ខាត និងបដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះសេចក្តីថ្លែងការណ៏ដែល មានលក្ចណៈ មើល​ងាយមើលថោក​បែប​នេះ​។

ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការ​កាន់កាប់ទឹកដី​ក្រោម អធិប​តេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃ​មិនអាច​រំលោភ​បំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា​ម្តងហើយម្តង​ទៀតបាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។​

­­
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយ​ឥតងាករេនូវមធ្យោបាយ សន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការ ដោះស្រាយបញ្ហា ព្រំដែរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំង ទ័ពប្រឆាំង នឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពី​បំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់ កម្ពុជាជាចំណាប់ខ្មាំង នៃនយោបាយ​ផ្ទៃ​ក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាង​ច្រើន​សន្ធឹកន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកល​ដែលនឹង​​ធ្វើ​ឡើងក្នុងឆ្នាំនេះ។ 

            នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅ ក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុស អារម្មណ៍​ជាតិនិយម​ជ្រុល ​ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយ ផ្ទៃក្នុងរបស់​ខ្លួន​ដែល​បង្ក​ឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។

                សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែល បញ្ឆេះ​ឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាង​ជាមួយនឹង របៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សា​​អំណាច នយោបាយ នៅក្រុងបាងកក។

            ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹង ដែលមិនមានភាព ចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបាន​ឈ្លានពាន ដោយកងទ័ពថៃក្នុង ឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ​។

                នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជា សកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់ កម្ពុជា នោះទេ។​ នេះគឺមាន​ ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែន នៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ​ មក​នូវហឹង្សា។​

            ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាម​ដែល​ទទួលស្គាល់ជា អន្តរជាតិ ការបំពានទំនាក់​ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់​ក្រុម​ស្រទាប់ ជាន់​ខ្ពស់​បំផុត​ថៃ។

(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)

បទអត្ថាធិប្បាយ៖ អាប់ភីស៊ីត វេចាជីវ៉ា៖ យកកម្ពុជាជាចំណាប់ខ្មាំង នៅពេលដែលមានវិបត្ដិនយោបាយផ្ទៃក្នុង

ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃត្រូវតែផ្អែកទៅលើកិច្ចព្រមព្រៀង នានា ដែលចុះហត្ថលេខា ដោយតំណាងភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងទាំងនោះ។ នៅក្នុងឆ្នាំ១៩០៤ និង ១៩០៧ នៅពេលដែលកម្ពុជាស្ថិតក្រោម អាណាព្យាបាលរបស់បារាំង កិច្ចព្រមព្រៀង នានារវាងបារាំង និងសៀម មានជាអាទិ៍អនុសញ្ញាក្នុងឆ្នាំ១៩០៤ និងជាពិសេសសន្ឋិសញ្ញា ឆ្នាំ១៩០៧ ត្រូវនៅក្រោមបទដ្ឋានច្បាប់អន្ដរជាតិ។ ក្នុងឆ្នាំ២០០០ អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីខ័ណ្ឌសីមាព្រំដែនគោក​ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងថៃដែលជារដ្ឋអធិបតេយ្យពីរ ជាសមាជិកអាស៊ាន និងជាសមាជិករបស់អង្គការសហប្រជាជាតិ។ អនុស្សរណៈ ឆ្នាំ២០០០ នេះមានតម្លៃគតិយុត្តិដែលត្រូវគោរពតាម។

ប្រសិនបើអ្នកនយោបាយថៃទាំងអស់ រួមទាំងនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត វេចាជីវ៉ា ដឹកនាំ រដ្ឋាភិបាលថៃប្រកបដោយ សេចក្ដីថ្លៃថ្នូរជាអន្ដរជាតិ ដោយគោរពតាមខ្លឹមសារ និងស្មារតីនៃកិច្ច ព្រមព្រៀង អន្ដរជាតិទាំងអស់ដែលមាន ​និង​កំពុង​តែ​ចូលជា ធរមានពេញលេញនោះ ទំនាក់ ទំនងរវាងកម្ពុជា និងថៃនឹង តែងតែជាទំនាក់ទំនងប្រកបដោយក្ដីសង្ឃឹម សម្រាប់ការ​អភិវឌ្ឍ និង អន្ដរសកម្មដោយសន្ដិវិធីរវាងប្រជាជន កម្ពុជានិងប្រជាជនថៃ ដែលរស់នៅតាម​បណ្ដោយ​ព្រំដែន​រួមគ្នា​រវាង​ប្រជា​ជាតិទាំងពីរ និង រវាងរដ្ឋាភិបាល ទាំងពីរ។ ប៉ុន្ដែអ្នកនយោបាយថៃខ្លះ រួមទាំង អាប់ភីស៊ីត វេចាជីវ៉ា គឺមានប្រពៃណី​ជា​អ្នក​ជាតិនិយម ឬជា អ្នក ជាតិនិយមជ្រុលក្នុង មហិច្ឆិតា ដណ្ដើមទឹកដីកម្ពុជា។ ឥរិយាបប្រភេទនេះគឺជាបុព្វហេតុនៃជម្លោះ និង​ជួន​កាល គឺជាបុព្វហេតុនៃ ការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហាន​របស់​ថៃបានឈ្លានពានប្រទេស កម្ពុជា និងបានកាន់កាប់ទឹកដីក្បែរប្រាសាទព្រះវិហារ រួមមានវត្ដកែវ សិក្ខាគីរីស្វារៈ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០០៨ ទាហាន ថៃបានវាយប្រហារទៅលើទី តាំងផ្សេងៗ របស់ប្រទេសកម្ពុជានៅវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ និងវត្ដកែវ​សិក្ខាគីរីស្វារៈ​។ នៅខែមេសា ឆ្នាំ២០០៩ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារ និងដុតឲ្យរាបដល់ដីភូមិផ្សារដែលស្ថិត​នៅក្បែរ​ជណ្ដើរ ខាងជើង ប្រាសាទព្រះវិហារ បានបង្កឲ្យមានវិនាសកម្ម ដែលមិនធ្លាប់មានពីមុន មកដល់ ប្រជាជនកម្ពុជាចំនួន ៣១៩​គ្រួសារ ហើយនិងបំផ្លាញ ផ្នែកខ្លះនៃប្រាសាទព្រះវិហារទៀតផង។

ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលគឺមានភាពច្បាស់លាស់និងរឹងមាំថា រវាងកម្ពុជានិង ថៃមានខ្សែបន្ទាត់ព្រំដែន អន្ដរជាតិចុងក្រោយ និងមានស្ថិរភាព ដែលត្រូវបានកំណត់ដោយ គណៈកម្មការ ចម្រុះ ដែលមានសមាសភាពមន្ដ្រីបារាំង និង សៀម ដែលបានបង្កើត ឡើងក្រោម នៃអនុសញ្ញាឆ្នាំ១៩០៤ ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយ បារាំងនិងសៀម ទទួល ស្គាល់ដោយបារាំង និងសៀម និង ទទួលស្គាល់ដោយបណ្ដាប្រទេសមហាអំណាចពិភពលោក បណ្ដាប្រទេសជាច្រើន និង សហគមអ្នក បោះពុម្ពផែនទីជាច្រើនទៀតនាពេលនោះ។ ដូចនេះ ពុំមានទាល់តែសោះនូវតំបន់ត្រួតស៊ីគ្នា ឬតំបន់​មានវិវាទ នៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅលើផែនទីដងរែក ដែលត្រូវបានគេស្គាល់ ផងដែរថា ជាផែន​ទីឧបសម្ព័ន្ឋ ១ នៅសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យោងតាម កត្ដាខាងលើ កម្ពុជាអាចប្រើប្រាស់ និងបង្ហាញនូវអធិបតេយ្យរបស់ខ្លួនក្រោម រូបភាពបែប ណាក៏ដោយ ដែលកម្ពុជាចង់​ធ្វើនៅលើទឹក​ដី​ទាំងអស់របស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស នៅលើខ្សែព្រំដែនខាងកម្ពុជា ដែលបានគូសនៅលើផែនទីដងរែក ឬ​ផែន​ទី​ឧបសម្ព័ន្ឋ ១។

វាគឺជាសេចក្តីប្រកាសបែបប្រមាថ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា នៃ​រាជា ណាចក្រ​ថៃ ដូចដែល បានចេញផ្សាយដោយសារព័ត៌មានដឺណេសិន ​នៅថ្ងៃទី២៨​ ខែ​មករា ថា “ប្រសិនបើមាន ទង់ជាតិកម្ពុជា (បង្ហូតឡើងនៅវត្តកែវ សិក្ខាគីរីស្វារៈ)វាត្រូវតែដក ចេញវិញ”។   អាប់ភីស៊ីត វេចាជីវ៉ា ត្រូវតែ ដកសេចក្តីប្រកាស ​ដែល​មិនអាចទទួលយកបាននេះ​ចេញវិញពីព្រោះ​វត្តនេះស្ថិតនៅចំងាយប្រមាណជាង​៣០០​ម៉ែត្រ​ ខាងលិចប្រាសាទ​ព្រះវិហារ​ និងប្រមាណជា​ ៧០០​ម៉ែត្រពីបន្ទាត់ ព្រំដែនខាងក្នុងប្រទេស កម្ពុជា។
វាបាន ក្លាយទៅជាទម្លាប់ទៅហើយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ  គឺនៅពេលដែលប្រទេស ថៃធ្លាក់ទៅក្នុងការប្រឈម មុខរវាងបក្ស និងបក្ស និងជម្លោះផ្ទៃក្នុងរវាងរដ្ឋាភិបាលក្រុមអាវលឿង បណ្តាញអ្នក ជាតិនិយមថៃនិកាយសន្តិអាសោក រឺក្រុមអា ក្រហម។ អ្វីដែលពួកគេតែងតែគិត នោះ គឺយកប្រទេស កម្ពុជា ធ្វើជាចំណាប់ខ្មាំង។ នាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា បង្ករឿង ដដែលៗ នៅពេលដែលខ្លួនបានចេញសេចក្តីប្រកាសបែបប្រមាថ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែបង្ហាញនូវសកម្មភាព ប្រទូស្តរាយយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញទង្វើដើម្បីជាលេសសំរាប់ឈ្លានពានកម្ពុជាថែមទៀតផង។

(Waddhana P, អ្នកស្រាវជ្រាវ និងវិភាគជាន់ខ្ពស់ពីទំនាក់ទំនងកម្ពុជា-ថៃ នៃវិទ្យាស្ថានកិច្ចការអន្តរជាតិកម្ពុជា)

ចូល​ឆ្នាំ​ចិន​ចាប់ផ្តើម​យ៉ាង​ដូចម្តេច​?


ភ្នំពេញ:     ​    ​យោង​តាម​រឿងនិទាន​និង​រឿងព្រេង​បុរាណ​ចិន ដើមកំណើត​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ចាប់ផ្តើម​ជាមួយនឹង​ការប្រយុទ្ធ​ជាមួយ​សត្វ​កំណាច មួយ​ក្បាល​ដែល​មានឈ្មោះ​ថា នៀន​។​សត្វ នៀន នឹង​ចេញ​មក​ថ្ងៃទី​១​នៃ​ឆ្នាំ​ថ្មី ដើម្បី​មក​បំផ្លាញ​សត្វ​គោក្របី​ផលដំណាំ​និង​សម្លាប់​ក្រុម​អ្នកភូមិ​ជា​ពិសេស​កុមារ​។​ដើម្បី​ការពារ​ខ្លួន​ពួក​គេ ក្រុម​អ្នក​ភូមិ​បាន​យក​ម្ហូបអាហារ​មក​ដាក់​នៅ​ខាង​មុខ​ទ្វារផ្ទះ​របស់​ពួកគេ​នៅ​ពេល​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ម្តងៗ​។​
​ពួក​គេ​ជឿ​ថា ក្រោយ​ពី​សត្វ នៀន បាន​ស៊ី​ចំណី​ដែល​ពួកគេ​បាន​រៀបចំ​ឲ្យ​រួចហើយ វា​នឹង​មិន​វាយប្រហារ​មនុស្ស ណា​ម្នាក់​ទេ​។​មាន​ពេល​មួយ​នោះ ប្រជាជន​បាន​ឃើញ​សត្វ នៀន​ខ្លាចក្មេង​តូច​ម្នាក់​ដែល​ស្លៀកពាក់ ឈុត​ក្រហម​។​បន្ទាប់​មក​ក្រុម​អ្នកភូមិ​ជឿ​ថា​សត្វ នៀន ខ្លាច​ពណ៌​ក្រហម​។​ដូច្នេះ​រៀង​រាល់​ពេល​នៅពេល​ពិធី បុណ្យ​ចូល​ឆ្នាំ​ចិន​ជិត​មក​ដល់ ក្រុម​អ្នក​ភូមិ​ព្យួរ​គោម​ពណ៌​ក្រហម​និងរ​មូរ​ក្រដាស​ពណ៌​ក្រហម​រាង​ជា​ផ្កា​នៅ តាម​បង្អួច​និង​ទ្វារ​។​ប្រជាជន​ក៏​ប្រើប្រាស់​ផាវ​ដើម្បី​បន្លាច​សត្វ នៀន ឲ្យចេញ​ឆ្ងាយ​ផងដែរ​។​ចាប់ពីពេលនោះ​មក សត្វ នៀន លែង​ហ៊ាន​ចូល​ភូមិ​ទៀត​។ នៅ​ទីបំផុត នៀន ត្រូវបាន​ព្រះសង្ឃ ហុង​ជុន ឡាវ​ស៊ូ ដែលជា ព្រះសង្ឃ​សាសនា​តាវ​សម័យបុរាណ​ចាប់បាន​។ សត្វ នៀន បាន​ក្លាយជា​សេះ​​របស់​ព្រះសង្ឃ ហុង​ជុន ឡាវ​ស៊ូ តាំងពី​ពេលនោះ​មក​។​    ​

​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺជា​ពិធី​បុណ្យ​ប្រពៃណី​ចិន​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណី​ចិន​ជា​ច្រើន​។​បើទោះបី​ចំពេល​មាន​រដូវរងារ​ក៏ដោយ ក៏​នៅក្នុង​ប្រទេស​ចិន ពិធី​នេះ​ត្រូវបាន​គេ​ហៅថា “​ពិធីបុណ្យ​និទាឃ​រដូវ​”(Spring Festival) ជា​ការបកប្រែ​តាមន័យ​ត្រង់​ពី​ឈ្មោះ​ចិន ដោយសារ​តែ​ភាពខុសគ្នា​រវាង​វិធីសាស្ត្រ​គណនា​រដូវ​កាល​តាម​បែប​ប្រពៃណី​ចិន​និង​តាម​បែប​បស្ចិមប្រទេស​។​
​    ​ពិធីបុណ្យ​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១​នៃ​ខែ​ទី​១​តាម​ប្រក្រតិទិន​បុរាណ​ចិន​និង​បញ្ចប់​ដោយ​ពិធី​បុណ្យ​ដុត​ចង្គៀង​គោមដែល​ត្រូវ​នឹង​ថ្ងៃទី​១៥​។​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ជា​ថ្ងៃមួយ​ដែល​គ្រួសារ​ប្រជាជន​ចិន​ជួបជុំ​គ្នា​សម្រាប់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ប្រចាំឆ្នាំ​របស់​ពួកគេ​ដែល​គេ​ហៅ​ជា​ភាសា​ចិន​ថា ជូ​ស៊ី​ឬ​”​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​”​។​
​    ​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺជា​ពិធី​បុណ្យ​ដ៏​យូរ​បំផុត​និង​សំខាន់​បំផុត​តាម​ប្រក្រតិទិន​ចន្ទគតិ​របស់​ចិន​។​ដើមកំណើត​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺ​មាន​ចំណាស់​ជាច្រើន​សតវត្សរ៍​មក​ហើយ​និង​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​ដោយសារ​តែ​ជំនឿ​និង​ទំនៀមទម្លាប់​ប្រពៃណី​ជា​ច្រើន​។​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ពី​សម័យ​បុរាណ​គឺជា​ការឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ប្រជាជន​បាន​ប្រព្រឹត្ត​និង​ពីអ្វី​ដែល​ពួក​គេ​ជឿជាក់​បំផុត​នោះ​។​

​    ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​តាម​ប្រទេស​និង​ទឹកដី​ដែល​មាន​ប្រជាជន​ចិន​ច្រើន​រស់នៅ​ដូចជា ចិន​ដីគោក ហុក​កុង ឥណ្ឌូនេស៊ី ម៉ា​កាវ ម៉ា​ឡាឡេ​ស៊ី ហ្វីលីពីន សិង្ហ​បុរី តៃវ៉ាន់ វៀតណាម​និង​នៅតាម​តំបន់​ប្រជុំជន​ចិន​(Chinatown) ផ្សេងៗ​។​
​    ​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវបាន​ចាត់ទុក​ថា​ជា​ថ្ងៃបុណ្យ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ចិន​និង​មាន​ឥទ្ធិពល​លើ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់​ប្រទេស​ជិតខាង​របស់​ខ្លួន​ព្រមទាំង​វប្បធម៌​របស់​ប្រជាជន​ដែល​ប្រជាជន​ចិន​មាន​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​ជាមួយ​។ ប្រជាជន​ទាំងនោះ​រួមមាន កូរ៉េ ទី​បេ និង ប៊ូ​តាន ម៉ុង​ហ្គោលី វៀតណាម និង​ជប៉ុន​កាលពី​មុន​ឆ្នាំ​១៨៧៣​។​
​    ​នៅតាម​បណ្តា​ប្រទេស​ដូចជា​អូស្ត្រាលី​កាណាដា​និង​សហរដ្ឋអាមេរិក​បើ​ទោះ​ណា​បុណ្យ​ចូល​ឆ្នាំ​ចិន​មិនមែន​ជា​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ក៏ដោយ​ក៏​ជាតិ​ពន្ធ​ចិន​ជា​ច្រើន​បាន​ប្រារព្ធ​ពិធី​អបអរ​ដ៏​ធំ​ហើយ​ប្រៃសណីយ៍​អូស្ត្រាលី ប្រៃសណីយ៍​កាណាដា និង​ការិយាល័យ​ប្រៃសណីយ៍​របស់​អាមេរិក​ចេញ​តែម​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ​។​
​    ​នៅក្នុង​ប្រទេស​ចិន​វិញ​ទំនៀមទម្លាប់​និង​ប្រពៃណី​តាម​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មាន​ភាពខុស​គ្នា​ច្រើន​។ ប្រជាជន​នឹង​ចំណាយ​ប្រាក់​របស់​ពួកគេ​ដើម្បី​ទិញ​អំណោយ គ្រឿង​តុបតែង​លំអ សម្ភារៈ​ប្រើប្រាស់​ម្ហូបអាហារ​និង​សំលៀកបំពាក់​។​វា​ក៏​ជា​ប្រពៃណី​មួយ​ផងដែរ​ដែល​គ្រប់​ក្រុម​គ្រួសារ​ធ្វើ​ការសម្អាត​ផ្ទះសម្បែង​សព្វកន្លែង​ដើម្បី​បណ្តេញ​រាល់​ឧបទ្រព​ចង្រៃ​ដោយ​សង្ឃឹមថា នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សំណាង​ល្អ​ដែល​នឹង​ចូលមក​ដល់​។​

​បង្អួច​និង​ទ្វារ​នឹង​ត្រូវ​បាន​តុបតែង​លំអ​ដោយ​យ័ន្ត​ពណ៌​ក្រហម​និង​ពាក្យ​ជូនពរ​ដែល​សរសេរ​ថា “​សេចក្តីសុខ​”“​ភោគទ្រព្យ​”​និង​“​អាយុ​យឿន​យូរ​”​។​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​អាហារ​ពេល​ល្ងាច​គឺជា​ពិធី​ជប់លៀង​ជាមួយ​ក្រុម​គ្រួសារ​។​អាហារ​ទាំងនោះ​រួមមាន​ដូចជា សាច់ជ្រូក សាច់​ទា សាច់​មាន់​និង​បង្អែម​ដ៏​ឆ្ងាញ់​ពិសារ​។​
​    ​ក្រុមគ្រួសារ​នឹង​បញ្ចប់​កម្មវិធី​ក្នុងពេល​រាត្រី​ដោយ​មាន​ការដុត​ផាវ​ផងដែរ​។​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​បន្ទាប់ ក្មេងៗ​នឹង​សំដែង​ការគោរព​ចំពោះ​ឪពុក​ម្តាយ​ដោយ​ជូនពរ​ពួកគាត់​ឲ្យមាន​សុខភាព​ល្អ​និង​រីករាយ​ថ្ងៃ​ចូលឆ្នាំថ្មី ហើយ​ទទួលយក​អាំង​ប៉ាវ​ម្នាក់​មួយៗ​។​ប្រពៃណី​បុណ្យចូលឆ្នាំ​ចិន​គឺ​ជា​មធ្បោបាយ​ដ៏​ប្រពៃ​បំផុត​ដើម្បី​ធ្វើ​ការផ្សះផ្សារ បំផ្លាចចោល​បំណង​អាក្រក់​ទាំងឡាយនិង​បួងសួង​ដោយស្មោះ​ស​សូមឲ្យ​មាន​សន្តិភាព​និង​សុភមង្គល​សម្រាប់​គ្រប់​គ្នា​។​
​    ​បើ​ទោះ​ណា​តាម​ទម្លាប់ ប្រក្រតិទិន​ចិន​មិន​ប្រើ​ឆ្នាំ​ដែល​កំណត់​លេខ​រៀង​បន្តបន្ទាប់​គ្នា​ក៏ដោយ ក៏​នៅ​ក្រៅប្រទេស​ចិន​ជារឿយៗ ឆ្នាំ​ត្រូវបាន​គេ​កំណត់​ចាប់​ពី​សម័យ​សោយរាជ្យ​របស់​អធិរាជ​លឿង​ឬ​ហ៊ួង​ឌី ( Yellow Emperor, Huangdi) ។​ប៉ុន្តែ​យ៉ាងហោចណាស់​ឆ្នាំ​ចំនួន​បី​ត្រូវ​បាន​គេ​ចុះ​លេខ​ទី ១​ឥឡូវ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកប្រាជ្ញ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ឆ្នាំ​២០១១ ត្រូវ​នឹង​”​ឆ្នាំ​ចិន​” ៤៧០៩,៤៧០៨,​ឬ​៤៦៤៨​។​
​    ​ប្រក្រតិទិន​ចន្ទគតិ​និង​សុរិយគតិ​(Lunisolar calendar)​របស់​ចិន​កំណត់​កាលបរិច្ឆេទ​ចូល​ឆ្នាំ​ចិន​។ ប្រក្រតិទិន​នេះ​ក៏​ត្រូវបាន​ប្រើ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ត្រូវបាន​អនុម័ត​ឲ្យប្រើ​ឬ​ក៏រង​ឥទ្ធិពល​វប្បធម៌​របស់​ជនជាតិ​ហាន​(​ជាពិសេស កូរ៉េ ជប៉ុន​និង​វៀតណាម​)​ហើយ​ប្រហែលជា​មាន​ខ្សែស្រឡាយ​តែមួយ​ជាមួយ នឹង​ពិធី​បុណ្យចូលឆ្នាំថ្មី​ស្រដៀង​គ្នា​នេះ​នៅ​ក្រៅ​តំបន់​អាស៊ី​ខាងកើត​(​ដូចជា​អ៊ីរ៉ង់​និង​ពួក​ជនជាតិ​ប៊ុ​ហ្គា​)​។​
​    ​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​(​ប្រក្រតិទិន​សាកល​ដែល​យើង​ប្រើ​សព្វថ្ងៃ​) កាលបរិច្ឆេទ​សម្រាប់​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ចិន​តែងតែ​ប្រែប្រួល​រៀងរាល់​ឆ្នាំ​ដែល​កាលបរិច្ឆេទ​នៅ​ចន្លោះ​ថ្ងៃ​ទី​២១​ខែ​មករា​និង​ថ្ងៃទី​២០​ខែ​កុម្ភះ​។​តាម​ប្រក្រតិទិន​ចិន​សុល​ស្ទីស​(​ពេល​ដែល​ព្រះអាទិត្យ​នៅ​ឆ្ងាយ​បំផុត​ពី​ខ្សែ​អេក្វាទ័​រ​)​រដូវរងារ​ត្រូវតែ​កើតឡើង​នៅក្នុង​ខែ​ទី​១១​ដែល​មានន័យ​ថា​ពិធី​បុណ្យចូលឆ្នាំ​ចិន​តាម​ធម្មតា​ត្រូវ​នឹង​ថ្ងៃ​ពេញ​បូរ​មី​ទី​ពីរ​បន្ទាប់​ពី​សុ​ល​ស្ទីស​រដូវរងារ​។​

​    ​ក្នុង​វប្បធម៌​បុរាណ​ចិន លី​ឈុន (Lichun) គឺជា​ពាក្យ​សំដៅ​ព្រះអាទិត្យ​ដែល​កត់សម្គាល់​ពី​ការ ចាប់​ផ្តើមនិទាឃ​រដូវ​ដែល​កើតឡើង​ប្រហែល​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​។​កាលបរិច្ឆេទ​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ ចិន​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៩(​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​)​គឺ​ស្ថិតនៅ​ខាងឆ្វេង​ព្រម​ជាមួយនឹង​រាសី​សត្វ​ដែល​តំណាង​ឆ្នាំ​និង​មែកធាង​របស់​វា​នៅ​លើ​ផែនដី​។​ឈ្មោះ​នៃ​មែកធាង​នៅលើ​ផែនដី​មិនមាន​ពាក្យ​គូ​ជា​ភាសា​អង់គ្លេស​ហើយ​មិនមែន​ជា​ការបកប្រែ​សត្វ​ទាំងអស់នោះ​ជា​ភាសា​ចិន​ទេ​។​ព្រម​ជាមួយ​រយៈពេល​វិលជុំ​១២​ឆ្នាំ​នៃ​រាសី​សត្វ មាន​រយៈពេល​វិលជុំ​១០​ឆ្នាំ​នៃ​ទ្វារ​ឋានសួគ៌​។​ទ្វារ​ឋានសួគ៌​នី​មួយៗ​នៃ​ទ្វារថាន​សួគ៌​ទាំង​១០​គឺពាក់ព័ន្ធ​នឹង​ធាតុ​មួយ​នៅក្នុង​ចំណោម​ធាតុ​ទាំង​៥​នៃ​ហោរាសាស្ត្រ​ចិន​ដែល​មាន​ដូចជា​: ធាតុ​ឈើ ធាតុ​ភ្លើង ធាតុ​ដី​
 ធាតុ​ដែក និង​ធាតុទឹក​។​
​    ​ធាតុ​ទាំងនេះ​ឆ្លាស់គ្នា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ចំណែកឯ​យិន​និង​យ៉ាង​(​ញី និង​ឈ្មោល​Yin and Yang) ឆ្លាស់គ្នា​រៀងរាល់ឆ្នាំ​។​ដូច្នេះ​ធាតុ​ទាំងនេះ​គឺ​ខុសគ្នា​: យ៉ាង​ឈើ យិន​ឈើ យ៉ាង​ភ្លើង យិន​ភ្លើង ។​ល​។​
​ធាតុ​ទាំងនេះ​បង្កើតបាន​ជា​ខួប​រួម​មួយ​ដែល​កើតឡើង​ម្តង​ទៀត​រៀងរាល់​៦០​ឆ្នាំ​ម្តង​។​ជា​ឧទាហរណ៍ ឆ្នាំ​កណ្តុរ​ភ្លើង​យ៉ាង​កើតឡើង​នៅ​ឆ្នាំ​១៩៣៦​និង​នៅ​ឆ្នាំ​១៩៩៦​គឺ​ឃ្លាត​គ្នា​៦០​ឆ្នាំ​។​
​    ​មាន​មនុស្ស​ជាច្រើន​ភាន់ច្រឡំ​ឆ្នាំ​កំណើត​របស់​ខ្លួន​តាម​ប្រក្រតិទិន​ចិន​ជាមួយនឹង​ឆ្នាំ​កំណើត​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​។​ដោយសារ​តែ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ចាប់ផ្តើម​នៅ​ចុង​ខែ​មករា​រហូត​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ​នោះ​កាលបរិច្ឆេទ​ចូលឆ្នាំ​ចិន​ពី​ថ្ងៃ​ទី​១​ខែ​មករា​រហូតដល់​ថ្ងៃ​នោះ​តាម​ឆ្នាំ​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​ថ្មី​គឺ​នៅ​ដូចនឹង​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​ចាស់​ដដែល​។​ជា​ឧទាហរណ៍ ឆ្នាំ​១៩៨៩​ជា​ឆ្នាំ​ពស់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦​ខែ​
​កុម្ភៈ​ឆ្នាំ​១៩៨៩​។​ឆ្នាំ​១៩៩០​ត្រូវបាន​មនុស្ស​មួយចំនួន​ចាត់ទុកថា ជា​ឆ្នាំ​សេះ​។​
​    ​ទោះជា​យ៉ាងណា​ឆ្នាំ​១៩៨៩​ជា​ឆ្នាំ​ពស់​បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​១៩៩០​។​នេះ​មានន័យ​ថា​អ្នក​ដែល​កើត​ចាប់ពី​ថ្ងៃ​ទី​១​ខែ​មករា​រហូតដល់​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​១៩៩០​តាមពិត​ត្រូវ​កើត​ចំ​ឆ្នាំ​ពស់​ជា​ជាង​ឆ្នាំ​សេះ​។​
​    ​

ដោយ : សូនី CEN

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​ការចរចារ​ដោះស្រាយ​វិបត្តិ​នៃ​ប្រទេស​នេ​ប៉ាល់​

ភ្នំពេញ: ពី​ធ្លាប់​ជា​អ្នក​មាន​វិបត្តិ​សង្គ្រាម​ផ្ទៃក្នុង​ជា​ច្រើន​ឆ្នាំ​កាល​ពី​ជិត​២០​ឆ្នាំមុន​ឥឡូវនេះ​នៅ​ចុងខែ​កុម្ភៈ​ឬ​ដើមខែ​មីនា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចរចារ​សន្តិភាព​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៃ​ប្រទេស​នេ​ប៉ាល់​។​សម្តេច​តេជោ​ហ៊ុនសែន​ដែល​ជា​បុរស​ខ្លាំង​នៃ​ប្រទេស​កម្ពុជា​និងជាអ្នក​ដែល​បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​កាលពី​ឆ្នាំ​១៩៩៨​នឹង​ដឹកនាំ​ការចរចារ​នេះ​។​

​     ការរៀបចំ​កិច្ចប្រជុំ​ប្រឹក្សា​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ​ខាង​មុននេះ ត្រូវ​បានសម្រេច​ដោយ​តួអង្គ​សំខាន់​៣​គឺ​ទី​១ រាជរដ្ឋាភិបាល​កម្ពុជា ទី​២ សន្និសីទ អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី ហៅ​កាត់​ថា អាយ​កាប​(International Conference of Asian Political Parties)​និង​ទី​៣​អ្នកប្រជាធិបតេយ្យ​និយម កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក (Centrist Asia Pacific Democrats International)​។​
​    ​តួអង្គ​ទាំង​៣​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តីពី​ការយល់ព្រម​ជា​ឯកច្ឆ័ន្ទ​ពី​ក្រុម​ចលនា​នយោបាយ​របស់​ប្រទេស​នេ​ប៉ាល់​ទាំងអស់​ក្នុង​ការទទួល យក​"​ការប្រឹក្សា​សន្តិភាព​"​ក្នុង​រាជធានី​ភ្នំពេញ​។ ចលនា​នយោបាយ​នៃ​ប្រទេស​នេ​ប៉ាល់រួម​មាន​គណបក្ស​ធំៗ​ចំនួន​៣​និង​គណបក្ស​តូចៗ​ផ្សេងទៀត​។​
​    ​យោង​តាម​សេចក្តីពន្យល់​នៃ​សេចក្តីថ្លែងការណ៍​រួម​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ពន្យល់ថា​ការស្នើ​អោយ​កម្ពុជា​ដឹកនាំ​រៀបចំ​កិច្ច​ប្រឹក្សា​សន្តិភាព​សម្រាប់​ប្រទេស 
នេ​ប៉ាល់​នោះ គឺ​ដោយសារ​កម្ពុជា​មាន​បទពិសោធន៍​នៅក្នុង​បញ្ហា​ទាំងនេះ​។ គឺជា​បទពិសោធន៍​ក្នុង​ការសម្រេច​បាន​ការ​ផ្សះផ្សារ​ជាតិ​ផ្ទៃក្នុង ការសម្រេចបាន​នូវ​សន្តិភាព 
ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​២០​ឆ្នាំនេះ​។ 
​    ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ខៀវ កាញារីទ្ធ​បាន​និយាយថា​" នេះ​គឺជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។​កម្ពុជា​មាន​បទពិសោធន៍ ក្នុងការ​រំលត់​សង្គ្រាមស៊ីវិល ហើយក៏​មាន​បទពិសោធន៍​ក្នុងការ​ធ្វើ​អោយ​ចលនា​នយោបាយ​នានា​ធ្វើការ​ជាមួយគ្នា​ដែរ​"​។​
​    ​សេចក្តីថ្លែងការណ៍​រួម​បានបញ្ជាក់​ថា "​ការប្រឹក្សា​សន្តិភាព​"​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ចលនា​នយោបាយ​នៃ​ប្រទេស​នេ​ប៉ាល់​នោះ​នឹង​ជា​កិច្ចប្រជុំ​នយោបាយ ផ្ទៃក្នុង​សុទ្ធសាធ​ក្នុង​រង្វង់​តែ​គណបក្ស​នយោបាយ​នេ​ប៉ា​ល់ដោយ​គ្មាន​អ្នក​សម្រុះសម្រួល​អ្នក​ផ្សះផ្សារ​ពី​សំណាក់​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ​។​ក៏​ប៉ុន្តែ​អាច​នឹង​មាន​ក្រុម​អ្នកសង្កេតការណ៍​ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​មក​ពី​តំបន់​អាស៊ី​ដូចជា ចិន ឥណ្ឌា និង​ជប៉ុន​។​

-​ប្រវត្តិ​នៃ​វិបត្តិ​របស់​ប្រទេស​នេ​ប៉ាល់​
​ប្រទេស​នេ​ប៉ា​ល់ជា​អតីត​ប្រទេស​រាជានិយម​។ នៅ​ឆ្នាំ​១៩៩៦​ចលនា​ប្រឆាំង​រដ្ឋាភិបាល​និយម​ក៏​ចាប់ផ្តើម​ក​កើតឡើង​ដោយ​ក្រុម​គណបក្ស​កុ​ម្មុយ​នី​ស​របស់នេ​ប៉ាល់ ដែល
​គេ​ស្គាល់​ថា ជា​ក្រុម​ម៉ៅ​និយម​។ ចលនា​នេះ​បាន​បង្ក​ឲ្យមាន​សង្គ្រាម​ស៊ីវិល​រយៈពេល​១០​ឆ្នាំ ដែល​បាន​បង្កឲ្យមាន​មនុស្ស​ស្លាប់​ប្រមាណ​១៦០០០​នាក់​។​
​    ​នៅក្នុង​ឆ្នាំ​២០០៦ ព្រះមហាក្សត្រ ហ្ស៊ី​យ៉ានិ​នដ្រា (Gyanendra)​បាន​សម្រេច​ព្រះទ័យ​ចាកចេញ​ពី​អំណាច​។ នៅ​ថ្ងៃ​ទី​១៨​ឧសភា​ឆ្នាំ​២០០៦​សភា​បាន 

បោះឆ្នោត​បន្ថយអំណាចរ​បស់​រាជបល្ល័ង្គ​ហើយ​បាន​ប្រកាស​ដាក់​ប្រទេស​នេ​ប៉ា​ល់ជា​ប្រទេស​ដែល​មិនមែន​ដឹកនាំ​បែប​សាសនា​(asecular state)​ដើម្បី​បញ្ចប់ រូបភាព​ដែល​ថា​ប្រទេស​នេ​ប៉ា​ល់ជា​រាជាណាចក្រ​ហិណ្ឌូ​។​នៅ​ថ្ងៃ​ទី​២៨​ធ្នូ​២០០៧​សេចក្តីព្រាងច្បាប់​មួយ​ត្រូវ​ស្តីពី​ការស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៥៩ ដើម្បី​ប្រកាសប្រទេស​នេ​ប៉ា​ល់ជា សាធារណរដ្ឋ​សហព័ន្ធ​។​
​    ​នៅ​ឆ្នាំ​២០០៨ ការបោះឆ្នោត​មួយ​ត្រូវបាន​រៀបចំ​។ គណបក្ស​កុ​ម្មុយ​នី​ស​នេ​ប៉ាល់​(​ក្រុម​ម៉ៅ​និយម​)​បាន​ទទួល​សម្លេងឆ្នោត​ច្រើន​ជាង​គេ​ហើយ​បានបង្កើតរដ្ឋាភិបាលចម្រុះ​មួយ​។​ទោះ​យ៉ាងណា​ក៏​ដោយ​ភាព​តានតឹង​ក្នុងចំណោម​គណបក្ស​នយោបាយ​នានា​និង​ការដណ្តើម​អំណាច​គ្នា​នៅតែ​បន្ត​រហូត​។​នៅក្នុង​ខែ​ឧសភា​២០០៩​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​ម៉ៅ​និយម​ត្រូវ​បាន​ផ្តួលរំលំ​ហើយ​រដ្ឋាភិបាល​ចម្រុះ​មួយទៀត​ដែល​ផ្គុំ​ដោយ​គណបក្ស​ជាច្រើន​ប្រឆាំង​ក្រុម​ម៉ៅ​និយម​ត្រូវ​បានបង្កើត​។​

ដោយ : ព្រហស្បតិ៍

យូ​អិន​ឌី​ភី​បញ្ចប់​គម្រោង​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​

ភ្នំពេញ: ​មន្ត្រី​កម្ពុជា​និង​មន្ត្រី​យូ​អិន​ឌី​ភី​ប្រចាំ​កម្ពុជា​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​នេះ​ថា​គម្រោង​ពាណិជ្ជកម្ម​មួយ​ដែល​គាំទ្រ​ដោយ​កម្ម​វិធី​អភិ​វឌ្ឍន៍​អង្គការសហប្រជាជាតិ​(UNDP)​ដល់​ក្រសួង​ពាណិជ្ជកម្ម​ដែល​មាន​តាំងតែ​ពី​ឆ្នាំ​២០០៦​មក​បាន​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​មករា​នេះ​។​គម្រោង​នេះ​មានឈ្មោះ​ថា​គម្រោង​ជំនួយ​ពាណិជ្ជកម្ម​ដើម្បី​ការ​អភិ​វ​ឌ្ឈ​និង​សមធម៌ ។ 
​    ​
​    ​លោក​ចម​ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ថា​គម្រោង​នេះ​គឺជា​គម្រោង​មួយ​ដែល​បាន​រួមចំណែក​ជួយ​នឹង​ជំរុញ​ពាណិជ្ជកម្ម​នៅ​​ក្នុងប្រទេស​កម្ពុជា​ឱ្យ​ដំណើរការ​ទៅមុខ​។​តាមរយៈ​គម្រោង​នេះ​មាន​គម្រោង​ជា​ច្រើន​ដែល​ស្ថិត​នៅក្នុង​ជួរ​មុខ​នៃ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​នៃ​ការនាំចេញ​របស់​ខ្លួន ។  គម្រោង​នេះ​បាន​ជួយ​លើ​ការពង្រីក​ទីផ្សារលើផលិតផលកសិកម្មជាច្រើន​របស់​កម្ពុជា ដូចជា  អង្ករ តំឡូង​មី គ្រាប់ស្វាយចន្ទី និង កិច្ចព្រមព្រៀង​ថ្មីៗ​ជាច្រើន​ជាមួយនឹង​ប្រទេស​ចិន ។ 
​    ​លោក​បាន​ឱ្យដឹងថា​គម្រោង​នេះ​បាន​ផ្ដល់​នូវ​ការគាំទ្រ​ជាច្រើន​ដល់​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​ជំរុញ​ការសំរបសំរួល​លើ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ ។ 
​    ​លោកស្រី អេ​ឡេ​ណា ទី​ឆេន​កូ (​លែ​នោ Tischenko)​តំណាង​យូ​អិន​ឌី​ភី​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​បានឱ្យដឹង​ថា​គម្រោង​នេះ​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន លើ​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ការឆ្លើយតប​នឹង​គោលនយោបាយ​អភិ​វឌ្ឈន៍​កម្ពុជា​។​គម្រោង​នេះ​គឺជា​គម្រោង​មួយ​ដែល​បាន​ជួយ​ដល់​ការធ្វើ​ពិពិធ​កម្ម​ចំពោះ ការនាំ​ចេញលើសពីវិស័យកាត់ដេរនិងទេសចរណ៍ដូចជាការបង្កើនការយកចិត្ដទុកដាក់លើការនាំចេញ​កសិផល​ដែល​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើឱ្យ​ពាណិជ្ជកម្ម​អន្ដរជាតិ​កាន់តែ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សហគមន៍​ជនបទ​និង​ការគាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុ​ជា​នៅក្នុងការខិតខំ​ដើម្បី​ឆ្លើយតប​នឹង​ចំណុច​គោលដៅ​អភិ​វឌ្ឈន៍​សហស្សវត្ស​រ៍របស់​កម្ពុជា​នៅក្នុង​ឆ្នាំ ២០១៥ ។ 
​    ​គួរ​រំលឹក​ថា​គម្រោង​នេះ​បាន​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​លើ​គម្រោង​តូចៗ​ចំនួន ១១ ដែល​មាន​តម្លៃ សរុប​ចំនួន ១,២ លាន​ដុល្លារ ។ 

ដោយ : សេរី

ឆ្នេរសមុទ្រ​កម្ពុជា​មាន​សំណាង​ធំ​

ភ្នំពេញ: ​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក​ហើយ​បន្ទាប់ពី​បាន​ចុះ​ជា​បេក្ខភាព​បញ្ជូល​ឆ្នេរ​នេះ​កាលពី​ឆ្នាំ​២០១០​កន្លង​នៅ​ទីក្រុង​ហា​ឡុង​ប្រទេស​វៀតណាម​និង​បន្ទាប់មក​លោក​Jerome Bignon​ប្រធាន​ក្លឹប​ឆ្នេរ​ពិភពលោក​ក៏​បាន​មក​ពិនិត្យ​មើល​ឆ្នេរ​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​។​នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​។​

​    ​មន្ដ្រី​ក្រសួង​ទេសចរណ៏​បាន​ប្រាប់​អ្នកកាសែត​កាលពី​ចុង​សប្តាហ៍​នេះ​ថា​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក​នេះ ដោយ​ឆ្លង កាត់​ការបោះឆ្នោត​នៅ​ប្រទេស​បារាំង​ហើយ​គេ​នឹង​ធ្វើ​វិញ្ញាបនប័ត្រ​ជា​ផ្លូវកា​រយ​ក​ទៅ​ដាក់​នៅ​ឯម​ហា​សន្និបាត​លើក​ទី​៧​នៅ​ប្រទេស​សេ​ណេហ្កា​ល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១១​នេះ ដើម្បី​ប្រកាស​ជា​ផ្លូវការ​។​ការ​បាន​ជាប់​ជា​សមាជិក​ក្លឹប​នេះ ក៏​មាន​ការខិតខំ​ប្រឹង​ប្រែង​ពី​សំណាក់​នៃ​អង្គការ​UNESCO ប្រចាំនៅ​កម្ពុជា​ផង​ដែរ​។​
​    ​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ពិភពលោក​នេះ​គឺជា​ឆ្នេរ​ជាប់​លំដាប់​ពិភពលោក​លើក​ទី​៣៣​នៃ​បណ្ដា​ឆ្នេរសមុទ្រ​នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក​។​ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង​ប្រមាណ​៤៥០​គីឡូម៉េត្រ ស្ថិតនៅ​ក្នុង​ខេត្ដ​៤​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​មាន​ដូចជា​ខេត្ដ​កោះកុង ខេត្ដ​ព្រះសីហនុ ខេត្ដ​កំពត​និង​ខេត្ដ​កែប​។​
​    ​លក្ខខណ្ឌ​ដែល​ជាប់​ជា​សមាជិក​ឆ្នេរ​មានដូចជា​ឆ្នេរ​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​គំរោងការ ការពារ​មាន​តំបន់​ធម្មជាតិ​ដែល​ផ្ដល់​នូវ​ភាព​ទាក់ទាញ​។​សារប្រយោជន៏ របស់​ឆ្នេរ​ត្រូវ បាន​ទទួលស្គាល់​ក្នុង​តំបន់​និង​ថ្នាក់ជាតិ​។​មាន​សកម្មភាព​ខាង​សេដ្ឋកិច្ច​និង​មាន​សក្ដានុភាព​បំរើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​ក៏​ប៉ុន្ដែ​ទោះ​បាន​ជាប់​ជា​សមាជិក​ហើយ​ក្ដី​ក៏​ក្រសួង​ទេសចរណ៏​និង​ក្រសួង​ពាក់ព័ន្ធ​និង​អជ្ញាធរ​ខេត្ដ​ត្រូវមាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ឱ្យបាន​ស្អាត​ជាង​នេះ​។​ពិសេស​ការកាត់បន្ថយ​នូវ​កាកសំណល់​រឹង និង​រាវ​ដែល​ហូរ​ចូល​សមុទ្រ​ការដោះស្រាយ​សំណង់​មិន​ស្របច្បាប់​នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​ខេត្ដ​មួយចំនួនទៀត​។​
 
ដោយ : សិរី

វិចារណកថា​ ​៖ យោធា​កម្ពុ​ជា​ត្រៀម​កម្ទេច​ក្រុម​សៀម​ឈ្លានពាន​

ការ​យក​ប្រទេស​កម្ពុ​ជា​ធ្វើ​ជា​ចំណាប់​ថ្នូរ​នយោបាយ​របស់​អ្នក​នយោបាយ​ក្រុង​ ​បាងកក​ ​ជា​នយោបាយ​ស្មោកគ្រោក​ទុច្ចរិត​ដែល​បង្កប់​ទៅ​ដោយ​ទ​ង្វើ​ឈ្លានពាន​ ​យ៉ាង​ចំហ​ពេញ​ទី​មក​លើ​អធិបតេយ្យ​កម្ពុ​ជា​ ​ដូច្នេះ​កម្ពុ​ជា​ចាំបាច់​ត្រូវ​តែ​វាយ​បំបាក់​ ​ផែនការ​ទុរយស​នេះ​ឱ្យ​ទាល់តែ​បាន​ជា​ដាច់​ខាត​ ​។ ចាប់​ពី​ថ្ងៃ​ទី​២៥ មក​រាម​ក​នេះ​ ​ស្ថាន​ការណ៍​នយោបាយ​សៀម​បាន​នឹង​កំពុង​ប​ន្ដ​ឆេះ​រោល​ក្រុង​បាងកក​រវាង​ក្រុម​អ្នក​ ​ស្នេហា​ជាតិ​ជ្រុល​អាវ​លឿង​សៀម​និង​ក្រុម​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​ ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​។ ស​ង្គ្រា​ម​នយោបាយ​ដ៏​ស្រួចស្រាល់​នេះ​ ​ពួក​គេ​កំពុង​យក​កម្ពុ​ជា​ ​ធ្វើ​ជា​ចំណាប់​ថ្នូរ​ក្នុង​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ ​។ ដោយ​ពុំ​អាច​សម្រប​ ​សម្រួល​ ​តាម​ស​ន្ដិ​វិធី​ជាមួយ​ពូជ​សៀម​ឈ្លានពាន​នេះ​ ​វិធី​តែ​ម្យ៉ាង​គត់​គឺ​កម្ពុ​ជា​ ​ត្រូវ​បង្ខំ​ចិ​ត្ដ​ការពារ​ខ្លួន​ដោយ​ប្រើ​ចុង​កា​ណុ​ង​ ​បើ​សិន​ជា​ក្រុម​ទ័ព​ទីង​សៀម​ឈាន​ ​ចូល​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ​ ​សូ​ម្បី​១មី​ល្លី​ម៉ែត្រ​ក៏​ដោយ​ ​។
យើង​ពិ​និត្យ​ទោ​លើ​ក្រុម​សៀម​អាវ​លឿង​ពេល​នេះ​កំពុង​ប​ន្ដ​សង្កត់​នាយក​រដ្ឋ​ ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ឱ្យ​ធ្វើ​តាម​ការ​ទាមទារ​៣ចំណុច​ក្នុង​ដំណោះ​ស្រាយ​ទំនាស់​ជាមួយ​ ​កម្ពុ​ជា​ ​ក្នុង​នោះ​មាន​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​គ​ណៈ​កម្ម​ការ​បេតិកភណ្ឌ​នៃ​អង្គ​ ​ការ​យូ​ណេ​ស្កូ​, ការ​លុប​ចោល​អនុ​ស្សរ​ណៈ​កម្ពុ​ជា​-ថៃ​ឆ្នាំ​២០០០ និង​ការ​ប្រើ​អាវុធ​ ​បណ្ដេញ​ខ្មែរ​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​។
នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ដែល​ ​យល់​ជម្រៅ​ចិ​ត្ដ​និង​ខួរ​ក្រឡក​របស់​ក្រុម​អាវ​លឿង​នេះ​ ​គាត់​មិន​ធ្វើ​តាម​គំនាប​ទាំង​ ​អស់​នេះ​ទេ​, ប៉ុន្ដែ​បាន​ប្រកាស​ក្ដុងក្ដាំង​អំពី​ការ​ទាមទារ​ភា​គី​កម្ពុ​ជា​ឱ្យ​ដក​ផ្ទាំង​ចារឹក​ ​ថ្ម​ចេញ​ពី​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ ​រួច​ពន្យុះ​ឱ្យ​កង​ទ័ព​សៀម​ចូល​ដក​ទង់​ជាតិ​កម្ពុ​ជា​ ​ចេញ​ពី​វ​ត្ដ​នេះ​ ​មួយអន្លើ​ដោយ​ការ​យល់​ព្រម​អនុញ្ញាត​ឱ្យ​កង​ទ័ព​សៀម​ធ្វើ​សម​យុទ្ធ​ ​យោធា​នៅ​ពី​មុខ​ប្រាសាទ​ព្រះ​វិហារ​ថែម​ទៀត​ ​។ បទ​បញ្ជា​និង​ការ​យល់​ព្រម​របស់​ ​នាយក​រដ្ឋ​ម​ន្ដ្រី​សៀម​ដែល​ពុំ​សូវ​មាន​លក្ខ​ណៈ​រឹង​មាំ​នេះ​ ​វា​ហាក់​ដូច​ជា​អំពើ​ឡប់​ ​ឡែ​របស់​ក្រុម​អ្នក​កាន់​អំណាច​ក្រុង​បាងកក​ ​ដែល​ហា​ឡើង​គ្រាន់​តែ​ប​ង្គ្រ​ប់​កិច្ច​ ​ដើម្បី​ ​រម្ងាប់​អារម្មណ៍​ទាន់ហន់​របស់​ក្រុម​អាវ​លឿង​ប៉ុណ្ណោះ​។ ឯកា​រ​ពិត​មែន​ទែន​ ​គឺ​រឿងរ៉ាវ​ទាំង​អម្បាល​ម៉ា​ន​ដែល​ក្រុម​អាវ​លឿង​បាន​ដាក់​សម្ពាធ​មក​នោះ​ ​វា​នឹង​ ​ពុំ​អាច​ធ្វើ​ឱ្យ​បាន​សម្រេច​តាម​បំណង​ទុច្ចរិត​នោះ​បាន​ឡើយ​ ​។
អំពី​ការ​ចល័ត​កង​ទ័ព​និង​ការ​សំ​ញែ​ង​គ្រឿង​យុទ្ធោបករណ៍​សម្បូរ​បែប​របស់​ ​សៀម​នៅ​ជាប់​នឹង​ព្រំ​ដែន​កម្ពុ​ជា​ក្នុង​រ​យៈ​ពេល​៣ថ្ងៃ​មក​នេះ​ ​ដែល​ពួក​សៀម​ថា​ ​ដើម្បី​ធ្វើ​សម​យុទ្ធ​យោធា​និង​ចូល​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​ទម្លាក់​ទង់​ជាតិ​កម្ពុ​ជា​នោះ​ ​មើល​ទៅ​ដូច​ជា​មិន​អាច​ធ្វើ​ឱ្យ​កង​ទ័ព​កម្ពុ​ជា​ព្រឺ​ខ្លាច​បារម្ភ​ព្រួយ​អ្វី​ទេ​។​ ​ព្រោះ​មេ​ទ័ព​ ​ក៏​ដូច​វីរ​យុទ្ធ​ជន​កម្ពុ​ជា​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​ ​តាំង​ពីរ​ថ​ក្រោះ​ ​រថ​ពាស​ដែក​និង​កាំជ្រួច​ហ្វូង​សម្រាប់​ស្វាគមន៍​ក្រុម​ឈ្លានពាន​នៅ​គ្រប់​ពេល​និង​ ​គ្រប់​កា​លៈ​ទេ​សៈ​ ​។ ប៉ុន្ដែ​រហូត​មក​ទល់​ល្ងាច​ម្សិល​ ​(២៩ មក​រា​) គេ​មិន​ទាន់​ឃើញ​ ​ក្រុម​អាវ​លឿង​សៀម​ឬ​ទ័ព​ទីង​សៀម​ប៉ាន់​ក្បាល​ដែក​ណា​ម្នាក់​ចូល​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​សូ​ម្បី​តែ​១ជំហាន​នៅ​ឡើយ​ ​។ ទ័ព​ទីង​សៀម​ទាំង​ពួក​ឈុត​ខ្មៅ​ ​ក៏​ដូច​ពួក​ប៉ា​រ៉ា​ ​នៅ​តែ​ ​ចល័ត​គ្នា​ចុះ​ឡើង​ក្នុង​ទឹក​ដី​សៀម​ ​ដែល​ទ​ង្វើ​នេះ​ទំនងជា​គ្រាន់​តែ​ជា​សញ្ញា​លើក​ស្នា​ ​កម្លា​ក្អែក​ប៉ុណ្ណោះ​ ​។ ឯ​ពួក​សៀម​អាវ​លឿង​វិញ​ ​គ្រាន់​តែ​មាន​ពីរ​បី​នាក់​មក​លឹប​ ​ល​អើតអើម​ដែល​នៅ​ចម្ងាយ​ពី​ព្រំ​ដែន​កម្ពុ​ជា​ជា​ច្រើន​រយ​ម៉ែត្រ​ ​ពោល​គឺ​ស្ថាន​ ​ភាព​វឹកវរ​ជ្រួល​ច្របល់​សព្វ​យ៉ាង​កើត​មាន​តែ​នៅ​លើ​ទឹក​ដី​សៀម​, មិន​មាន​ ​ប៉ះ​ពាល់​ដល់​អធិបតេយ្យ​របស់​កម្ពុ​ជា​ឡើយ​ ​ពីព្រោះ​ពួក​គេ​ហាក់​ដឹង​ទឹក​ចិ​ត្ដ​និង​ ​សកម្មភាព​ពិត​របស់​កង​កម្លាំង​កម្ពុ​ជា​នៅ​ទី​នោះ​ច្បាស់​ ​ដែល​ក្នុង​ចំណោម​ពួក​នេះ​ ​មាន​ខ្លះ​ធ្លាប់​ភ្ល​ក្សរ​ស​ជាតិ​ពី​ការ​តប​ត​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ​ដ៏​មុត​ស្រួច​ ​របស់​កម្ពុ​ជា​ដែរ​ហើយ​ ​។
សភាព​ការណ៍​នៅ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​និង​ ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​របស់​ខ្មែរ​ ​នៅ​តែ​ស្ងប់​ស្ងៀម​ជា​ធម្ម​តា​ ​។ ដូច្នេះ​ ​វា​នឹង​ ​ពុំ​អាច​កើត​ចម្បាំង​រាំង​ជល់​ជា​ដុំ​កំភួន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ឡើយ​ ​។ អ្វី​ដែល​ក្រុម​អ្នក​ ​នយោបាយ​សៀម​ល្ងើ​ពក​ថ្ងាស​ប្រកាស​ស​ង្គ្រា​ម​ក្ដុងក្ដាំង​ពេល​នេះ​ ​វា​គ្រាន់​តែ​ជា​ល្បិច​ ​បន្សាប​កំហឹង​ក្រុម​អាវ​លឿង​វង្វេង​សាវតារ​ស្នេហា​ជាតិ​ជ្រុល​មួយ​ក្ដាប់​នៅ​ក្រុង​បាង​ ​កក​ប៉ុណ្ណោះ​ ​។ បាន​ជា​យើង​មើល​ឃើញ​តម្រុយ​យ៉ាង​នេះ​ ​ត្បិត​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ អាប់​ភី​ស៊ី​ត​ ​ក៏​ដូច​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​កា​ស៊ី​ត​ ​ភី​រម្យ​ ​និង​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ស៊ូ​ថេ​ប​ ​ថង​សូ​បាន​ ​ធ្លាប់​បាន​ថ្លែង​ជា​ញឹ​ក​ញាប់​អំពី​លទ្ធ​ភាព​នៃ​ការ​ពង្រឹង​មិ​ត្ដ​ភាព​ជាមួយ​ ​កម្ពុ​ជា​ក្នុង​ការ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយ​គ្នា​។ នៅ​ស​បា្ដ​ហ៍​ខាង​មុខ​នេះ​សម​ភា​គី​ ​នៃ​ក្រសួង​ការ​បរទេស​ទាំង​ពីរ​មាន​គម្រោង​ជួប​ពិភាក្សា​គ្នា​២ថ្ងៃ​នៅ​សៀមរាប​ក្រុង​ ​ដើម្បី​ពង្រីក​ពង្រឹង​ពាណិជ្ជ​កម្ម​និង​វិ​ស័​យ​នានា​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង​ ​។
យោង​តាម​កាល​ប្ប​វ​ត្ដិ​នេះ​ ​គេ​រំពឹង​ថា​ ​ក្រុម​មេ​ដឹកនាំ​សៀម​ក៏​ដូច​មេ​ដឹកនាំ​ ​ប្រទេស​កម្ពុ​ជា​មាន​ទស្សន​វិ​ស័​យ​ស្រប​គ្នា​ជា​ច្រើន​ចំណុច​ ​ពិសេស​លើ​ការ​ខិតខំ​ ​ដោះ​ស្រាយ​បញ្ហា​ទាំងឡាយ​តាម​និ​យាម​ស​ន្ដិ​ភាព​ជា​ជាង​ហិង្សា​ប្រដាប់​អាវុធ​ ​។ ដូច្នេះ​ ​ការ​ប្រកាស​ធ្វើ​ដូច​មែន​ទែន​របស់​នាយក​រដ្ឋ​ម​ន្ដ្រី​សៀម​ឱ្យ​កង​ទ័ព​សៀម​ធ្វើ​ ​សម​យុទ្ធ​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​និង​ចូល​ដក​ទង់​ជាតិ​កម្ពុ​ជា​ពី​វ​ត្ដ​កែវ​ ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​វា​គ្រាន់​តែ​ជា​ចិ​ត្ដ​សា​ស្ដ្រ​រម្ងាប់​អារម្មណ៍​ពួក​អាវ​លឿង​មួយ​ ​ពេល​តែ​ប៉ុណ្ណោះ​, តែ​បើ​ឱ្យ​កង​ទ័ព​ហ្លួង​សៀម​ធ្វើ​ចម្បាំង​ដើម្បី​រំលោភ​កម្ពុ​ជា​ទាំង​ ​កណ្ដាល​ថ្ងៃ​ត្រង់​នោះ​ ​ពិត​ជា​លំបាក​ប​ន្ដិ​ច​ហើយ​ ​។ ផ្ទុយ​ទៅ​វិញ​ ​បើ​សិន​ជា​កង​ទ័ព​ ​ជា​ឈ្មួញ​ស​ង្គ្រា​ម​របស់​សៀម​ហ៊ាន​ប្រថុយ​នឹង​ទ​ង្វើ​ឈ្លានពាន​ណា​មួយ​ ​ក៏​កម្ពុ​ជា​ ​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ​ ​សម្រាប់​ស្វាគមន៍​ដោយ​មិន​ឱ្យ​ពួក​ឈ្លានពាន​ខក​បំណង​ ​នោះ​គឺ​រថ​ក្រោះ​ ​រថ​ពាស​ដែក​ ​និង​កាំជ្រួច​ហ្លូ​ង​ ​ដូច​លោក​ឧត្ដម​សេនីយ៍​ជា​ ​តារា​ ​មេ​បញ្ជាការ​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ជាក់​រួច​ហើយ​ថា​ ​ពួក​សៀម​ឈ្លា​ន​ ​ពាន​ឱ្យ​តែ​ហ៊ាន​អើត​ក្បាល​ចូល​ដី​ខ្មែរ​ពេល​ណា​យើង​ ​នឹង​បាញ់​កម្ទេច​ពួក​វា​ ​ពេល​ ​នោះ​ឱ្យ​ស្គាល់​ដៃ​ខ្មែរ 

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​