Wednesday, January 19, 2011

វេបសាយ ki-media ត្រូវបាន​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​បិទ​

ភ្នំពេញ: គេហទំព័រ ki-media ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនថឺណេត​ទាំងអស់​នៅ​កម្ពុជា ប្លុក មិនឲ្យ​មើលឃើញ​ទៀតឡើ​យ​។ បញ្ជា​នោះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៨​មករា ឆ្នាំ​២០១១​។​ នេះបើតាមបញ្ជាក់របស់អ្នកផ្តល់សេវាអ៊ិនថឺណេត។

​    ​មិនទាន់​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​ចំពោះ​គេហទំព័រ ki-media នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ពុធ ទី​១៩​មករា ឆ្នាំ​២០១១​។​
​    ​ក៏​ប៉ុន្តែ​អ្នក​ផ្តល់​ព័ត៌មាន របស់​ក្រុមហ៊ុន​សេវា​អ៊ិនថឺណេត EZECOM បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា​ថា ក្រសួងមហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ​ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាស័យដ្ឋាន blogspot​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផងដែរ​។​
​    ​សូម​រម្លឹកថា គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ប្រើ​ពាក្យ ក្បត់ជាតិ លើ​សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
​    ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP លោក សេង គុណ​ការ អាយុ ៤០ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មានចែង និង​ផ្តន្ទាទោស តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ ការផ្តន្ទាទោស​ដូច្នេះ ដោយសារ​តែ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ WFP បាន​បោះពុម្ព​គេហទំព័រ ki-media ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕​

ដោយ : លីហូវ CEN

No comments:

Post a Comment