Monday, November 29, 2010

ឯកឧត្តម​បណ្ឌិត​ សុខ អាន ទទួលជួប​​​​​ជាមួយ​តំណាង​អាជ្ញាធរ​ អាកាសចរណ៍​ស៊ីវិលបារាំង(២៩/១១/២០១០)

  នារសៀល​ថ្ងៃទី​​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០នៅ​ទី​ស្តី​ការ​គណៈរ​ដ្ឋមន្ត្រី​ ឯកឧត្តម​បណ្ឌិត​ សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ ទទួល​ជួប​​​លោក​ស្រី​ អេមានុអឺ​ឡា​ជឺល្លីនី​ (Emanuela Gelini)នាយកកិច្ច​​ការ​សហប្រតិ បត្តិការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីច​ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលបារាំង​ ដែល​មាន​បំណង​មក​ ពិភាក្សា​ និង​ជម្រាប​ជូន​​អំពី​ដំណើរ​ការ​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ ​អាកាស​ចរណ៍​​ ស៊ីវិល​បារាំង​ ជាមួយអាជ្ញាធរ​អាកាសចរណ៍កម្ពុជា​។​
 នៅក្នុង​ជំនួប​នោះ​លោក​ស្រី​ អេមានុអឺឡាជឺល្លីនី​ (Emanuela Gelini) បានជំរាបជូន ​ឯកឧត្តម​​ឧបនាយករដ្ឋមន្រ្តី​អំពី​ការ​ផ្លាស់​ប្តូរ​ជំនាញការ ​នៃ​អាជ្ញាធរ​នៃ​អាកាសចរណ៍​ស៊ីវិល បារាំង​ ​និង​ការ​​បន្ត​អនុវត្ត​អនុសារណៈ​យោគយល់​គ្នា​រវាង​ អាជ្ញាធរ​អាកាស​ចរណ៍​​ស៊ីវិលបារាំង​ ជាមួយអាជ្ញាធរ​អាកាសចរណ៍កម្ពុជា​ស្តី​ពី​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ សំខាន់​គឺ​កិច្ច​សហ ប្រតិបត្តិការ​​ជួយ​ផ្នែក​សន្តិសុខ​ ​សុវត្ថិភាព​​សំរាប់​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា​ ការ​ជួយ​ ពិនិត្យជួស​ជុល​ថែរក្សា​អាកាសយាន​ ​ជួយ​រៀបចំ​ប្រព័ន្ធច្បាប់​សម្រាប់​គ្រប់​គ្រង​អាជ្ញាធរ​ អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ និង​រដ្ឋលេខាដ្ឋាន​អាកាសចរណ៍ស៊ីវិលកម្ពុជា​ និង​ការ​បណ្តុះ​ បណ្តាល​ធនធាន​មនុស្ស​ផង​ដែរ​។
 ​មាន​ប្រសាសន៍​ក្នុង​​ជំនួប​នោះ​ឯកឧត្តម​បណ្ឌិត​បាន​ថ្លែង​អំណរគុណ​ ចំពោះ​អាជ្ញាធរ​អាកាស ​ចរណ៍​ស៊ីវិល​បារាំង​ និង​ក្រុម​ហ៊ុន ​ SCA បារាំង​ ដែល​បាន​បញ្ជូន​ និង​ជួយ​ឧបត្ថម្ភ​ដល់​​អ្នក ​ជំនាញការ​ ដែល​មក​ជួយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលកម្ពុជា​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ សុខ អាន ក៏បាន​សំណូម​ពរ​ឲ្យ​​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​បារាំង​ បន្ត​ជួយ​បណ្តុះ​បណ្តាល​ ធនធានមនុស្ស​ដល់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលកម្ពុជា​ផងដែរ​​។

ឧបទ្ទវហេតុ​ស្ពាន​ពេជ្រ​គឺ​ដោយ​សារ​ផ្អើល​ជាន់គ្នា​គ្មាន​ការ​ឆក់ខ្សែ​ភ្លើង​ ឬ អំពើ​ភេរវកម្ម​ទេ​(២៩/១១/២០១០)

 នារៀល​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១០ ឯកឧត្តម​បណ្ឌិត សុខ អាន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុកទី​ស្តីការ​គណៈរដ្ឋមន្ត្រី​​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​ មាន​ ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​រាជធានី​ភ្នំពេញ​នារាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​ គឺ​បណ្តាល​មក​ពី​ការ​ផ្អើល​ឆោឡោ​ជាន់​គ្នា​នាំ​ឲ្យ​ថប់ដង្ហើម​ស្លាប់​ និង​ របួស​។
នៅ​ក្នុង​​សន្និសីទកាសែត​ដែល​ធ្វើ​នៅ​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​ ​ឯកឧត្តម​បណ្ឌិត សុខ អាន ដែល​ត្រូវ​បាន​ចាត់​តាំង​ ជា​ប្រធាន​គណៈកម្ម​ការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ ឧបទ្ទវហេតុ​ ស្ពាន​ពេជ្រ​​ នារាត្រី​​ទៀប​ភ្លឺ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១០ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ឧបទ្ទវហេតុ​​នេះ​មិន​មែន​មក​ពី​ឆក់​ខ្សែភ្លើង​ ឬ​អំពើភេរវកម្ម​ ឬ អំពើ​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​ គ្រោង​ទុក​ណា​មួយ​ឡើយ​។​ ដោយ​បាន​រំលឹក​ឡើង​ផង​ដែរ​អំពី​​ឧបទ្ទវហេតុ នៃ​ការ​ផ្អើល​ជាន់​ គ្នា​គឺ​ធ្លាប់​មាន​នៅ​លើ​ពិភពលោក​តាំង​ពី​សតវត្ស​ទី​ ១៩ នៅ​ពេល​មាន​មនុស្ស​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​ នៅ​បណ្តាប្រទេស​ផ្សេងៗ​មាន​អាមេរិក​ អារ៉ាប់​ អ៊ីរ៉ាក់​ អង់គ្លេស​ និង​ប្រទេស​អាហ្វ្រិក​ នា​ពេល ​​កន្លង​មក​ និង​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​របស់រាជរដ្ឋាភិបាលចំពោះ​ឧបទ្ទវហេតុ​​នារាត្រី​ថ្ងៃទី​២២​ វិច្ឆិកា​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​​ សុខ អាន​ ​បាន​បញ្ជាក់ថា ​ព្រឹត្តិការ​ណ៍​មហាសោកនាដកម្ម​​ ស្ពាន​កោះ​ពេជ្រ​នេះ​ ​ជា​បទពិសោធន៍​សំរាប់​​ការ​គ្រប់​គ្រង​ហ្វូង​មនុស្ស​ ដើម្បី​ឲ្យ​​មាន​សុវត្ថិភាព ​ទៅ​ថ្ងៃ​ក្រោយ​នៅ​ពេល​មាន​បុណ្យ​ទាន​មិនមែន​នៅ​តែ​រាជធានី​ភ្នំពេញ​ទេ​ គឺ​ជាបទ​ពិសោធន៍​ នៅ​គ្រប់ទីកន្លែង​ទូទាំង​ប្រទេស​។
នៅ​ក្នុង​សន្និសីទ​កាសែតនេះ​ដែរ​ ឯកឧត្តម ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​អនុគណៈកម្មការ​កោសល្យ​វិច្ច័យ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពានពេជ្រ ​បាន​មាន ​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​បង្ហាញ​ថា អ្នក​ស្លាប់​មាន ​ជាំ​ឈាមលើក្បាល​ ដើមទ្រង​ ឈាមមាត់​ ប៉ោង​ពោះ​ និង​ខ្លះ​បាក់​ជើង និង​បាក់​ឆ្អឹង​ជំនី​។ អ្នក​ របួស​អះអាង​ពី​ការ​ស្រេកទឹក​ និង​ថប់​ដង្ហើម​។​ ឯកឧត្តម​ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រួពេទ្យ​​​ ជនរងគ្រោះ​​ត្រូវ​ស្លាប់​ដោយសារ​​ការ​សង្កត់​លើ​គ្នា​ ថប់​ដង្ហើម​ និង​គ្មាន​សញ្ញា​ថា​មាន​ឆក់​ខ្សែភ្លើង​នោះ​ទេ​។
ឯកឧត្តម​ ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​អនុគណៈកម្មការស៊ើប​ អង្កេត​ករណី​ឧបទ្ទវហេតុ​ស្ពាន​កោះ​ពេជ្រ​បាន​មាន​ប្រសាសន៍ថា តាម​រយៈ​វីដឺអូគ្លីប​ រូបថត​ និង ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ ព្រម​ទាំង​ជន​រងគ្រោះ​​ ដែល​​រស់​រាន​មាន​ជីវិត​​​​បាន​បញ្ជាក់​ អំពី​ហេតុ​ការណ៍​​​ថា​ នៅ​ម៉ោង​ ៩:00 យប់​​​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ចំណុច​ស្ពាន​ពេជ្រ​​ មាន​ មនុស្ស​រាប់​ពាន់​បាន​ដើរ​បញ្រ្ចាស់ទិសគ្នា​នាំ​ឲ្យ​កកស្ទះ​ និង​មាន​មនុស្ស​ខ្យល់គរ​​។ ២០​ នាទី​ ក្រោយ​មក​ក៏​កើត​ឧបទ្ទវហេតុ​​ដោយ​សារ​មាន​សម្លេង​ស្រែក​ថា ស្ពាន​បាក់​ និង​ខ្សែ​ភ្លើង​ឆក់​នាំ​ ឲ្យ​អ្នក​នៅ​លើ​ស្ពាន​ផ្អើល​ឆោឡោ​ជាន់​គ្នា​។ ឯកឧត្តម​ ព្រំ សុខា បាន​មាន​ប្រសាសន៍​ ឲ្យ​ដឹង​សមត្ថកិច្ច​បាន​ខិត​ខំ​ប្រឹង​ជួយ​សង្គ្រោះ​តែ​លំបាក​​ចូល​ទៅ​ជួយ​ដោយ​សារ​តែ​មាន​មនុស្ស ​កកស្ទះ​។​ ឯកឧត្តម​ ព្រំ សុខា បាន​មាន​ប្រសាសន៍​ថា ពេល​កើត​ឧបទ្ទវហេតុ​ ស្ពាន ​​ប្រភេទ​ខ្សែ​កាប​ដែល​មាន​រំញោច​ចុះ​ឡើង​ ​មាន​ទទឹង​ ៧​,១៦ម៉ែត្រ​ បណ្តោយ​ ១០១ ម៉ែត្រ​ សមត្ថកិច្ច​ប៉ាន់ស្មាន​ថា មនុស្ស​កកស្ទះ​​អាច​មាន​ចំនួន​ពី​ ៧ ទៅ​ ៨ ពាន់នាក់​​ ដែល​​សន្និដ្ឋាន​​ថា​ ក្នុង​១ម៉ែត្រ​ការ៉េ ​អាច​មានមនុស្ស​ពី ​១០ ទៅ​១២ នាក់​ ដែល​នាំ​ឲ្យ​ដួល​សង្កត់​លើ​គ្នា​​​​ ពេល​ផ្អើល​ ឆោឡោ​ថា មាន​ស្ពាន​បាក់​ ឬ​ ឆក់​ខ្សែ​ភ្លើង​។
ឯកឧត្តម​ អិត សំហេង រដ្ឋមន្រី្ត​ក្រសួង​សង្គម​កិច្ច​ អតីតយុទ្ធជន និង​​យុវនីតិសម្បទា និ​ង​ជា​ ប្រធាន​​អនុគណៈកម្មការ​ដោះ​ស្រាយ​ការងារ​បន្ទាន់លើ​ករណីឧបទ្ទវហេតុ បាន​មាន​ ប្រសាសន៍​ថា ក្រោម​ការ​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន គឺ​យើង​បាន​ធ្វើ​ការ​សង្គ្រោះ​និង​បញ្ជូន​អ្នករងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បាន​រហ័ស​។ សំរាប់​អ្នក​ ដែល​ទទួល​មរណៈ​ភាព​ ដែល​មាន​ចំនួន​៣៥១នាក់ ត្រូវ​បាន​រៀប​ចំ​ថែរក្សា​ និង​ដឹក​ជញ្ជូន​ ភ្លាមៗ​តាម​រថយន្ត​ទៅ​ដល់​គេហដ្ឋាន​នៃ​គ្រួសារ​សពគ្រប់​ចំនួន​រួច​រាល់​អស់ហើយ​​​ ព្រម​ទាំង​ ផ្តល់​ការ​ឧបត្ថម្ភ​ជាបន្ត​បន្ទាប់​ទាន់​ពេល​ផងដែរ​​។​ ឯ​អ្នក​រងរបួស​ក៏​ទទួល​បាន​ការ​ថែរក្សា​ និង​ ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដោយឥតគិត​ថ្លៃ​​​​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ផង​ដែរ​។​ សំរាប់​ ថវិកា​ ឧបត្ថម្ភ​ចំពោះ​​គ្រួសារ​សព​ ឯកឧត្តម​ អិត សំហេង បាន​ឲ្យដឹងថា អនុវត្ត​តាម​ អនុសាសន៍​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​​ គឺ​ត្រូវ​​រៀប​ចំឲ្យ​មាន​គណនី​សំរាប់​ធានា សុវត្ថិភាព ​នៅ​ធនាគារ​អេស៊ីលីដា​ផងដែរ​។

ឧបទ្ទវហេតុ​ស្ពានពេជ្រ​ជាកំហុស​រួម​មួយ​​ ដែល​ទាំង​អស់​គ្នា​នឹក​ស្មាន​មិនដល់​(២៩/១១/២០១០)

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល ​នៃ​ទី​ស្តី​ការ​រដ្ឋមន្រ្តី​​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវនីតិសម្បទា​នាព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១០ សម្តេច​អគ្គមហា​ សេនាបតី​តេជោ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ទទួល​បាន​ ជោគជ័យ​​ផង និង​បរាជ័យ​ផង​នៅ​ក្នុង​​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​ធំៗ​ក្នុង​រាជធានី​ភ្នំ​ពេញ​ចាប់​តាំង​ ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ​កន្លង​មកនេះ​​។
  តាម​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​​​ ជោគជ័យ​គឺ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ CLV, CLMV និង​ ACMECS ​និង​ការ​បា្ររព្ធ​ពិធី​បុណ្យ ​អំទូក អកអំបុក បណ្តែត​ប្រទីប​សំពះ​ព្រះខែ​ ​បាន​ល្អ​ ក្រោម​​ព្រះ​រាជ​អធិបតី​ភាព​ព្រះ​មហាក្សត្រ​។ ឯការ​បរាជ័យ​គឺ​ការ​កើត​ឧបទ្ទវហេតុ​លើ​ស្ពាន​ ពេជ្រ​កាល​ពី​រាត្រី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បណ្តាល​ឲ្យ​មាន​ប្រ​ជា​ពលរដ្ឋ​​ស្លាប់​ដោយ ​ការ​រត់​ជាន់​គ្នា​ចំនួន​ ៣៥១ នាក់​ និង​រង​របួស​ ៣៩៥ នាក់ ។​
 ទាក់​ទង​និង​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​នា​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​ទី​៣ ដែល ​សល់​តែ​ប៉ុន្មាន​ម៉ោង​​ត្រូវ​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​អំទូក​ អកអំបុក​ បណ្តែត​ប្រទីប​សំ​ពះ​ព្រះ​ខែ​ នេះ​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថាៈ នេះ​ជាកំហុស​ដ៏​ធំបំផុត​របស់​យើង​ នោះ​​គឺ​​ការ​វាយ​តម្លៃ​សភាពករណ៍​មិន​​គ្រប់​ជ្រុង​ជ្រោយ​ នឹក​ស្មាន​មិនដល់​មើល​ស្រាល ​សភាព ​ការណ៍​ និង​មាន​ការ​ធ្វេស​ប្រហែស​។​ ផ្តើម​ចេញ​ពី​ស​ភាព​ការណ៍​ខាង​លើ​ គឺ​យើង​មិន​បាន ​ការ​ពារ​នោះ​ទេ​ ហើយ​ការ​នឹក​ស្មាន​មិន​ដល់​គឺ​មនុស្ស​បុក​មនុស្ស​ស្លាប់​ដូច​គ្រោះ​ថ្នាក់​ម៉ូតូ​ បុក​ម៉ូតូ​។ គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ ហើយ​ការ​ស្មាន​មិន​ដល់​នោះ​ទៀត​ គឺ​ប្រជា​ពលរដ្ឋ​ មក​លេង​​នៅ​ក្នុង​ស្ថាន​ភាព​ប្រទេស​មាន​សន្តិសុខ​ គឺ​មិន​បាន​គិត​ថា​វា​មាន​រឿង​អ្វី​កើត​ឡើង​ទើប​ គេមក​លេង​។
  មាន​ប្រសាសន៍​បកស្រាយ​ និង​ពន្យល់​ទៅ​នឹ​ង​ពាក្យ​ចោទ​ប្រកាន់​នានា​​ពិសេស​អ្នក ​នយោបាយ​ប្រឆាំង​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ដាក់​ពិន័យ ​សម្តេច​តេជោ​ បាន​មាន​ប្រសាសន៍​គ្មាន​នណា​មួយ​​ត្រូវ​ទទួល​យក​កំហុស​នេះ​ទេ​​។ នេះ​ជា​កំហុស​រួម​មួយ​ ដែល​ទាំង​អស់​គ្នា​ស្មាន​មិន​ដល់​។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជន​រួម​ជាតិ​ថា គ្នាន​នណាមួយ​ទទួល​ ទណ្ឌកម្ម​ក្នុង​ហេតុការណ៍​នេះ​ទេ​។ ​រំលឹក​ដល់​ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១ ​នៅ​សហរដ្ឋអាមេរិក​​ ដែល​មាន​​ពួក​ភេរវករ​ធ្វើ​សកម្ម​ភាព​ភេរវកម្ម​បើក​ យន្ត​ហោះ​បុក​អគារ​ ភ្លោះ​នៅ​ទី​ក្រុង​ញូយ៉ក​ ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​​បាន​មាន​ប្រសាសន៍​ថា ពេល​នោះ​ លោក​​អតី​ត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចចដាប៊ិលយូប៊ូស​ លោក​ ដូណាល់រ៉ាំ​ស្វែល​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ និង​​ចៅហ្វាយ​ក្រុង​ញូយ៉ក​ មិន​បាន​ចុះ​ចេញ​ពី​ដំណែង ​នោះ​ទេ បើ​ទោះ​បី​មាន​ព័ត៌មាន​ឲ្យ​ដឹង​ជា​មុន​ថា ភេរវករ​ប៉ុនប៉ង​ធ្វើ​សកម្ម​ភាព​ក៏ដោយ​​។ ប៉ុន្តែ​​ សំរាប់​កម្ពុជា​ បើមាន​ការ​ណែនាំ​ ឬក៏​ព័ត៌មាន​​ប្រាប់​ជាមុន​ថានឹង​កើតហេតុ​​សោក​នាដកម្មនេះ​ ហើយ​យើង​មិន​ធ្វើតាម មិន​មាន​វិធាន​ការ​​ទើប​ជា​ការ​ទទួល​ខុសត្រូវ​។ ទោះជា​យ៉ាងណា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ដៃ​ម្ខាង​ដោះ​ស្រាយ​ ហេតុការ​ ដែល​កំពុង​កើត​ឡើង​ និង​ដៃម្ខាង​ទៀត​ត្រូវ​ទប់​ស្កាត់​កុំឲ្យ​មាន​ចលនា​ស៊ីវិលកើតឡើង​ ដែល​ បើតាម​សម្តេច​ការ​ផ្អើលរត់​ជាន់​គ្នា​នឹង​កើត​ឡើង ​នៅ​កន្លែង​​ដែល​មនុស្ស​កកកុញ​ផ្សេង​​ទៀត​ បើចាត់ការ​មិន​ល្អ​។​
  ដោយ​ទទួល​យក​ការ​រិះគន់នានា​ សម្តេ​ច​តេជោ បាន​មាន​ប្រសាសន៍​ចាត់​​ឧបទ្ទវហេតុ​ ស្ពាន​ពេជ្រ​​​ជា​មេរៀន​ប្រវត្តិ​សាស្រ្ត​សំរាប់​ធ្វើការ​ដោះ​ស្រាយ​ទៅ​ថ្ងៃមុខ​ទៀត​។ សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​៤ ចំណុច សំរាប់​មន្រ្តី​រាជរដ្ឋាភិបាល​ ទាំង​អស់​យក​ទៅ​ធ្វើការ​ប្រតិបត្តិ​នៅ​ពេល​ខាង​មុខ​ក្នុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​រួម​មាន ​ទី​១ ត្រូវ​វាយ​តម្លៃឲ្យ​គ្រប់​ជ្រុង​ជ្រោយ​មុន​សម្រេច​ផែនការ​អ្វី​មួយ​​ ទី​២ កុំមើល​ស្រាល​សភាព ការណ៍, ទី៣ រៀបចំ​ផែន​ការ​ត្រៀម​កំលាំង​ និង​មធ្យោបាយ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ ការ​ជួយ​អន្តរាគមន៍​សង្រ្គោះ​បន្ទាន់​នៅ​ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​​, ទី​៤ គឺការ​រៀបចំ​ បន្ថែម​ច្រកចេញចូល​ ឬ​ ច្រកសុវត្ថិភាព​សំរាប់​ជួយ​សង្គ្រោះ​មនុស្ស​។​
 សម្រាប់​អនាគត​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្រោយ​ពេល​ កើត​ព្រឹត្តិការណ៍​មហាសោក​នាដ កម្ម​នេះ​នា​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មជ្ឈមណ្ឌលកោះ​ពេជ្រ​ ទាំង​មូល​មិន​ត្រូវ​បញ្ឈប់​ដំណើរ​ការ​អភិវឌ្ឍ​ទេ​គឺ​មាន ​តែ​បង្កើន​ការ ​អភិវឌ្ឍថែម​ខ្លាំង​​ទៀត​។ ស្ពាន​ដែល​គ្រោះ​ថ្នាក់​ក៏​មិន​វាយចោល​ដែរ​​​ តែ​យើង​ឲ្យ​ក្រុម​ហ៊ុន​ កោះ​ពេជ្រ​បន្ថែម​ស្ពាន​ថ្មី​ចេញ​ចូល​ឲ្យ​បាន​ច្រើន​ជាង​នេះ ។​
 ទាក់​ទង​ដល់​ប្រជាពលរដ្ឋ​ ដែល​ទទួល​រងគ្រោះ​ស្លាប់​និង​របួស សម្តេច​តេជោ​ បាន​មាន ​ប្រសាសន៍​ថា នឹង​បញ្ជូន​អ្នក​របួស​ធ្ងន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ នៃ​ប្រទេស​ជិត​ខាង​ដូច ​ជា​ប្រទេស ​វៀតណាម​ ប្រទេស​ថៃ​បន្តទៀត​ដោយ​រដ្ឋាភិបាល​ជា​អ្នក​ធានារាប់រង​ចេញសាហ៊ុ​យ​​ ប្រសិន ​បើ​មន្ទីរ​ពេទ្យ​នៅ​កម្ពុជា​អស់​លទ្ធភាព​ព្យាបាល​។​ សំរាប់​អ្នក​ស្លាប់​ ដែល​ត្រូវ​​ទទួល​បាន​ ការ​ជួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ ព្រះមហាក្សត្រ​ និង​ព្រះវររាជបិតា​ កាកបាទក្រហមកម្ពុជា​ ក្រុម​ហ៊ុនកោះពេជ្រ​ និង​មូលនិធិ​សង្រ្គោះ​ទូរទស្សន៍​បាយ័ន និង​ CTN សរុប​ប្រមាណ​​ ១២០០០ ដុល្លារអាមេរិក​ សម្តេច​តេជោ​មាន​ប្រសាសន៍ថា ត្រូវ​ធ្វើការ​ប្រគល់​ដល់​ដៃ​គ្រួសារ​នៃ​សព​ ជន​រងគ្រោះ​ ឬក៏​ត្រូវ​ដាក់​ក្នុងគណនីនៃ​ធនាគារ​អេស៊ីលីដា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព ​សំរាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​នោះ​។​ សម្តេច​តេជោ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​ការ​ សាង​សង់​ស្តូប​សំរាប់​គោរព​វិញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំង​អស់​ផង​ដែរ។