Wednesday, January 19, 2011

ចៅក្រម និង​ព្រះរាជអាជ្ញា ជួបប្រជុំ​និយាយ​ពី​ការដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​

ភ្នំពេញ: ក្រុម​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវ​ជួបប្រជុំ​គ្នា នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ Himawari ជាប់​នឹង​របង​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី " តួនាទី​របស់​តុលាការ និង​មជ្ឈត្តក​ម្ម ( ការដោះស្រាយ​វិវាទ​ការងារ ) "​។​

​    ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ បង្ហាញថា សិក្ខាសាលា ដែល​មាន​ការចូលរួម​ពី​ចៅក្រម ព្រះរាជអាជ្ញា​មកពី​ទូទាំង​ប្រទេស និង​អាជ្ញាកណ្តាល​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០​មករា​ស្អែក​នេះ មាន​គោលដៅ​លើក​កំពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ប្រសើរ ទាក់ទង​នឹង​តួនាទី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នៅក្នុង​ការដោះស្រាយ​វិវាទ​ការងារ និង​ពិភាក្សា​អំពី​តួនាទី​របស់​តុលាការ​ក្នុង​ការទទួលស្គាល់ និង​ការបង្ខំ​ឲ្យ​អនុវត្ត​សេចក្តីសម្រេច​របស់​អាជ្ញា​កណ្តាល​។​
​    ​សេចក្តីប្រកាស បាន​បន្ថែមថា សិក្ខាសាលា ដែល​រៀបចំឡើង​ដោយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដោយ​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ជា​សម័យប្រជុំ​លើកដំបូង​មិន​ធ្លាប់​មាន រវាង​អាជ្ញាកណ្តាល ចៅក្រម និង​ព្រះរាជអាជ្ញា មក​ពី​ទូទាំងប្រទេស ជាមួយនឹង​អ្នកជំនាញ​ខាង​មជ្ឈត្តក​ម្ម និង​សន្ធានកម្ម​ដ៏​ល្បីល្បាញ មក​ចែករំលែក​ពី​ប្រវត្តិ និង​ការអភិវឌ្ឍន៍​នៃ​មជ្ឈត្តក​ម្ម នៅ​កម្ពុជា​៕

ដោយ : លីហូវ CEN

No comments:

Post a Comment