Saturday, December 25, 2010

ហ្វ៊ុនស៊ិនប៉ិច​នៅតែ​បែរ​ខ្នង​ដាក់​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ

 ​រហូតមក​ទល់​នឹង​ពេលនេះ គណបក្ស​រាជានិយម​ទាំង​ពីរ​នៅ​មិន​ទាន់​រក​ច្រក​បង្រួម​ចូលគ្នា​បាន​នៅឡើយ​ទេ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​លោក​ញ៉ឹក ប៊ុនឆៃ​នៅតែ​មិន​ព្រម​ចូលរួម​បង្កើត​គណបក្ស​«​ហ្វ៊ុន​ស៊ិនប៉ិច​៨១»​តា​ន​សំណូមពរ​របស់​សម្តេច​ក្រុមព្រះ​ទេ​។​

​លោក​ញ៉ឹក ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​អះអាង​ថា​លោក​មិន​គាំទ្រ​ការវិល​ចូល​ឆាកនយោបាយ​វិញ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណប្ញ​ទ្ធិ​ទេ ហើយ​ក៏​គ្មាន​ជំនឿ​លើ​សមត្ថភាព​បង្រួបបង្រួម​អ្នករាជានិយម​របស់​ព្រះអង្គ​ដែរ​។​

​សម្រាប់​លោក​ញ៉ឹក ប៊ុនឆៃ ការបង្កើត​គណបក្ស​«​ហ្វ៊ុន​ស៊ិនប៉ិច​៨១»​តាម​សំណើរ​របស់​សម្តេច​ក្រុមព្រះ​មិន​ខុស​អ្វី​ពី​ការកាប់​ឈើ​ដើម្បី​ចាប់ផ្តើម​សង់ផ្ទះ​ថ្មី​ទាំង​ស្រុង​នោះឡើយ​។ ទាំងនេះ​ជា​ហេតុផល​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ក្រុម​លោក​ញ៉ឹក ប៊ុនឆៃ​បដិសេធ​មិន​ព្រម​រួបរួម​ជាមួយ​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ​ក្រោម​ផ្លាក​គណបក្ស​«​ហ្វ៊ុន​ស៊ិនប៉ិច​៨១»​នោះឡើយ​។​

​លោក​ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា​វុន​ស៊ិនប៉ិច​គួរតែ​ផ្តល់​សញ្ញា​ណាមួយ​ដែល​នាំ​ដល់​ការជជែក​គ្នា​អំពី​បញ្ហា​នេះ​។ លោក​អះអាង​ថា សម្តេច​ក្រុមព្រះ​នៅតែ​បន្ត​បេសកកម្ម​បង្រួបបង្រួម​អ្នករាជានិយម​របស់​ព្រះអង្គ​ដដែល ។ 

​បើ​យោង​តាម​លោក​ប៉ែន សង្ហា ប្រសិនបើ​ហ្វ៊ុនស៊ិនប៉ិច​នៅតែ​មិន​ព្រម​បង្រួបបង្រួម​ទេនោះ សម្តេចក្រុមព្រះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការបង្រួបបង្រួម​អ្នករាជានិយម​ឲ្យចូល​រួម​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ​នោះឡើយ​។​

​ព្រះអង្គម្ចាស់​នរោត្តម រណប្ញ​ទ្ធិ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ គណបក្ស​ដែល​មានឈ្មោះ​របស់​ព្រះអង្គ​សារជាថ្មី​កាលពី​ថ្ងៃ​ទី​១១​ធ្នូ​បន្ទាប់ពី​ព្រះអង្គ​ចាកចេញ​ពី​ឆាក​នយោបាយ​រយៈពេល​២​ឆ្នាំ​ដើម្បី​ទទួល​តួនាទី​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​។ ព្រះអង្គ​មាន​បំណង​បង្រួបបង្រួម អ្នករាជានិយម​ប៉ុន្តែ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ក្រុម​លោក​ញ៉ឹក ប៊ុនឆៃ​មិន​ព្រម​តាម​ព្រះអង្គ​ឡើយ​៕