Wednesday, January 19, 2011

គេហទំព័របញ្ជាការរដ្ឋានកងរាជអាវុធហត្ថបង្ហាញ បក្ខពួកក្រុមចាប់ជំរិតកូនលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប

តាមគេហទំព័របញ្ជាការ រដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានឲ្យដឹងថា ការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញបុរសម្នាក់ដែលសង្ស័យថាពាក់ ព័ន្ធនឹងការចាប់ជំរិតកូនលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។ ជនសង្ស័យនោះ មានឈ្មោះ ចក់ ចាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកំលាំងការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃស្នងការស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកំលាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ចុះបង្ក្រាប និង ចាប់ខ្លួននៅវេលាម៉ោង ៥រសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១១ ស្ថិតនៅចំនុចរោងជាងជួសជុលអូប័រ យីហោមិនអោម៉ា តាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមអំណាចសាលក្រមព្រហ្មទណ្ឌ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។
នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានមានប្រសាសន៏ថាការចាប់ខ្លួននេះគឺ អនុវត្តតាមបទបញ្ជារបស់ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកនាយឧត្តមសេនីយ៏ សៅ សុខា ។ លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានបញ្ជាក់ថាក្រុមចាប់ជំរិតនេះ មានបក្ខពួក៦នាក់ បានធ្វើ សកម្មភាពចាប់ជំរិត ជនរងគ្រោះឈ្មោះ មន ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន នៅភូមិសាលាកន្សែង សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០០៩ នៅចំនុចភូមិវត្តបូព៌ ឃុំសាលាកំរើក ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការបង្ក្រាប បក្ខពួកវាបានចំនួន៤នាក់រួមមាន
១-ឈ្មោះ ផាន់ គឹមអាន ហៅ ដា ភេទប្រុស អាយុ ២៦ឆ្នាំ
២-ឈ្មោះ ចក់ ចាន់នឿន ហៅ ជេន ភេទប្រុស អាយុ ២៣ឆ្នាំ
៣-ឈ្មោះ លឿត សុកញ្ញារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ
៤-ឈ្មោះ សំ សាម៉ៃ ភេទស្រី អាយុ ៤០ឆ្នាំ
អ្នកទាំង៤នាក់ នេះត្រូវបានសាលាដំបូងខេត្តសៀមរាបបើកសាវនាការកាត់ទោសឱ្យជាប់ ពន្ធធនាគារ ម្នាក់ៗ១៥ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្ន រីឯជនសង្ស័យឈ្មោះ ចក់ ចាន្នី និង សយ ខ្នា ជាមេក្លោងត្រូវបានសាលាដំបូង ខេត្តសៀមរាប កំណត់ទោសដាក់ពន្ធធនាគារម្មាក់ៗ ១៧ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនបាន និង យកមកឃុំខ្លួនតាម អំណាចសាលក្រម ។

No comments:

Post a Comment