Friday, December 10, 2010

សេចក្តីប្រកាសព័ត៌មានៈ​ ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែ ធ្នូ​ ​ឆ្នាំ២០១០

    ថ្ងៃទី១០ ខែ ធ្នូ​ ឆ្នាំ២០១០ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើក​សម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​ អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១-​សេចក្តី​ព្រាង​ច្បាប់ស្តីពី​ការ​កែតម្រូវ​ច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​ គ្រង​​ឆ្នាំ​ ២០០៩ និង​ឆ្នាំ​២០១០ 
២-​សំណើ​សុំ​បញ្ចូល​​​គម្រោង​វិនិយោគ​ សាង​សង់​រោង​ចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ អនុភាព​​​ ដំឡើង​ ២៧០ មេហ្គាវ៉ាត់​ ជំហាន​ទី​១ នៃ​ ផែនការ​អភិវឌ្ឍន៍​​រោង​ចក្រ អគ្គិសនី​​ដុត​ ធ្យូង​ថ្ម​កម្លាំង​​ ៧០០​ មេហ្កាវ៉ាត់​ នៅខេត្ត​ព្រះ​សីហនុ។​
៣-​​សេចក្តី​ព្រាង​​អនុក្រឹត្យ​ ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារ ​នីតិ​សម្បទា​ អ្នក​ញៀនគ្រឿង​ញៀន​ ។
-សេចក្តី​ព្រាង​​ផែន​ការ​សកម្មភាព​ជាតិ​ ស្តី​ពី​ជីវសុវត្ថិភាព​ និង​ជីវបច្ចេក​វិទ្យា​ ទំ​នើប​  ២០១០-២០១៤ ។
៥-​បញ្ហា​ផ្សេងៗ ៖​
     ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញ អង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេចៈ
I-សេចក្តី​ព្រាង​ច្បាប់ស្តីពី​ ការ​កែតម្រូវ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​​ឆ្នាំ ​២០០៩ និង​ឆ្នាំ​២០១០ 
ឆ្នាំ​២០១០​នេះ​ជា​ឆ្នាំ​ ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​តាម​ទម្រង់​អក្សរវេ(V) បន្ទាប់​ ពី​ទទួលរង​នូវ​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​បណ្តាល​មក​ពី​វិបត្តិ​កលិយុគ​ហិរញ្ញវត្ថុអន្តរជាតិ​ ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ ពី​ព្យុះ​កេតសាណា​ និង​ពី​ការប្រឈម​ក្នុង​កាតព្វកិច្ច​​​ការពារ​អធិ បតេយ្យភាព​ និង​បូរ​ណភាព​ទឹកដី​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លងមក។​ ប៉ុន្តែការ​ងើប​ ឡើង​វិញ​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ផុយស្រួយ​នៅ​ឡើយ​ ដែល​ទាម​ទា​រ​ឲ្យ​រាជរដ្ឋាភិបាល​ ត្រូវ​បន្ត​អនុវត្ត​​នូវ​នយោបាយ​វិត្ថារ​កម្ម​ចំណាយ​បន្តទៅ​ទៀត ក្នុង​គោលដៅ​ពង្រឹង​ថែម​ទៀត​នូវ​​ មូលដ្ឋាន​​គ្រឹះ​​នៃ​កំណើន​សេដ្ឋកិច្ច​ ក៏ដូច​ជា​ដើម្បី​ជម្រុញ​បង្កើន​ល្បឿន​នៃ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ដើម្បី​ជម្រុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ឈានទៅ​មុខ​នៅ​លើ​​គន្លង​នៃ​កំណើន​ខ្ពស់​ ការ​អភិវឌ្ឍន៍ និង ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រកប​ដោយ​ចីរភាព​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ដើម្បី​អនុវត្ត​នូវ​នយោបាយ ​វិត្ថារកម្ម​នេះ​ ទាម​ទារ​នូវ​ការ​ប្រើប្រាស់​ទុន​វិនិយោគ​យ៉ាង​គំហុក​ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល ​មាន​ការ​ចាំ​បាច់​ក្នុង​ការ​រៀបចំ​ ច្បាប់​កែតម្រូវ​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១០ នេះ​ឡើង ដើម្បី​ឆ្ពោះ​​ទៅ​សម្រេច​ជោគ​ជ័យ​តាម​ទិស​ដៅ​ និង​គោល​ដៅ​ “យុទ្ធសាស្រ្ត​ ចតុកោណ​ដំណាក់​កាល​ទី​២” ក៏​ដូច​​ជា​ “ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ជាតិ​បច្ចុប្បន្នកម្ម​ ២០០៩-២០១៣” ដើម្បី​ជម្រុញ​កំណើន​ បង្កើត​ការងារ​ ធានាសមធម៌​​ និង​ប្រសិទ្ធិភាព ​នៅ​កម្ពុជា​ដែល​ជា "របៀបវារៈ​គោល​នយោបាយ​សង្គម-សេដ្ឋកិច្ច​" នៃ​ “កម្មវិធី នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាលទី​៤ នៃ​រដ្ឋសភា​” ។ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ បង្ក​នូវ​កត្តា​ជា​បុព្វ​បទ​ដ៏សំខាន់​ ដើម្បី​ធានា​បាន​ថា នាវាកម្ពុជា​នៅ​តែ​មាន​ស្ថិរ​ភាព​អាច បន្ត​​ទៅ​មុខ​ទៀត​ប្រកបដោយ​ចីរភាព​លើ​គន្លង​នៃ​​ការ​អភិវឌ្ឍន៍​ ក្នុង​ល្បឿន​នៃ​កំណើន​ សេដ្ឋ​កិច្ច​ខ្ពស់​ឡើង​វិញ​ឆ្ពោះ​ទៅ​ត្រើយ​វឌ្ឍនភាព​ និង​វិបុលភាព​។ 
II-​​សំណើ​សុំ​បញ្ចូល​​​គម្រោង​វិនិយោគ​ សាង​សង់​រោង​ចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​អនុភាព​​​​ ដំឡើង​  ២៧០ មេហ្គាវ៉ាត់​ ជំហាន​ទី​១ នៃ​ផែនការ​អភិវឌ្ឍន៍​​រោង​ចក្រអគ្គិសនី​​ដុត ធ្យូង​ថ្ម​កម្លាំង​​ ៧០០​​ មេហ្កាវ៉ាត់​ នៅខេត្ត​ព្រះ​សីហនុ ៖
ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​បន្ថែម​​ និង​សម្រាប់​សម្របសម្រួល​ស្ថិរភាព​ប្រភព​អគ្គិសនី​ រវាង​រដូវ​វស្សា និង​រដូវ​ប្រាំង​ក្នុង​រយៈពេល​ចាប់​ពីឆ្នាំ ​២០១៥ទៅ ​អង្គប្រជុំ​​ពេញអង្គ​គណៈ រដ្ឋមន្ត្រី​​បាន​អនុម័ត​​ឲ្យ​ក្រុម​ហ៊ុន​ Cambodia International Investment Development Group Co,Ltd​ ធ្វើ​ការ​វិនិយោគ​គម្រោង​​សាង​សង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាពដំឡើង ២៧០ មេហ្គាវ៉ាត់ ដែលជាជំហានទី១ នៃផែនការ​​អភិវឌ្ឍន៍រោងចក្រអគ្គិសនីធ្យូងថ្មកំលាំង ៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ក្នុងតម្លៃ ៣៦២ លានដុល្លារអាមេរិកសម្រាប់រយៈពេលសម្បទាន ៣៣ ឆ្នាំ បន្ទាប់មកនឹងចរចាពិនិត្យការធ្វើអាជីវកម្មឡើងវិញ​ 
III-​​សេចក្តី​ព្រាង​​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជាតិ​ ព្យាបាល​និង​ស្តារ ​នីតិ​ សម្បទា​ អ្នក​ញៀន​គ្រឿង​ញៀន ៖
សេចក្តី​ព្រាង​​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារ​នីតិ​សម្បទា​ អ្នក​ញៀន​គ្រឿង​ញៀន​​ដែល​មាន​ ៨ មាត្រា​នេះ​ ត្រូវ​បាន​រៀប​រៀប​ចំ​ឡើង​ដោយ​ ក្រសួង​ សង្គម​កិច្ច​ អតីតយុទ្ធ​ជន ​និង​យុវនីតិ​សម្បទា​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ សហការ​ជាមួយ​នឹង​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ផ្សេង​​ទៀត​​​។​
មជ្ឈមណ្ឌល​​ជាតិ​ ដែល​ត្រូវ​បង្កើត​ដោយ​​យោង​តាម​អនុក្រឹត្យ​នេះ​ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​ក្រសួង​សង្គមកិច្ច​ អតី​ត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា ដើម្បី​បន្សាប​ ព្យាបាល​ អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាល​​វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​អ្នក​ជា​សះស្បើយ ​ពី​គ្រឿងញៀន​ ចូល​ទៅ​ក្នុង​សហគមន៍​ និង​ក្រុម​គ្រួសារវិញ​ និង​ដើម្បី​រួម​ចំណែក​ក្នុង​ការ ​ថែរក្សា​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​សង្គម​។​ 
IV-សេចក្តី​ព្រាង​​ផែន​ការ​សកម្មភាព​ជាតិ​ ស្តី​ពី​ជីវសុវត្ថិភាព​ និង​ជីវបច្ចេក​វិទ្យា​ទំ​នើប​  ២០១០-២០១៤ ៖
សេចក្តី​ព្រាង “​​ផែន​ការ​សកម្មភាព​ជាតិ​ ស្តី​ពី​ជីវសុវត្ថិភាព​ និង​ជីវបច្ចេក​វិទ្យា​ទំ​នើប”​​ ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន​ ​​ដោយ​ឆ្លើយ​តប​ទៅនឹង​ “​ច្បាប់​ស្តីពី​ជីវសុវត្ថិភាព​” ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជ​ក្រម​លេខ​ នស/រកម/​០២០៨/០០៦ ចុះ​ថ្ងៃទី​ ១៥ ខែ​កុម្ភះ​ ឆ្នាំ​២០០៨ ព្រម​ទាំង​អនុលោម​ទៅ​តាម​ខ្លឹម​សារ​ពិធី​សារ​កាតាហ្សេណា​ ស្តីពី​ជីវ សុវត្ថិភាព​ ដែល​ព្រះ​រាជាណាចក្រកម្ពុជា​​ជា​សមាជិក​នៃ​ពិធី​សារនេះ​។
គោល​បំណង​ចំបង​នៃ​សេចក្តី​ព្រាង​ ផែន​ការ​សកម្មភាព​ជាតិ​ ស្តី​ពី​ជីវសុវត្ថិភាព​ និង​ជីវបច្ចេក​វិទ្យា​ទំ​នើប គឺ​ដើម្បី​អនុវត្ត​ “​ច្បាប់​ស្តីពី​ជីវសុវត្ថិភាព​” ក្នុង​ការ​ពង្រឹង​សមត្ថភាព​ ស្ថាប័ន​ ការអភិវឌ្ឍន៍​ ការ​គ្រប់​គ្រង​ និង​ការ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​នូវ​ជីវ​បច្ចេក​វិទ្យាទំ​នើប​ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដែល​ធានា​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​ផលិត​ផល​សារពាង្គកាយ​ កែច្នៃ​រស់​ក្នុង​ការ​បង្កើន​ផលិត​ភាព​កសិកម្ម​ ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ និង​ កំណើន​សេដ្ឋកិច្ច​ ទន្ទឹម​នឹង​កិច្ច​ការពារ​ជីវៈចម្រុះ​ជាតិ​ ក្នុង​ក្របខ័ណ្ឌ​​បន្សាំ​ទៅ​នឹង​ឥទ្ធិពល​នៃ​ ការ​ប្រែប្រួល​អាកាសធាតុ​ ជម្ងឺរុក្ខជាតិ​ និង​ជម្ងឺសត្វនានា។ សេច​ក្តី​ព្រាង​​ផែន​ការ​សកម្មភាព​ ជាតិ​ ស្តី​ពី​ជីវសុវត្ថិភាព​ និង​ជីវបច្ចេក​វិទ្យា​ ក៏គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​យុទ្ធសាស្រ្ត​នាំអង្ករចេញ របស់​​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃ​ ព្រះរាជាណាចក្រកម្ពុជា​ ដែល​រួម​ចំណែក​បង្កើន​ផលិត​ផល​កសិកម្ម​ សុខ​ភាព​មនុស្ស​ និង​គុណភាព​បរិស្ថាន។​
V-បញ្ហា​ផ្សេងៗ ៖
-​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ និង​កោត​ សរសើរ​ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​ទាំង​អស់​ និង​អាជ្ញាធរ​រាជធានី​ខេត្ត​ ព្រម​ទាំង​​​ប្រជា ពលរដ្ឋ​​​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​​​​កិច្ច​ប្រជុំ​​ស្តី​ពី​គណបក្ស​នយោបាយ​​នៅ​អាស៊ី​ ICAPP នៅ​រាជធានី​ ភ្នំពេញ​បានទទួលជោគជ័យ។ ជាមួយ​គ្នា​នេះ​ដែរ​​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បាន​មាន​ ប្រសាសន៍​​វាយ​តម្លៃ​ខ្ពស់​ កោត​សរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ និង​ព្រះ​សង្ឃ​ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​នូវ​ឧបទ្ទវ ហេតុ​ស្ពាន​ពេជ្រ​ ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​បង្ហាញ​​ពី​​​​ចលនា​សាមគ្គី​ភាព​​រវាង​ប្រជាពលរដ្ឋ​​ ជាមួយ​​រាជរដ្ឋាភិបាល​​​។
- ដោយ​ដកស្រង់​បទពិសោធន៍ល្អ​ ពី​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ការ​រៀបចំ​តបណ្តាញ​អគ្គិសនី​ បាន​រហ័ស​ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​​ បាន​សម្រេច​ឲ្យ​ឯកឧត្តម​ គាត ឈុន ឧបនាយក រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ ដឹក​នាំ​ការ​ប្រជុំ​អន្តរ​ក្រសួង​ជាមួយ​ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល​ អាជ្ញាធរ​អគ្គិសនី​ ដើម្បី​ផ្តល់​អាទិភាព​ឲ្យ​ក្រុម​ហ៊ុនអគ្គិសនី​​កម្ពុជា​ធ្វើ​ការ ​​ដោះស្រាយ ​សំណង​​ដោយ​ផ្ទាល់​ជូន​ប្រជា​ពលរដ្ឋ​ ដើម្បី​ជម្រុញ​ឲ្យ​ការ​សាង​សង់​បណ្តាញ​ តភ្ជាប់​ចរន្ត​អគ្គិសនី​បាន​រហ័ស​ជៀសវាង​ភាព​មាន​បណ្តាញ​តែខ្វះអគ្គិសនី​ ឬ មាន​អគ្គិសនី​ តែ​ខ្វះបណ្តាញ​។​ ជាមួយ​គ្នា​នោះ​ដែរអាជ្ញាធរ​អគ្គិសនី​ និង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​​​ ត្រូវ​ដោះស្រាយ​​ថវិកា​ផ្ទាល់​ដល់​​​មជ្ឈមណ្ឌល​ដោះមីន​ ដើម្បី​​ជួយ​សម្រួល​ឲ្យ​ដំណើរ​ការ​នៃ​ការ ​ដោះមីន​ធ្វើ​​ផ្លូវ​ និង​ការដ្ឋាន​សាង​សង់​វារីអគ្គិសនី​​​ប្រព្រឹត្ត​ទៅ​បាន​​ទាន់ពេល​វេលា​។
 អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង៤៥នាទី ។
រាជធានីភ្នំពេញ ថ្ងៃទី១0  ខែធ្នូ​ ឆ្នាំ២០១០