Wednesday, January 19, 2011

ប្រជាពលរដ្ឋ​ផ្អើល​ទៅ​រើស​រ៉ែ​មាស​នៅ​ភ្នំ​ប្រាសាទ​ព្រះវិហារ តែ​អ្នក​ធ្វើ​ផ្លូវ​ថា​មិនមែន​....!

ព្រះវិហារ​: ប្រជាពលរដ្ឋ​ចាស់​ក្មេង​រាប់សិប​នាក់ បាន​ពពាក់ពពូន​គ្នា​ទៅ​អង្គុយ​ឆ្កិះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​បំបែក​ធ្វើ​ ផ្លូវ​ឡើង​ទៅ​ចំណុច​ប្រាំ​មករា ដោយ​ពួកគាត់​អះអាងថា ជា​រ៉ែ​មាស ប៉ុន្តែ​តំណាង​អ្នក​ធ្វើ​ផ្លូវ​ថា​មិនមែន​ជា​រ៉ែ​មាស​នោះទេ គឺប្រជាពលរដ្ឋ​មាន​ការយល់ច្រឡំ​ដោយ​ខ្លួនឯង​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​កំណាត់​ផ្លូវ​ពី​ក្រោម​ឡើង​ទៅ​ចំណុច​ប្រាំ​មករា បាន​បន្ត​ធ្វើ​ការឈូសឆាយដី​ភ្នំ​ពង្រៀប​ដើម្បី​កសាង​ផ្លូវ​ឡើង​ភ្នំ​។ ហើយ​ក្រុមហ៊ុន​ដែល​កំពុងតែ​ស្ថាបនា​នោះ ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ឈ្មោះ​សៀង​ហៃ ប៉ុន្តែ​ក្រុមហ៊ុន​បានប្រគល់​បន្ត​មក​ឲ្យ​កងវិស្វកម្ម​តេជោ​ហ៊ុនសែន​សៀមរាប​ ធ្វើ​បន្ត​។​

​ប៉ុន្តែ​ថ្ងៃទី​១៨-១៩ ខែ​មករា ឆ្នាំ​២០១១នេះ បែរ​ជា​ប្រជាពលរដ្ឋ ​ជាច្រើន​នាក់​នាំគ្នា​ផ្អើល ​ទៅ​កាយ​ថ្ម ​រក​រ៉ែ​មាស ដែល​អ្នក​ធ្វើ​ផ្លូវ​បាន​ឈូស​ឆាយ​បំបែក​ថ្ម​រួចហើយនោះ​។ អ្វី​ដែល​ពួកគាត់​អះអាង​ថា​រ៉ែ​មាស​នោះ គឺ​ពួកគាត់​ពិនិត្យ​ឃើញ​នៅ​ជាប់​នឹង​ថ្ម​មានដូចជា​ធ្យូង​ពណ៌​ខ្មៅ​រលោង​។ អា​ពណ​ខ្មៅ​នេះ​ ហើយ​ដែល​ពួក​គាត់​គិតថាជា​រ៉ែ​មាស ហើយ​នាំគ្នា​រើស​យក​ទៅ​ទុក​ដើម្បី​យកទៅស្ល​ ​ធ្វើ​មាស​។​

​ករណី​នេះត្រូវបានអ្នក​ធ្វើ​ផ្លូវ​នៅ​ទីនោះបញ្ជាក់ថា មិនមែន​ជា​រ៉ែ​មាស​ឡើយ គឺ​ថ្ម​ធម្មតា​តែប៉ុណ្ណោះ ចំណែក​ពណ៌​ខ្មៅ​ជាប់​នឹង​ថ្ម ក៏​ជា​ថ្ម​ធម្មតា គ្រាន់តែ​ថ្ម​នោះ​មាន​ពណ៌​សលាយ​ខ្មៅ​តែប៉ុណ្ណោះ​ ៕

ដោយ : បាយ័ន​

No comments:

Post a Comment