ព្រំដែនកម្ពុជា-ថៃ: កងទាហានថៃ បានចាប់ផ្តើមធ្វើសមយុទ្ធ មានទាំងការបាញ់គ្រាប់ពិត លាន់ឮដល់ទឹកដីកម្ពុជា ដោយគ្មានការផ្តល់ដំណឹងអ្វី មកភាគីកម្ពុជាឡើយ។ សមយុទ្ធរបស់កងទាហានថៃ បានធ្វើឡើងនៅចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីព្រំដែន ជិតប្រាសាទតាក្របីរបស់កម្ពុជា ក្នុងខេត្តឧត្តរមានជ័យ។
សមយុទ្ធទាហានថៃ បានធ្វើឡើងក្នុងស្រុកភ្នំដុងជាត់ ខេត្តសូរិន្ទ ដែលស្ថិតនៅប្រឈមនឹងភូមិសាស្ត្រទឹកដីកម្ពុជា ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជាមួយសមយុទ្ធ ដែលចាប់ផ្តើមនៅព្រឹកថ្ងៃទី២៧មករានេះ កងទាហានថៃ ក៏បានបង្កើនកម្លាំង នៅច្រកព្រំដែនអូរស្មាច់ និងច្រកព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។
ដោយឡែកនៅឯព្រំដែនខេត្តបន្ទាយមានជ័យឯណោះវិញ នៅព្រឹកនេះ គណៈប្រតិភូក្រសួងការបរទេស និងគណៈកម្មការព្រំដែនថៃ បានធ្វើដំណើរចុះពិនិត្យមើលបង្គោលព្រំដែនលេខ ៤៣ នៅភូមិព្រៃចាន់ និងបង្គោលព្រំដែនលេខ ៤៦ នៅភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕
ដោយ : លី ទីដែន
No comments:
Post a Comment